ភ្នំពេញ ៖ កម្ពុជា ជាប្រទេសដែលល្បីល្បាញមួយលើពិភពលោកលើការដាំដុះដំណាំម្រេចដែលមានគុណភាពខ្ពស់ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនមិននិយមទទួលទានម្រេច ដូច្នេះហើយម្រេចដែលកសិករកម្ពុជាផលិតបាន ប្រមាណ៩០ភាគរយ ត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
យោងតាមលោកស្រី សួន ជុឡា នាយិកាប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន AMS ឱ្យដឹងថា បច្ចុប្បន្ននេះ ម្រេចដែលកសិករកម្ពុជាបានដាំដុះ និងប្រមូលផលប្រមាណ៩០ភាគរយនៃទិន្នផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រោះម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាម្រេចដែលមានគុណភាពខ្ពស់ធៀបនឹងបណ្ដាប្រទេសផលិតម្រេចផ្សេងៗទៀតនៅលើពិភពលោក ។

លោកស្រីបន្តថា ដោយសារគុណភាពម្រេចរបស់កម្ពុជាល្អជាងបណ្ដាប្រទេសផ្សេងទៀត ធ្វើឱ្យតម្រូវការម្រេចកម្ពុជានៅលើទីផ្សារអន្តរជាតិកាន់តែកើនឡើង ហើយកសិករកម្ពុជា ក៏បានបង្កើនការដាំដុះម្រេចជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការទីផ្សារអន្តរជាតិ ។ បន្ថែមពីនេះ កសិករកម្ពុជាមួយចំនួនបានយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រ និងរបៀបដាំដុះថែទាំ ដើម្បីបង្កើនគុណភាពម្រេច ។ ប៉ុន្តែក៏មានកសិករថ្មីៗមួយចំនួនទៀត មិនទាន់យល់ច្បាស់ពីវិធីសាស្ត្រដាំដុះ ថែទាំម្រេចបានល្អនៅឡើយ ។
លោកស្រីបន្តទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលពីបច្ចេកទេសក្នុងការដាំដុះ និងថែទាំម្រេចឱ្យទទួលបានទិន្នផលខ្ពស់ គុណភាពល្អ និងមានសុវត្ថិភាពសម្រាប់ផលិត និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

លោកស្រីបន្ថែមថា ក្នុងពេលដែលតម្រូវការទីផ្សារម្រេចកម្ពុជាលើឆាកអន្តរជាតិកាន់តែកើនឡើងខ្ពស់ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជំរុញឱ្យសមាជិក ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងវិស័យនេះកែច្នៃ ផលិតផលម្រេចទៅជាផលិតផលសម្រេចផ្សេងទៀតក្រៅពីការនាំចេញគ្រាប់ម្រេចតែមួយមុខ ក្នុងនោះ មានដូចជា ការ៉េមម្រេច កាហ្វេរសជាតិម្រេច និងផលិតផលផ្សេងៗមួយចំនួនទៀត ។
បើតាមនាយិកាប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ ម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមមាន សហភាពអឺរ៉ុប ជប៉ុន កូរ៉េ ជាដើម ហើយតាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធរំពឹងថា ផលិតផលម្រេចកម្ពុជានឹងពង្រីកទីផ្សារបានកាន់តែច្រើនថែមទៀត ។

បើតាមលោកកាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានថ្លែងថា ម្រេចកំពតត្រូវបានទទួលស្គាល់ជាម្រេចមានគុណភាពជាងគេរបស់កម្ពុជា ព្រមទាំងបានចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ ធ្វើឱ្យផលិតផលមួយនេះមានភាពល្បីល្បាញលើឆាកអន្តរជាតិ ។ ដោយសារតែផលិតផលម្រេចកំពតមានភាពល្បីល្បាញ មានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានដូចជា អឺរ៉ុប និងអាស៊ី បានបញ្ជាទិញម្រេចកំពតកាន់តែច្រើន ធ្វើឱ្យកសិករដាំដុះម្រេចកំពតពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ។
លោកបន្តថា ដោយសារតែម្រេចកំពតមានទីផ្សារនៅលើឆាកអន្តរជាតិ និងមានតម្លៃខ្ពស់ផងនោះ ធ្វើឱ្យកសិករនៅក្នុងខេត្តកំពតនិងកែប ទាំងអ្នកចាស់ និងអ្នកថ្មី បានពង្រីកការដាំដុះជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២៦នេះ ផ្ទៃដីដាំដុះម្រេចដែលបានចុះបញ្ជីក្នុងសមាគម មានចំនួន ២០៤ហិកតា ឬស្មើនឹង ៥១០ ៥១៥ ជន្លង់ ក្នុងនោះម្រេចដែលអាចប្រមូលផលបានចំនួន ៣៥៨ ៦៧៩ ជន្លង់ ដោយរំពឹងថានឹងទទួលបានទិន្នផលប្រមាណ ១២០តោនក្នុងឆ្នាំ២០២៦នេះ ។

បើតាមលោក ស៊ីណុច ក្នុងឆ្នាំ២០២៦នេះ តម្លៃម្រេចកំពតដែលលក់ឱ្យទៅក្រុមហ៊ុនប្រមូលទិញ គឺម្រេចខ្មៅមានតម្លៃ ២០ដុល្លារក្នុងមួយគីឡូក្រាម ម្រេចក្រហម ៣០ដុល្លារក្នុងមួយគីឡូក្រាម និងម្រេចស មានតម្លៃ ៣២ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាម ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច កម្ពុជាឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះ លោកជំទាវចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ម្រេចកំពតរបស់កម្ពុជា ត្រូវបានចុងភៅលំដាប់កំពូលៗលើពិភពលោកជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីត។ ជាមួយគ្នានេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ ផលិតផលកសិផល រួមទាំងម្រេចរបស់កម្ពុជាផងដែរ កំពុងបង្ហាញវត្តមាននៅលើទីផ្សារជាច្រើនលើឆាកអន្តរជាតិជាង ២៣ ០០០ទីតាំង ជាមួយនឹងការទទួលស្គាល់ពីគុណភាព និងរសជាតិផលិតផលរបស់កម្ពុជា ៕






វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content