ដង្កូវនាងអ៊ីរី ជាប្រភេទដង្កូវនាងពូជព្រៃដែលមានភាពងាយស្រួលក្នុងការចិញ្ចឹម មិនពិបាកក្នុងការឱ្យចំណី ហើយក៏មិនត្រូវការជំនាញខ្ពស់ក្នុងការចិញ្ចឹមអ្វីនោះដែរ ហើយថែមទាំងមានអត្ថប្រយោជន៍ច្រើនទៀតផង។
សូត្រដែលទទួលបានពីដង្កូវប្រភេទនេះ គេអាចយកទៅធ្វើជាក្រណាត់ គ្រឿសម្អាង និងវត្ថុតាំងលម្អផ្សេងៗ ហើយដឹកដឿរបស់ដង្កូវនាងអ៊ីរី គេក៏អាចទទួលទានបាន ឬធ្វើជាចំណីសត្វដ៏មានប្រូតេអ៊ីនខ្ពស់ថែមទៀតផង។
ពាក់ព័ន្ធនឹងការចិញ្ចឹមដង្កូវនាងប្រភេទនេះ ត្បិតវាជាសត្វងាយស្រួលចិញ្ចឹម និងងាយស្រួលឱ្យចំណី ដោយសារតែវាស៊ីតែស្លឹករុក្ខជាតិដូចជា ល្ហុងប្រេង និងដំឡូងមីជាដើម ហើយសីតុណ្ហភាពដែលល្អប្រសើរសម្រាប់ដង្កូវនាងនេះគឺចន្លោះពី ២៦-២៨អង្សាសេ មានសំណើម ៧៥-៩០ភាគរយ ប៉ុន្តែវាក៏អាចរស់បានដែរនៅសីតុណ្ហភាព និងសំណើមទាបជាងនេះ។
នៅពេលដង្កូវនាងធំ ឡើងរុំសំបុកមានរយៈពេល ១៣-១៥ថ្ងៃ ប៉ុន្តែនៅពេលមានសីតុណ្ហភាពទាប ការលូតលាស់របស់វាអាចមានរយៈពេលយូរបន្តិច។ ដង្កូវនាងអ៊ីរី ត្រូវការចិញ្ខឹមនៅក្នុងផ្ទះដែលមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ប៉ុន្តែមិនត្រូវឱ្យមានពន្លឺចាំងមកផ្ទាល់ទេ។ កន្លែងចិញ្ចឹមត្រូវតែស្អាត មានអនាម័យល្អ ហើយត្រូវនៅឱ្យឆ្ងាយពីសារធាតុគីមី និងផ្សែងពុល។
និយាយជារួមមក ការចិញ្ចឹមដង្កូវនាងអ៊ីរី មានលក្ខណៈសាមញ្ញ ដែលមិនទាមទារនូវអ្នកមានបច្ចេកទេស ឬមានជំនាញខ្ពស់ពេកនោះទេ ហើយដើម្បីទទួលបានជោគជ័យក្នុងការចិញ្ចឹម អ្នកចិញ្ចឹមគ្រាន់តែមានចំណីគ្រប់គ្រាន់ មានការថែទាំ រក្សាសំណើម ពន្លឺ និងមានខ្យល់ចេញចូលឱ្យបានសមស្របតែប៉ុណ្ណោះ៕