ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ក្នុងគោលបំណងសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសវិបត្តិថាមពល និងប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។
ថ្លែងក្នុងឱកាសអញ្ជើញចុះចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ថវិកាដែលបានបញ្ចេញតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់លើវិធានការសំខាន់ៗចំនួន៣ ដើម្បីជួយប្រជាពលរដ្ឋក្នុងពេលប្រឈមនឹងសម្ពាធសេដ្ឋកិច្ច និងអតិផរណា។
វិធានការទី១ គឺការចំណាយថវិកាប្រមាណ ៦០០លានដុល្លារអាម៉េរិក លើការឧបត្ថម្ភធនក្នុងវិស័យប្រេងឥន្ធនៈ តាមរយៈការមិនយកពន្ធពីក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈទាំងអស់ ដើម្បីជួយបញ្ចុះ និងរក្សាតម្លៃលក់រាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។
វិធានការទី២ គឺការបញ្ចេញថវិកាប្រមាណ ៧០លានដុល្លារអាម៉េរិក ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃអគ្គិសនី ដោយប្រើប្រាស់ថវិការដ្ឋតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រាលបន្ទុកចំណាយរបស់អ្នកប្រើប្រាស់។
ចំណែកវិធានការទី៣ គឺការបញ្ចេញថវិការាប់រយលានដុល្លារបន្ថែមទៀត ដើម្បីបង្កើតកម្មវិធីថ្មីៗ សំដៅបង្កើនការបណ្ដុះបណ្ដាលជំនាញ ពង្រឹងសមត្ថភាព និងស្វែងរកឱកាសការងារជូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ វិធានការនេះក៏ផ្តោតលើការបង្កើតការងារផ្ទាល់ក្នុងរយៈពេលខ្លី ដើម្បីជួយឱ្យពលករអាចទទួលបានប្រាក់ចំណូល និងបន្តជីវភាពរស់នៅ។
សម្ដេចធិបតីបានពន្យល់ថា ការប្រើប្រាស់ថវិការដ្ឋដើម្បីឧបត្ថម្ភដល់អង្គភាព ឬវិស័យផ្សេងៗ គឺជាការផ្ទេរធនធានរវាងស្ថាប័នរដ្ឋដែលស្ថិតក្រោមប្រភពហិរញ្ញវត្ថុតែមួយ ដោយមានគោលដៅជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីមានប្រសាសន៍ថា៖ “ដូចជា EDC ជាអង្គភាពស្វយ័ត តែលុយចេញពីហោប៉ៅតែមួយ (ក្រសួងសេដ្ឋកិច្ច) អ៊ីចឹងហោប៉ៅមួយឧបត្ថម្ភទៅហោប៉ៅមួយ គឺសុទ្ធតែជារបស់រដ្ឋទាំងអស់! បើប្រជាពលរដ្ឋជួបការលំបាក រដ្ឋត្រូវតែចេញលុយទៅជួយដដែល យើងត្រូវជួយទប់គាត់កុំឱ្យលំបាកពេក ទើបគាត់សល់លុយក្នុងហោប៉ៅ ហើយគាត់អាចជួយបន្ថែម”។
ក្នុងឱកាសនោះដែរ សម្ដេចធិបតីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការរៀបចំគោលនយោបាយ ចំពោះការចូលរួមយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញវិធានការជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សម្ដេចធិបតីបានបញ្ជាក់ថា ប្រធានគណៈកម្មការរូបនេះបានបន្តធ្វើការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ការរៀបចំគោលនយោបាយអាចភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង និងឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលកម្ពុជាប្រឈមនឹងសម្ពាធអតិផរណា និងវិបត្តិសេដ្ឋកិច្ចសកល៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content