ភ្នំពេញ ៖ រហូតមកដល់ចុងឆ្នាំ២០២៣នេះ ព័ត៌មានអំពីការបង់ពន្ធអចលនទ្រព្យដែលជាកាតព្វកិច្ចនោះគេសង្កេតឃើញថានៅតែមានពលរដ្ឋមួយចំនួនដែលជាម្ចាស់ទ្រព្យហាក់មិនទាន់បានយល់ច្បាស់នៅឡើយ ។
បើយោងតាមច្បាប់ស្ដីពីសារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់និយមន័យ ពន្ធលើអចលនទ្រព្យ គឺសំដៅដល់ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ហើយពន្ធនេះ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ភាគរយ ។

សម្រាប់មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ត្រូវផ្អែកលើអចលនទ្រព្យដែលកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ ត្រូវកំណត់ និងបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ពន្ធលើអចលនទ្រព្យក៏មានការលើកលែងផងដែរ ដោយក្នុងនោះរួមមានដូចជា អចលនទ្រព្យដែលជាដីធ្លីកសិកម្ម អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ និងគ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន ។
ក្រៅពីនេះ សម្រាប់អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត ក៏ត្រូវបានលើកលែងពន្ធដែរ ។ ចំណែកអចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ មានជាអាទិ៍ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយ៍អយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ក៏ត្រូវបានលើកលែងក្នុងការបង់ពន្ធដូចគ្នា ។
កាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ។ ចំណែកវិធានការ និងនីវិតវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content