បរទេស៖ ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ។
តួលេខនេះត្រូវបានដកស្រង់ចេញពី Entrepreneur.com ខណៈការវិនិយោគដ៏ធំសម្បើមនេះកំពុងបង្កើនការពិភាក្សាថា តើពពុះផុយស្រួយ AI អាចផ្ទុះក្លាយជាវិបត្តិដូចពពុះផុយស្រួយ Dot-com កាលពីចុងទសវត្សរ៍ ១៩៩០ និងដើមទសវត្សរ៍ ២០០០ ឬយ៉ាងណា។
ទោះបីជាតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឧបករណ៍ Hardware ឈានមុខ ដូចជា Nvidia បានកើនឡើងលើស ៥ ទ្រីលានដុល្លារក៏ដោយ ក្រុមអ្នកវិនិយោគ ស្ថាប័ន និងធនាគារកណ្តាលនានាបានព្រមានថា ការវាយតម្លៃតម្លៃភាគហ៊ុន និងប្រាក់ចំណេញពិតប្រាកដរបស់អាជីវកម្មក្នុងយុគសម័យបច្ចេកវិទ្យា AI មិនដូចគ្នាឡើយ។
បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាតែ ៥ ប៉ុណ្ណោះបានក្តោបក្តាប់រហូតដល់ ៣០ ភាគរយ នៃសន្ទស្សន៍ S&P 500។ ស្ថានភាពនេះកំពុងបង្កើនហានិភ័យដល់ដំណើរការហិរញ្ញវត្ថុជាប្រព័ន្ធ និងអាចឈានទៅដល់កម្រិតមួយមិនធ្លាប់មានចាប់តាំងពីសម័យវិបត្តិពពុះផុយស្រួយ Dot-com អំឡុងឆ្នាំ ១៩៩៩ និង ២០០០។
មូលហេតុចម្បងដែលនាំឱ្យមានក្តីបារម្ភអំពីពពុះផុយស្រួយក្នុងវិស័យហិរញ្ញវត្ថុក្នុងយុគសម័យ AI គឺរចនាសម្ព័ន្ធវិនិយោគបែបវិលជុំ និងគម្លាតយ៉ាងខ្លាំងរវាងប្រាក់ចំណាយ ឬការវិនិយោគ និងប្រាក់ចំណូលពិតប្រាកដ។
អត្ថបទមួយរបស់ The Guardian បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗ ដូចជា OpenAI បានប្តេជ្ញាចំណាយថវិកា ១,៤ ទ្រីលានដុល្លារ ក្នុងរយៈពេល ៨ ឆ្នាំ លើហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ឬ Data Center។ ប៉ុន្តែការបង្កើតចំណូលប្រចាំឆ្នាំមានត្រឹមប្រមាណ ១៣ ពាន់លានដុល្លារប៉ុណ្ណោះ ហើយថែមទាំងត្រូវបានព្យាករណ៍ថា អាចខាតបង់ក្នុងប្រតិបត្តិការរហូតដល់ ៧៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។
ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ និងវេបសាយធំៗបានចាក់បញ្ចូលទុនទៅឱ្យក្រុមហ៊ុន AI ដែលទើបបង្កើតថ្មី ហើយក្រុមហ៊ុនទាំងនោះក៏បានយកថវិកានោះទៅទិញបន្ទះឈីប និងជួលហេដ្ឋារចនាសម្ព័ន្ធ Cloud ពីក្រុមហ៊ុនវិនិយោគដើមវិញភ្លាមៗ។
អ្នកវិភាគមើលឃើញថា កិច្ចព្រមព្រៀងវិនិយោគវិលជុំទាំងនេះអាចធ្វើឱ្យលេខចំណូលសរុបកើនឡើងជាតួលេខសិប្បនិម្មិត ដោយមិនបានឆ្លុះបញ្ចាំងពីការទទួលយក និងការប្រើប្រាស់ពិតប្រាកដពីអតិថិជនចុងក្រោយនោះទេ។
ការចំណាយយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធ AI កំពុងបង្កើនហានិភ័យក្នុងវិស័យនេះបន្ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានចំណាយរហូតដល់ ៦៥០ ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យ AI គិតតែក្នុងឆ្នាំ ២០២៦ ប៉ុណ្ណោះ។ ប្រមាណពាក់កណ្តាលនៃថវិកានេះត្រូវបានប្រមូលតាមរយៈកម្ចីឯកជន និងប័ណ្ណបំណុលសាជីវកម្ម។
ចំពោះបញ្ហានេះ អ្នកវិភាគនៅ MacroStrategy Partnership បានប៉ាន់ប្រមាណ និងព្រមានថា ការពង្រីកខ្លួនរបស់វិស័យ AI ដ៏ហួសហេតុនេះអាចបង្កបញ្ហាដែលមានទំហំធំជាងវិបត្តិ Dot-com រហូតដល់ ១៧ ដង។
ទោះជាយ៉ាងណា ស្ថាប័នហិរញ្ញវត្ថុដូចជា Goldman Sachs បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យានាពេលបច្ចុប្បន្នមានកម្រិតប្រាក់ចំណេញ និងលំហូរសាច់ប្រាក់រឹងមាំជាងកាលពីសម័យវិបត្តិមុនៗ។
Goldman Sachs ក៏បានបញ្ជាក់ថា ស្ថិរភាពរយៈពេលវែងនៃទីផ្សារនេះនៅតែអាស្រ័យលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំប្លែងការចំណាយលើការគណនា ឱ្យទៅជាចំណូលពាណិជ្ជកម្មពិតប្រាកដ និងអាចបង្កើតកម្រិតប្រាក់ចំណេញខ្ពស់នៅពេលខាងមុខ។
គួររំឭកថា វិបត្តិពពុះផុយស្រួយ Dot-com គឺជាចំណុចកំពូលនៃទីផ្សារភាគហ៊ុនជាប្រវត្តិសាស្ត្រ ដែលកើតឡើងនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០២។ ការរំពឹងទុក និងមោទនភាពខ្លាំងពេកទៅលើបច្ចេកវិទ្យាអ៊ីនធឺណិតជាលើកដំបូង បានជំរុញឱ្យវិនិយោគិនចាក់បញ្ចូលទុនយ៉ាងច្រើនទៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដែលមិនទាន់ទទួលបានផលចំណេញ។
ទីផ្សារបានហក់ឡើងក្នុងអត្រាកំណើនដល់ទៅ ៦០០ ភាគរយ មុនពេលឡើងដល់កំពូលនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០០០ បន្ទាប់មកបានធ្លាក់ចុះវិញដល់ ៧៨ ភាគរយ។ ហេតុការណ៍នេះបានធ្វើឱ្យមានការខាតបង់ទឹកប្រាក់ច្រើនទ្រីលានដុល្លារ។
សម្រាប់វិស័យ AI នាពេលបច្ចុប្បន្ន ការវិនិយោគរាប់ទ្រីលានដុល្លារ ការចំណាយដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធ និងគម្លាតរវាងការចំណាយនិងប្រាក់ចំណូល បានធ្វើឱ្យក្តីបារម្ភអំពីកំណើនពពុះផុយស្រួយផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងឡើង។ ទោះជាយ៉ាងណា ស្ថិរភាពរយៈពេលវែងនៃទីផ្សារនឹងអាស្រ័យលើសមត្ថភាពរបស់ក្រុមហ៊ុន AI ក្នុងការបំប្លែងការវិនិយោគដ៏ធំសម្បើមនេះទៅជាចំណូល និងប្រាក់ចំណេញពិតប្រាកដ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content