ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ។ ការប្រកាសនេះធ្វើឡើងចំពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាម៉េរិកកំពុងប្រព្រឹត្តទៅ។
យោងតាមអត្ថបទដែលសារព័ត៌មាន RT បានដកស្រង់ផ្សាយ លោក Trump បានបញ្ជាក់ថា លោកបានព្រមព្រៀងជាមុនជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លើការសម្រេចចិត្តនេះរួចហើយ។ លោក Trump បានអះអាងថា គំនិតផ្តួចផ្តើមក្នុងការបញ្ឈប់ជំនួយនេះ គឺចេញពីលោក Netanyahu ផ្ទាល់។
លោក Trump បានលើកឡើងថា អ៊ីស្រាអែលបានទទួលភាពរីកចម្រើន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការម្ចាស់ការលើខ្លួនឯង ដូច្នេះប្រទេសនេះលែងមានតម្រូវការទទួលជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិកទៀតហើយ។
ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងជំនួយយោធាដែលមានស្រាប់ កញ្ចប់ថវិកាប្រចាំឆ្នាំរាប់ពាន់លានដុល្លារនេះ ត្រូវបានកំណត់ឱ្យប្រើប្រាស់សម្រាប់ទិញអាវុធដែលផលិតនៅសហរដ្ឋអាម៉េរិកទាំងស្រុង។ តាមផែនការដើម កិច្ចព្រមព្រៀងនេះត្រូវផុតកំណត់នៅឆ្នាំ ២០២៨។
ទោះបីជាសហរដ្ឋអាម៉េរិកគ្រោងបញ្ឈប់ការផ្តល់ជំនួយយោធាប្រចាំឆ្នាំក៏ដោយ លោក Trump បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែត្រៀមខ្លួនជួយដល់រដ្ឋាភិបាលអ៊ីស្រាអែល ប្រសិនបើប្រទេសនេះប្រឈមមុខនឹងស្ថានការណ៍អាសន្នផ្នែកសន្តិសុខណាមួយនាពេលអនាគត។
ការប្រកាសនេះធ្វើឡើងក្នុងបរិបទដែលការគាំទ្ររបស់សាធារណជនអាម៉េរិកចំពោះជំនួយបរទេសកំពុងធ្លាក់ចុះ និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកំពុងមានការប្រកួតប្រជែងខ្លាំង។ លោក Trump បានទទួលស្គាល់ថា រដ្ឋបាលរបស់លោកចង់កាត់បន្ថយបញ្ហាប្រឈមផ្នែកនយោបាយ ដោយសារគូប្រជែងតែងតែយកប្រធានបទជំនួយយោធាទៅឱ្យអ៊ីស្រាអែលមកធ្វើជាចំណុចវាយប្រហារលើរដ្ឋបាលរបស់លោក និងចោទប្រកាន់ថា ជាគោលនយោបាយការបរទេសមិនយុត្តិធម៌។
ការសម្រេចចិត្តនេះបង្ហាញពីការការផ្លាស់ប្ដូរដ៏សំខាន់មួយចំពោះគោលនយោបាយជំនួយយោធារបស់សហរដ្ឋអាម៉េរិកចំពោះអ៊ីស្រាអែល ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបញ្ជាក់ពីការត្រៀមខ្លួនជួយដល់សន្តិសុខរបស់ប្រទេសសម្ព័ន្ធមិត្តមួយនេះក្នុងករណីមានអាសន្ន៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content