ភ្នំពេញ៖ ការពង្រីកការកែច្នៃក្នុងស្រុក និងការអនុវត្តកិច្ចសន្យាកសិកម្ម កំពុងត្រូវបានជំរុញជាយុទ្ធសាស្ត្រសំខាន់ ដើម្បីដោះស្រាយបញ្ហាផលិតកម្មស្វាយលើសតម្រូវការ ការធ្លាក់ថ្លៃនៅរដូវប្រមូលផល និងការខាតបង់របស់កសិករ ព្រមទាំងបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។
លោក ហេង ពៅ ប្រធានបច្ចេកវិទ្យានវានុវត្តន៍នៃសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ថា ទិន្នផលស្វាយទូទាំងប្រទេសមានប្រមាណ ២,២លានតោន លើផ្ទៃដីដាំដុះប្រហែល ១៥ម៉ឺនហិកតា ខណៈផលិតកម្មស្វាយត្រូវបានអ្នកជំនាញ និងមន្ត្រីពាក់ព័ន្ធលើកឡើងថា មានបរិមាណលើសតម្រូវការក្នុងស្រុកប្រមាណ ១០ដង។
លោកបានបញ្ជាក់ថា ស្វាយមានលក្ខណៈខុសពីដំណាំមួយចំនួន ដោយផ្លែដែលជ្រុះដល់ដីអាចខូចខាត និងមិនអាចប្រមូលយកទៅកែច្នៃបានដូចគ្រាប់ចន្ទី ដែលអាចប្រមូលទុកក្នុងឃ្លាំងសម្ងួត។ បញ្ហានេះធ្វើឱ្យការរៀបចំទីផ្សារ និងការពង្រីកសមត្ថភាពកែច្នៃមានសារៈសំខាន់ចំពោះការកាត់បន្ថយការខាតបង់នៅពេលប្រមូលផល។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញកសិផលរុក្ខជាតិសរុបប្រមាណ ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃប្រមាណ ៥,៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញស្វាយស្រស់មានតម្លៃ ១០៨លានដុល្លារអាម៉េរិក កើនឡើង ០,១២% និងរក្សាបានទំហំនាំចេញប្រហាក់ប្រហែលនឹងឆ្នាំមុន។
ទោះជាយ៉ាងណា ការនាំចេញស្វាយស្រស់នៅតែប្រឈមនឹងរបាំងភូតគាមអនាម័យ និងហានិភ័យនៃការខូចគុណភាព។ តាមប្រភព ទីផ្សារគោលដៅរបស់ស្វាយកម្ពុជារួមមាន វៀតណាម ចិន និងកូរ៉េខាងត្បូង ខណៈទីផ្សារថៃត្រូវបានរាយការណ៍ថាបានបិទ។ ឧបសគ្គទាំងនេះជំរុញឱ្យវិស័យពាក់ព័ន្ធស្វែងរកវិធីបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចេញផ្លែស្រស់តែមួយមុខ។
ផលិតផលកែច្នៃស្វាយបានបង្ហាញសក្តានុពលក្នុងការពង្រីកទីផ្សារ។ ការនាំចេញដំណាប់ស្វាយបានកើនឡើងប្រមាណ ២៧% ក្នុងឆ្នាំ២០២៥ ដោយសារតម្រូវការខ្ពស់ពីប្រទេសចិន និងទីផ្សារអាស៊ី។ ជាមួយគ្នានេះ ការកែច្នៃស្វាយជាទឹកកំហាប់ ទឹកផ្លែឈើដប និងទឹកស៊ីរ៉ូ អាចជួយស្រូបយកទិន្នផលដែលនៅសល់ពីការនាំចេញផ្លែស្រស់ និងបង្កើតឱកាសពង្រីកការលក់ទៅកាន់ទីផ្សារដូចជា ហុងកុង សិង្ហបុរី និងគុយវ៉ែត។
ទោះបីជាមានសក្ដានុពលកំណើនក៏ដោយ ការកែច្នៃស្វាយនៅកម្ពុជានៅតែប្រឈមនឹងថ្លៃដើមផលិតកម្មខ្ពស់ កង្វះរោងចក្រកែច្នៃនៅតាមខេត្តមួយចំនួន ថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូនខ្ពស់។ បញ្ហាទាំងនេះបង្កើនចំណាយដល់អ្នកផលិត និងអ្នកកែច្នៃ ព្រមទាំងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារអន្តរជាតិ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម កំពុងសហការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយ។ ទន្ទឹមនឹងនេះ ការចងក្រងសហគមន៍កសិកម្មទំនើប និងការអនុវត្តកិច្ចសន្យាកសិកម្ម ត្រូវបានចាត់ទុកថាជាយន្តការសំខាន់ក្នុងការភ្ជាប់កសិករទៅនឹងរោងចក្រកែច្នៃក្នុងស្រុក។
តាមយន្តការនេះ ការផ្គត់ផ្គង់វត្ថុធាតុដើមអាចមានភាពទៀងទាត់ជាងមុន ខណៈកសិករអាចទទួលបានភាពច្បាស់លាស់លើទីផ្សារ និងតម្លៃទិញចូល។ ការរៀបចំទំនាក់ទំនងរវាងអ្នកដាំដុះ និងអ្នកកែច្នៃ ក៏អាចជួយសម្របសម្រួលបរិមាណផលិតកម្មឱ្យស្របនឹងតម្រូវការទីផ្សារ និងកាត់បន្ថយសម្ពាធលើតម្លៃនៅរដូវប្រមូលផល។
បន្ថែមពីនេះ ការជំរុញស្តង់ដារកសិកម្មល្អ (GAP) និងការបណ្តុះបណ្តាលបច្ចេកទេសដាំដុះដល់កសិករ មានគោលដៅជួយឱ្យផលិតផលស្វាយបំពេញតាមស្តង់ដារភូតគាមអនាម័យ ដើម្បីពង្រីកឱកាសនាំចេញទាំងផ្លែស្រស់ និងផលិតផលកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។
ការពង្រីកសមត្ថភាពកែច្នៃ ការកាត់បន្ថយថ្លៃដើម និងការភ្ជាប់កសិករជាមួយរោងចក្រតាមរយៈកិច្ចសន្យាកសិកម្ម ត្រូវបានចាត់ទុកថាជាចំណុចសំខាន់ក្នុងការដោះស្រាយបញ្ហាផលិតកម្មលើសតម្រូវការ និងការធ្លាក់ថ្លៃស្វាយ។ វិធានការទាំងនេះក៏មានគោលដៅជួយបង្កើនតម្លៃបន្ថែមពីផលិតផលកសិកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យស្វាយកម្ពុជានៅលើទីផ្សារអន្តរជាតិ៕








វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content