មណ្ឌលគិរី៖ ការអនុវត្តបច្ចេកទេសដាំដុះវិលជុំ និងការសិក្សាតម្រូវការទីផ្សារជាមុន បានជួយឱ្យចម្ការល្ហុងពូជទឹកឃ្មុំទំហំ ៥ ហិកតា របស់លោកស្រី មុយ វល័ក្ខ នៅខេត្តមណ្ឌលគិរី អាចរក្សាការផ្គត់ផ្គង់បានជាប្រចាំប្រមាណ ២ តោនក្នុងមួយថ្ងៃ ដោយមិនប្រឈមនឹងបញ្ហាផលិតផលសល់ច្រើន ឬស្ទះទីផ្សារ។
អាជីវកម្មកសិកម្មនេះក៏អាចបង្កើតចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ តាមរយៈការផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
ចម្ការល្ហុងពូជទឹកឃ្មុំរបស់លោកស្រី មុយ វល័ក្ខ មានដើមល្ហុងសរុបប្រមាណ ៦ ០០០ ដើម ដែលត្រូវបានរៀបចំការដាំដុះជាដំណាក់កាលៗ ដើម្បីឱ្យដំណាំអាចប្រមូលផលបានជាបន្តបន្ទាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រចាំថ្ងៃ។
តាមរយៈការរៀបចំផែនការផលិតកម្មបែបនេះ ចម្ការអាចផ្គត់ផ្គង់ល្ហុងប្រមាណ ២ តោនក្នុងមួយថ្ងៃ ទៅកាន់អតិថិជនដែលបញ្ជាទិញយកទៅចែកចាយតាមទីផ្សារខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ រួមទាំងតាមសាខាចំនួន ៥ នៅក្បែរផ្សារអូឡាំពិក។
អ្នកស្រី មុយ វល័ក្ខ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ការដាំល្ហុងពូជទឹកឃ្មុំត្រូវបានរៀបចំជាលក្ខណៈវិលជុំ ដើម្បីធានាថាមានផលិតផលសម្រាប់ផ្គត់ផ្គង់អ្នកបញ្ជាទិញ និងអ្នកយកទៅលក់បន្តនៅតាមបណ្តាផ្សារ ខេត្ត និងរាជធានីភ្នំពេញជាប្រចាំ។
អ្នកស្រីបានបញ្ជាក់ថា ការសិក្សាទីផ្សារជាមុន គឺជាកត្តាសំខាន់ក្នុងការកំណត់បរិមាណផលិតកម្ម ដោយមិនដាំដុះក្នុងពេលតែមួយច្រើនហួសតម្រូវការ។ ដោយមើលឃើញថាមានកសិករដាំល្ហុងច្រើន អ្នកស្រីបានសម្រេចបែងចែកការដាំដុះជាដំណាក់កាល ដើម្បីជៀសវាងការប្រមូលផលច្រើនក្នុងពេលតែមួយ ដែលអាចបង្កឱ្យមានការលើសផលនៅលើទីផ្សារ។
អ្នកស្រីបានលើកឡើងថា៖ «ល្ហុងពូជទឹកឃ្មុំដែលកំពុងប្រមូលផលនេះ គឺអ្នកស្រីបានសិក្សាទីផ្សារដោយមិនបានដាំឱ្យចាល់ទីផ្សារនោះទេ ព្រោះឃើញមានគេដាំច្រើន ទើបកាត់បន្ថយជាការដាំវិលជុំ ហើយក៏លក់មិនដែលសល់ ព្រោះមានការបញ្ជាទិញជាប្រចាំពីបណ្តាខេត្តក្រុង»។
ចំពោះតម្លៃលក់ អ្នកស្រីបានឱ្យដឹងថា ល្ហុងពូជទឹកឃ្មុំមានតម្លៃលក់រាយ ៨ ០០០ រៀលក្នុងមួយគីឡូក្រាម ខណៈការទិញចាប់ពី ១០ គីឡូក្រាមឡើងទៅ មានតម្លៃ ៥០ ០០០ រៀល ដែលជាតម្លៃលក់ដុំ។ នៅរដូវភ្លៀង ប្រសិនបើតម្រូវការទីផ្សារនៅតែមាន អ្នកស្រីអាចលក់ល្ហុងបានក្នុងតម្លៃរហូតដល់ ៣ ដុល្លារអាម៉េរិក ឬស្មើនឹង ១២ ០០០ រៀលក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា ការដាំដុះល្ហុងក៏ប្រឈមនឹងហានិភ័យអាកាសធាតុ ជាពិសេសភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ដែលអាចធ្វើឱ្យទិន្នផលថយចុះប្រមាណ ៣០ ភាគរយ។ បញ្ហានេះតម្រូវឱ្យម្ចាស់ចម្ការយកចិត្តទុកដាក់លើបច្ចេកទេសការពារ និងថែទាំដំណាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុ។
បើតាមអ្នកស្រី មូលហេតុដែលធ្វើឱ្យល្ហុងពូជទឹកឃ្មុំពីចម្ការរបស់អ្នកស្រីទទួលបានការគាំទ្រពីអ្នកទិញ គឺដោយសាររសជាតិឆ្ងាញ់ប្លែក និងការអះអាងថាជាផលិតផលគ្មានសារធាតុគីមី និងមានសុវត្ថិភាព ១០០ ភាគរយ។ ល្ហុងនេះមិនត្រឹមតែត្រូវបានទិញសម្រាប់ប្រើប្រាស់ក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបញ្ជាទិញសម្រាប់យកទៅធ្វើជាបង្អែមស្រស់ផងដែរ។
ក្រៅពីការបង្កើតចំណូលដល់ម្ចាស់ចម្ការ ការដាំដុះល្ហុងពូជទឹកឃ្មុំក៏ជាគំរូមួយនៃការធ្វើអាជីវកម្មកសិកម្ម ដែលផ្តោតលើការសិក្សាទីផ្សារ ការរៀបចំផែនការផលិតកម្ម និងការរក្សាគុណភាពផលិតផល។ បទពិសោធន៍នេះអាចជាមេរៀនសម្រាប់កសិករដទៃទៀតក្នុងការរៀបចំការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយហានិភ័យនៃការលក់ផលិតផលមិនអស់។
ជាមួយនឹងការរក្សាគុណភាព និងរសជាតិពិសេស ល្ហុងពូជទឹកឃ្មុំក៏អាចជួយលើកកម្ពស់ភាពទាក់ទាញនៃផលិតផលកសិកម្មខេត្តមណ្ឌលគិរី និងបង្កើតឱកាសសម្រាប់ការផ្សារភ្ជាប់ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងស្រុក ព្រមទាំងជួយគាំទ្រដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋានក្នុងរយៈពេលវែង៕







វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content