អាម៉េរិក៖ ការស្ទាបស្ទង់មតិថ្មីមួយរបស់សាកលវិទ្យាល័យ Maryland និងក្រុមហ៊ុនស្រាវជ្រាវ Ipsos បង្ហាញថា ពលរដ្ឋអាម៉េរិកពេញវ័យចំនួន ៥៥ ភាគរយ គាំទ្រឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ជាបន្ទាន់ ដោយមិនដាក់លក្ខខណ្ឌណាមួយឡើយ ស្របពេលការចរចាការទូតរវាងប្រទេសទាំងពីរនៅតែជាប់គាំង និងផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមកំពុងបង្កើនបន្ទុកចំណាយរបស់គ្រួសារអាម៉េរិក។
យោងតាមលទ្ធផលស្ទាបស្ទង់ដែលត្រូវបានកាសែត RT យកមកចុះផ្សាយ ក្នុងចំណោមអ្នកគាំទ្រឱ្យបញ្ចប់សង្គ្រាមដោយគ្មានលក្ខខណ្ឌនេះ មានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យចំនួន ៨០ ភាគរយ អ្នកឆ្លើយតបដែលមិនប្រកាន់បក្សនយោបាយចំនួន ៥៩ភាគរយ និងអ្នកគាំទ្រគណបក្សសាធារណរដ្ឋចំនួន ២៥ ភាគរយ។
ចំណែកអ្នកឆ្លើយតបចំនួន ២១ភាគរយ គាំទ្រឱ្យបន្តសង្គ្រាមរហូតដល់អ៊ីរ៉ង់ព្រមទទួលយកលក្ខខណ្ឌរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខណៈ ១៨ភាគរយទៀត គាំទ្រឱ្យបង្កើនការវាយប្រហារលើអ៊ីរ៉ង់។
សង្គ្រាមនេះក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនអាម៉េរិក តាមរយៈការធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ដែលបន្ថែមបន្ទុកចំណាយជាមធ្យមចំនួន ១ ០៦៨ ដុល្លារអាមេរិកក្នុងមួយគ្រួសារ។ ភាពមិនពេញចិត្តចំពោះសង្គ្រាមនេះក៏ត្រូវបានលើកឡើងថា ជាកត្តាមួយដែលជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងភាគច្រើនទាំងនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា។
ពាក់ព័ន្ធនឹងបញ្ហានេះ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានទទួលស្គាល់ថា ការមិនអាចដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់បាន គឺជាមូលហេតុមួយដែលនាំឱ្យគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោត។
ទន្ទឹមនឹងនេះ ការចរចាដោយប្រយោលរវាងអាម៉េរិក និងអ៊ីរ៉ង់នៅតែជាប់គាំង ដោយប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានលើកឡើងថា អ៊ីរ៉ង់នឹងវិលត្រឡប់ទៅកាន់តុចរចាវិញ លុះត្រាតែភាគីអាមេរិកបំពេញតាមលក្ខខណ្ឌទាំង ៧ របស់ខ្លួន រួមមានការដកការបិទផ្លូវសមុទ្រ និងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក។
ផ្ទុយទៅវិញ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្តេជ្ញាថា នឹងបន្តរក្សាការបិទផ្លូវនេះ រហូតដល់អ៊ីរ៉ង់ព្រមទទួលយកកិច្ចព្រមព្រៀងដែលធានាថា ប្រទេសនេះមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន។ ចំណែកអ៊ីរ៉ង់វិញ បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពប៉ុណ្ណោះ។
លើសពីនេះ ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនទាន់ទទួលបានលទ្ធផល មន្ត្រីរដ្ឋបាលលោក Trump ក៏បានពិភាក្សាឡើងវិញអំពីផែនការធ្វើឃាតមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ផងដែរ។ ការពិភាក្សានេះកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែកុម្ភៈ ដែលបានសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ប៉ុន្តែមិនបានធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ដួលរលំឡើយ។
ជាមួយគ្នានេះ នៅក្នុងសភាអាម៉េរិក សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួនកំពុងជំរុញឱ្យកាត់ផ្តាច់ថវិកាសម្រាប់សង្គ្រាមនេះ ដោយសំណើនេះទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកចំនួន ៣១ភាគរយ បើទោះបីជាវាអាចប្រឈមនឹងហានិភ័យនៃការបិទទ្វាររដ្ឋាភិបាលក៏ដោយ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content