បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។
នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។
ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។
ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ វិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរដែលស្តែងឡើងតាមរយៈតម្លៃជួលផ្ទះកើនឡើងយ៉ាងគំហុក ព្រមទាំងមានករណីបណ្តេញចេញពីផ្ទះសម្បែងដែលជារូបភាពអាក្រក់បំផុត បានធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់នាំគ្នាប្រមូលផ្តុំនៅតាមដងផ្លូវដើម្បីតវ៉ា ខណៈដែលតំបន់ព្រំដែនប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងជាមួយនឹងវិស័យសេវាសាធារណៈ។
ជំនួសឱ្យការទទួលបានកិច្ចសង្គ្រោះផ្នែកផ្ទះសម្បែង ឬការគាំទ្រផ្នែកសេដ្ឋកិច្ច ប្រជាពលរដ្ឋបែរជាឃើញការយកចិត្តទុកដាក់របស់ជាតិត្រូវបង្វែរទៅរកយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយទៅវិញ។ នៅប្រទេសបារាំង បុគ្គលិកវិស័យសាធារណៈ គ្រូបង្រៀន និងសិស្សនិស្សិត កំពុងតវ៉ាប្រឆាំងនឹងកញ្ចប់ថវិកាសំចៃជាច្រើនពាន់លានអឺរ៉ូ ដោយចង្អុលបង្ហាញថា សេវាថែទាំសុខភាព និងការអប់រំដ៏សំខាន់ត្រូវបានកាត់បន្ថយថវិកា ខណៈដែលចំណាយលើការការពារជាតិនៅតែបន្តកើនឡើង។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនឧស្សាហកម្មប្រពៃណីខ្នាតធំរបស់អាល្លឺម៉ង់ កំពុងបញ្ឈប់កម្មកររាប់ម៉ឺននាក់ដោយសារតែតម្លៃថាមពល ប៉ុន្តែគេបែរជាមើលឃើញវិស័យការពារជាតិកំពុងរីកចម្រើនលើថវិកាយោធាខ្ពស់បំផុតមិនធ្លាប់មាន ហើយអ្នកនយោបាយកំពុងរុញច្រានរដ្ឋាភិបាលឱ្យបង្កើនចំនួនកងទ័ព ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងគំហុកនៃបញ្ហាកង្វះខាត់ទំនុកចិត្តពីសំណាក់ពលរដ្ឋ។
យ៉ាងណាក៏ដោយ បើទោះបីជាមានការខឹងសម្បារពីប្រជាពលរដ្ឋក្នុងស្រុកកាន់តែខ្លាំង និងការអំពាវនាវឱ្យដោះស្រាយបញ្ហាជាបន្ទាន់នៅក្នុងប្រទេសក្ដី ក៏ថ្នាក់ដឹកនាំអឺរ៉ុបនៅតែបន្តប្រកាន់ខ្ជាប់យ៉ាងរឹងមាំលើផែនការ និងបង្កើនខ្ទង់ចំណាយសម្រាប់វិស័យការពារ និងសន្តិសុខជាតិដដែល។
សូមបញ្ជាក់ថា ៖ រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំងនោះ បានតម្រូវឱ្យប្រជាពលរដ្ឋបង្ខំចិត្តទទួលយកកម្រិតជីវភាពទាបជាងមុន និងការកាត់បន្ថយសេវាសង្គម ដើម្បីយកថវិកាទៅទ្រទ្រង់កម្លាំងយោធា ដែលប្រឈមនឹងការបាត់បង់ទំនុកចិត្តពីពលរដ្ឋ ធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុងកាន់តែជ្រៅនៅទូទាំងទ្វីប៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content