ភ្នំពេញ ៖ កំពត ជាខេត្តមួយដែលមានសក្ដានុពលលើវិស័យដីធ្លី ដោយក្នុងអំឡុងមុនវិបត្តិកូវីដ១៩ ខេត្តនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នករកស៊ីក្នុងវិស័យដីធ្លី និងអចលនទ្រព្យទាំងមូលក្នុងប្រទេសកម្ពុជា ប៉ុន្តែចាប់ពីឆ្នាំ២០២០រហូតមកដល់ចុងឆ្នាំ២០២៣ បានជួបនឹងបញ្ហាឱនភាពទីផ្សារបន្តិច។ នៅដើមឆ្នាំ២០២៤នេះ ស្ថានភាពទីផ្សារដីធ្លី និងអចលនទ្រព្យក្នុងខេត្តមួយនេះ នៅតែមិនមានការផ្លាស់ប្តូរនៅឡើយ ពោលគឺនៅបន្តទ្រឹងដដែល ។ នេះបើតាមការបញ្ជាក់ពីភ្នាក់ងារអចលនវត្ថុជាច្រើននាក់ដែលប្រតិបត្តិការនៅក្នុងខេត្តកំពត ។
លោក ជិន ណារិន ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត និងកែប បានឱ្យដឹងងថា ក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពតនៅមិនទាន់មានភាពប្រសើរនៅឡើយនោះទេ។ ការទិញលក់នៅតែមិនទាន់មានច្រើន ហើយអ្នកទិញគឺស្វែងរកតែអចលនទ្រព្យណាដែលមានតម្លៃទាបជាងទីផ្សារ ទាបកាន់តែខ្លាំងពួកគេកាន់តែចង់បាន ពោលគឺទាបជាងតម្លៃទីផ្សារចាប់ពី ២០ភាគរយឡើងទៅ។

លោកបញ្ជាក់ថា ៖
«ទោះបីជាបច្ចុប្បន្ននេះ ខេត្តកំពត មិនទាន់មានការដោះដូរអចលនទ្រព្យ ដីធ្លីច្រើនក្ដី តែយើងរំពឹងថា សក្ដានុពលខេត្តនេះនឹងទាក់ទាញការវិនិយោគបន្ថែមពីវិនិយោគិនក្នុង និងក្រៅប្រទេស ដោយសារតែគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោនៅក្នុងទឹកដីខេត្តកែប ដែលនឹងបន្តសាយឥទ្ធិពលមកដល់ខេត្តកំពត។ មែនទែនទៅ ខេត្តកែប និងកំពតអាចចាត់ទុកជាតំបន់តែមួយបាន ហើយខេត្តទាំងពីរអាចបំពេញការខ្វះខាតឱ្យគ្នាទៅវិញទៅមកបាន ។ ម្យ៉ាងទៀត នៅពេលផ្លូវជាតិលេខ៣៣សាងសង់រួច យើងប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះរវាងខេត្តកែប និងកំពត » ។
ដោយឡែក លោក លឹម រដ្ឋា ភ្នាក់ងារអចលនវត្ថុនៅខេត្តកែប និងកំពត ក៏បានឱ្យដឹងផងដែរថា ភ្ញៀវភាគច្រើនដែលរកទិញដីនៅខេត្តកែប គឺមកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ដោយពួកគេទិញហើយទុកអភិវឌ្ឍន៍ខ្លួនឯង ដូចជាសម្រាប់សង់ផ្ទះលំហែ និងសង់ជាផ្ទះសំណាក់ជាដើម ដោយសារតែពួកគេគិតថា ខេត្តកែប កាន់តែមានភ្ញៀវទេសចរមកកម្សាន្តច្រើននៅពេលបុណ្យទានធំៗម្ដងៗ ។
លោកបន្តថា យ៉ាងណាក៏ដោយ សម្រាប់ខេត្តកំពតវិញ មិនយូរទេទីផ្សារដីធ្លីនឹងអាចល្អដូចគ្នា ជាពិសេសនៅពេលផ្លូវជាតិលេខ៣៣ ពីកំពង់ត្រាចទៅទីរួមខេត្តកំពតសាងសង់រួច ខណៈដែលរដ្ឋបាលខេត្តកំពតក៏បាន និងកំពុងរៀបចំកែលម្អសួនច្បារនៅតាមបណ្ដោយឆ្នេរក្នុងក្រុងកំពត ព្រែកកំពង់បាយ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន ហើយនឹងធ្វើឱ្យតម្រូវការសេវាភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content