ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន MITSUI ថ្មីៗកន្លងមកនេះ បានជួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងវិស័យទឹកស្អាត និងយានយន្តអគ្គិសនី។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសរំលេចបរិយាកាសវិនិយោគបើកចំហ ស្ថិរភាពនយោបាយនៅកម្ពុជា និងការបើកឱកាសទីផ្សារថ្មីៗតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។
ឯកឧត្តមបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យឯកជន ដោយលើកឡើងជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមមួយចំនួន ដូចជា មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលអាចជួយក្រុមហ៊ុនឱ្យអភិវឌ្ឍសមត្ថភាព និងជំនាញបុគ្គលិករបស់ខ្លួន។

ឯកឧត្តមបានលើកឡើងថា៖
«នៅក្នុងវិស័យទឹកស្អាត កម្ពុជាត្រូវការក្រុមហ៊ុនដែលមានចក្ខុវិស័យរយៈពេលវែង ដើម្បីវិនិយោគលើប្រតិបត្តិការខ្នាតធំ ខណៈដែលការវិនិយោគក្នុងវិស័យនេះអាចត្រូវការរយៈពេលយូរដើម្បីទទួលបានប្រាក់ចំណេញ នេះជាការវិនិយោគដែលមានស្ថិរភាព និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនទាក់ទងនឹងប្រភពទឹក និងផ្តល់ការគាំទ្រផ្នែកច្បាប់ និងបទបញ្ញត្តិនានា»។
គណៈប្រតិភូក្រុមហ៊ុនជប៉ុន បានជម្រាបថា៖ ក្រុមហ៊ុន MITSUI មានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក ដែលរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏ចង់វិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេស រ៉ឺម៉កកង់បី និងទោចក្រយានយន្តអគ្គិសនី។ ក្រុមហ៊ុន MITSUI ក៏បានជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាដោយលើកឡើងថា អាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content