ភ្នំពេញ ៖ អគាររដ្ឋបាលក្រុងថ្មីនៃខេត្តកណ្ដាល គឺក្រុងអរិយក្សត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីសប្ដាហ៍កន្លងទៅនេះ ដោយមានការចូលរួម និងគាំទ្រពីសំណាក់វិនិយោគិន និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជាជាច្រើន។ នេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុងថ្មីនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ជាពិសេសអ្នកអភិវឌ្ឍន៍លំនៅឋាន។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុន ចាន់ណា លែន បានឱ្យដឹងថា ក្រុងថ្មីនេះនឹងជួយជំរុញការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសទីផ្សារលំនៅឋាននៅក្នុងតំបន់នោះកាន់តែច្រើនបន្ថែមទៀតស្របនឹងវិនិយោគិនក្នុងស្រុកជាច្រើនបានរៀបចំ និងត្រៀមការវិនិយោគរបស់ខ្លួនរួចជាស្រេច ពោលគឺចាប់តាំងពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងថ្មីនេះមកម្ល៉េះ។
លោកបន្តថា ៖
“អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនដែលបានទិញដីទុកនៅទីនោះតាំងតែពីអរិយក្សត្រមិនទាន់បង្កើតជាក្រុង និងតាំងពីតម្លៃដីធ្លីនៅតំបន់នោះមិនទាន់ឡើងថ្លៃម្ល៉េះ។ នៅពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតជាក្រុង ឃើញថាអ្នកអភិវឌ្ឍន៍លំនៅឋាន ក៏បានចូលមកកាន់អរិយក្សត្រ និងត្រួសត្រាយតំបន់នេះដើម្បីអភិវឌ្ឍជាបុរីលំនៅឋាន។”

លោកបន្ថែមថា ៖
“អ្វីដែលធ្វើឱ្យក្រុងអរិយក្សត្រកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនោះ គឺគម្រោងតភ្ជាប់ស្ពានពីភ្នំពេញទៅអរិយក្សត្រ ដែលនឹងបើកការដ្ឋាននៅពេលឆាប់ៗនេះ។ នៅពេលស្ពាននេះ សាងសង់រួចរាល់ ទំនាក់ទំនងតំបន់ទាំងពីរ (ភ្នំពេញ-អរិយក្សត្រ) នឹងកាន់តែខិតជិតគ្នា ហើយការធ្វើដំណើររវាងតំបន់ទាំងពីរក៏លែងពិបាក លែងឆ្លងសាឡាងបន្តទៀត ដែលធ្វើឱ្យពលរដ្ឋនឹងទៅរស់នៅក្រុងអរិយក្សត្រកាន់តែច្រើនឡើងបន្ថែមទៀត។”
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា បើចង់ឱ្យពលរដ្ឋទៅរស់នៅអរិយក្សត្របានច្រើន ជាដំបូងត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានឱ្យច្រើនជាមុខសិន ព្រោះនៅក្រោយពេលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ប្រជាពលរដ្ឋនឹងទៅទិញលំនៅឋានស្នាក់នៅទីនោះ ដោយពួកគេនឹងមកធ្វើការនៅភ្នំពេញពេលព្រឹក ឬពេលថ្ងៃ ហើយទៅសម្រាកនៅផ្ទះវិញនៅពេលយប់បាន។
គួររំលឹកថា ក្រុងអរិយក្សត្រ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតដំណាលគ្នានឹងក្រុងចំនួន២ទៀតនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ គឺក្រុងសំពៅពូន ខេត្តកណ្ដាល និងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្តមួយមានក្រុងច្រើនជាងគេរហូតដល់ទៅដល់ចំនួន ៣ ឯណោះ រួមមានក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content