ភ្នំពេញ ៖ កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប» ដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ដើម្បីបង្កើតតម្លៃបន្ថែម និងផ្ដល់ផលចំណេញសេដ្ឋកិច្ចដល់កសិករ។

ក្នុងគោលដៅនេះ ក្រសួងកសិកម្ម បានបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទាន ដើម្បីលើកស្ទួយផលិតកម្ម ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) និងពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ការសម្រេចបាននូវការនាំកសិផលកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតក្នុងពិភពលោក គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។
ក្នុងវេទិកាខាងលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ វិនិយោគិននិងធុរជនទាំងអស់ក្នុងការបន្តគាំទ្រ និងធ្វើការវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលកសិកម្មឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រំពឹងថាតាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកឱកាសសម្រាប់ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសគ្រាប់ស្វាយចន្ទី តែម្ដង ខណៈការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នាពេលកន្លងមក ចំនួនតិចតួច ប៉ុណ្ណោះ។
លោកថា ៖«នៅអឺរ៉ុប គ្រាប់ស្វាយចន្ទីរបស់យើងពិបាកប្រកួតប្រជែងមែនទែន។ សង្ឃឹមថាជំនួបប្រជុំហ្វ្រង់កូហ្វូនី និងការតាំងពិព័រណ៍នេះនឹងអាចបញ្ជ្រាបគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសនានា ពិសេសទីផ្សារអឺរ៉ុប»។
ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បង្ហាញក្ដីរំពឹងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី មិនត្រឹមជាឱកាសជំរុញការនាំចេញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុណ្ណោះទេ ក៏ជាឱកាសជំរុញការផ្សព្វផ្សាយនូវផលិតផលកសិកម្មកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ផងដែរ។

លោកបញ្ជាក់ថា ៖«នេះជាសញ្ញាមួយដ៏ល្អនៅក្នុងបរិបទនាពេលបច្ចុប្បន្នដែលយើងអាចប្រើប្រាស់ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅកាន់ពិភពលោក ពិសេសទៅកាន់ទីផ្សារអឺរ៉ុប»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ២០២៦ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហភាពអឺរ៉ុប(EU)សម្រេចបាន៥ពាន់លានដុល្លារ កើនឡើង ១៤,១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបបាន ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៤,២០ភាគរយ ចំណែកអឺរ៉ុបនាំចូលមកវិញបាន ៧៤៥ លានដុល្លារ កើន ១៣,៨៤ភាគរយ៕ ដោយ៖ ខន ណារី





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content