នវានុវត្ត ៖ បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន និងពលរដ្ឋដែលមានដើមកំណើតកាត់កូនចៅចិន។ ក្រៅតែពីនៅក្នុងប្រទេសចិនផ្ទាល់ហើយនោះ ពិធីបុណ្យនេះត្រូវប្រារព្ធឡើង នៅតាមបណ្តាប្រទេសផ្សេងៗទៀតចាប់ពីអឺរ៉ុបទៅដល់អាស៊ី ដែលក្នុងនោះក៏មានទាំងប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃផងដែរ។
ដោយសារចិនមានពលរដ្ឋច្រើនផង និងដោយសារមានប្រវត្តិដ៏យូរលង់ណាស់មកហើយផង បច្ចុប្បន្នការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនបានក្លាយទៅជាពិធីបុណ្យដ៏ពេញនិយមរបស់ពិភពលោក ទោះបីជានៅក្នុងតំបន់អឺរ៉ុបក្តី ដោយសារតែជនជាតិចិន និងអ្នកមានកំណើតកាត់កូនចៅចិនបានរស់នៅស្ទើរគ្រប់ទីកន្លែងទាំងអស់។
ដោយឡែកពលរដ្ឋចិនជាង ១ ពាន់លាននាក់វិញ នៅពេលដែលពិធីបុណ្យឈានចូលមកដល់ គេសង្កេតឃើញថា ពួកគេបានត្រៀមរៀបចំខ្លួន និងផ្ទះសម្បែងយ៉ាងរួចរាល់ ខណៈដែលពេលវេលាប្រារព្ធបានឈានចូលកាន់តែខិតជិតចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី ២២ ខែមករា និងបន្តរយៈពេលដល់ទៅ ១៥ ថ្ងៃ សម្រាប់ឆ្នាំ ២០២៣ នេះ។
សកម្មភាពចាយវាយនៅអំឡុងពេលចូលឆ្នាំ មានកម្លាំងខ្លាំងបំផុត ធៀបទៅនឹងរយៈពេលផ្សេងទៀតជារៀងរាល់ឆ្នាំ ទាំងការធ្វើដំណើរការជួបជុំ ការទទួលទានអាហារភេសជ្ជៈ និងការចំណាយទៅលើការទិញទំនិញសម្ភារៈថ្មីៗដាក់ចូលក្នុងផ្ទះ និងជូនកាដូជាដើម ដោយក្នុងនោះទំហំអាចមានទៅដល់រាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ជាក់ស្តែងតួលេខកាលពីឆ្នាំ ២០២១ ពលរដ្ឋចិនចំណាយមានរហូតទៅដល់ ៨២១ ពាន់លានយ័ន ស្មើនឹងប្រមាណ ១២៧ ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រាកើនឡើងលើសឆ្នាំ ២០២០ ដែលជាឆ្នាំកំពុងមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែនៅក្រោមខ្ទង់ចំណាយសរុបកាលពីឆ្នាំ ២០១៩ ដែលពលរដ្ឋចិនចំណាយសរុបដល់ទៅ ១ ទ្រីលានយ័ន។
ពិធីចូលឆ្នាំមកដល់ ពលរដ្ឋចិនបានចំណាយលុយជាច្រើនរួចទៅហើយទៅលើការទិញសម្លៀកបំពាក់ថ្មីៗ និងគ្រឿងរៀបចំផ្ទះ ខណៈដែលពេលពិធីចូលឆ្នាំមកដល់ ពួកគេនឹងត្រូវបន្តចំណាយបន្ថែមទៀតទៅលើការធ្វើដំណើរទៅជួបជុំគ្រួសារ និងការចំណាយទៅលើការទទួលទាន និងភេសជ្ជៈជាដើម។
ក្រៅពីនោះ អ្នកខ្លះត្រូវចំណាយលើការធ្វើដំណើរទៅកម្សាន្តតាមគោលដៅទេសចរណ៍សំខាន់ក្នុងស្រុក និងក្រៅស្រុកផងដែរ ដែលក្នុងនោះតំបន់ទាក់ទាញបំផុតសម្រាប់ពលរដ្ឋចិនពេលចូលឆ្នាំនៅក្នុងប្រទេស មានដូចជាទីក្រុងប៉េកាំង ទីក្រុងហុងកុង ទីក្រុងហាប៊ីន ខណៈដែលក្រៅប្រទេសវិញចិននិយមធ្វើដំណើរទៅកាន់ប្រទេសមាឡេស៊ី ថៃ អាមេរិក អង់គ្លេស កាណាដា និងបារាំងផងដែរ។ បន្ថែមលើការចំណាយទាំងនោះ ពលរដ្ឋចិនដល់ទៅជាង ១ ពាន់លាននាក់ ត្រូវការចំណាយដាច់ខាតទៅលើការជូនអាំងប៉ាវគ្នាដែលយើងអាចមើលឃើញបានទាំងអស់គ្នាជាយូរមកហើយ ពីព្រោះថាវាគឺជារឿងដែលមិនអាចចោលបានឡើយ ហើយក៏ដោយសារតែជំនឿរបស់ពលរដ្ឋចិនបានជឿជាក់ថាមិនត្រឹមតែនាំសំណាង និងទ្រព្យសម្បត្តិហូរហៀរជូនគ្នាទៅវិញទៅមកនោះទេ ការជូនអាំងប៉ាវក៏ជាការតំណាងឱ្យការនាំមកនូវសេចក្តីសុខ និងអាយុវែងផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content