ភ្នំពេញ ៖ ទោះបីស្ថានភាពអចលនទ្រព្យនៅកម្ពុជាមិនទាន់វិលត្រឡប់ទៅរកល្អប្រសើរឡើងវិញក្តី តែតម្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២២នេះ បានកើនឡើងជាបន្តបន្ទាប់ដែលបញ្ជាក់ថាវិស័យលំនៅដ្ឋានបន្តមានភាពរឹងមាំ ខណៈលំនៅដ្ឋាននៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមជាង ១១ម៉ឺនដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ថ្លៃលំនៅដ្ឋាន របស់ធនាគារជាតិនៃកម្ពុជានៅដើមខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

របាយការណ៍បានបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២២ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់ ១១៥,៤ ដែលមានន័យថា តម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញបានកើនឡើង ១៥,៤% ធៀបនឹងឆ្នាំ២០២០ (ឆ្នាំគោល)។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងខែសីហាឆ្នាំនេះ លំនៅដ្ឋាននៅរាជធានីភ្នំពេញមានតម្លៃជាមធ្យម ៤៦៨,៤លានរៀល (១១៤ ១៦៤ដុល្លារអាមេរិក) កើនឡើង ១,៥% ធៀបនឹងខែកក្កដា ឆ្នាំ២០២២ ហើយបើធៀបនឹងខែសីហា ឆ្នាំ២០២១ គឺកើនឡើង ១,៨%។

យោងតាមធនាគារជាតិនៃកម្ពុជា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋានរបស់កម្ពុជាគឺជាជំហាន និងសមិទ្ធផលថ្មីមួយទៀតនៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ និងសំណង់។
ការអភិវឌ្ឍវិស័យផ្ទះសម្បែង ត្រូវបានចាត់ទុកជាការចូលរួមធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចបង្ហាញក្នុងទ្រឹស្តីឋានានុក្រមនៃតម្រូវការរបស់លោក Abraham Maslow ឆ្នាំ១៩៤៣ (Hierarchy of Needs) បានចាត់ទុកអាហារ សម្លៀកបំពាក់ និងទីជម្រក ជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុតរបស់មនុស្សជាតិ។
កាអភិវឌ្ឍវិស័យលំនៅដ្ឋានមិនត្រឹមតែចូលរួមក្នុងការបំពេញតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ និងជាយានដ៏ចាំបាច់ក្នុងការគរៀនទ្រព្យសម្បត្តិ តាមរយៈការវិនិយោគលើការសាងសង់ និងជាម្ចាស់កម្មសិទ្ធិផ្ទះសម្បែង។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក ២ភាគ ៣ នៃទ្រព្យសម្បត្តិរបស់វិស័យឯកជនមិនមែនហិរញ្ញវត្ថុមានទម្រង់ជាអចលនទ្រព្យ ស្របពេលប្រទេសបារាំងដែលមានពលរដ្ឋយល់ដឹងច្រើនខាងផ្នែកហិរញ្ញវត្ថុនៅតែមានទំនោរចាត់ទុកការវិនិយោគលើផ្ទះសម្បែងជាផ្នែកសំខាន់នៃទ្រព្យសម្បត្តិជាជាងការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុ។
លើសពីនេះ ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ភាពរីកចម្រើននៃវិស័យនេះក៏ជាផ្នែកមួយនៃដំណើរការពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ដែលអាចបង្កើនភាពធន់ពីការប៉ះទង្គិចណាមួយមកលើសេដ្ឋកិច្ច ព្រមទាំងអាចស្រូបយកកម្លាំងពលកម្មមួយផ្នែកសម្រាប់បម្រើការក្នុងវិស័យសាងសង់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ដោយឡែក មុនពេលផ្ទះវិបត្តិសុខភាពជំងឺកូវីដ-១៩ នៅកម្ពុជា វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាវិស័យសំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេលជិត ១០ឆ្នាំ មុនវិបត្តិជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ច ជាមធ្យមមានប្រមាណ ៧% ក្នុងនោះជាង ២% ទទួលបានពីវិស័យសំណង់ និងអចលទ្រព្យ និង បានស្របយកកម្លាំងពលកម្មជិត ៥សែននាក់ សម្រាប់បម្រើការក្នុងវិស័យនេះ ផ្អែកតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content