បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដែលកំពុងព្យាយាមរុញច្រានបណ្តាក្រុមហ៊ុនប្រកួតប្រជែងរបស់ចិនចេញពីតំបន់អាម៉េរិកឡាទីន កាលពីពេលថ្មីៗនេះបានបន្ថែមការចោទប្រកាន់មួយទៀតឲ្យក្រុងប៉េកាំងថា កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay ។
ការិយាល័យទទួលបន្ទុកកិច្ចការងារនៃបណ្តាប្រទេសនៅអឌ្ឍគោលខាងលិច Bureau of Western Hemisphere Affairs នៃក្រសួងការបរទេសអាម៉េរិកបានបង្ហាញពីក្តីបារម្ភ ជាមួយនឹងការព្រមានចំៗទៅលើប្រទេសចិនក្រោយពេលដែលតុលាការរបស់ប្រទេសប៉េរូប្រកាសផ្អាកជាបណ្តោះអាសន្ននូវកិច្ចការងាររបស់ភ្នាក់ងារដ្ឋប៉េរូ Ositran ដែលគ្រប់គ្រងលើគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផែសមុទ្រ Chancay ដែលជឿជាក់ថា បច្ចុប្បន្នកំពុងគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន។

ការិយាល័យ Bureau of Western Hemisphere Affairs បានរៀបរាប់នៅលើបណ្តាញសង្គម X កាលពីសប្តាហ៍កន្លងទៅថា វាគឺជារឿងដែលគួរឲ្យបារម្ភបំផុតនៅពេលដែលផែសមុទ្រមួយត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនដែលជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន។ ផែ Chancay នេះគឺជាផែសមុទ្រធំបំផុតទី៤ របស់ប្រទេសប៉េរូ។ ក្រោយកិច្ចចុះហត្ថលេខាលក់ភាគហ៊ុនដល់ទៅ៦០ភាគរយកាលពីឆ្នាំ២០១៩ ក្នុងទឹកប្រាក់ប្រមាណជា ១,៣ពាន់លានដុល្លារ ពេលនេះវាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិន Cosco ។
យ៉ាងណាក្តី មួយថ្ងៃក្រោយការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមកធ្វើការឆ្លើយតប និងបដិសេធចំពោះបញ្ហានេះ ហើយលើកឡើងតបវិញថា ការចោទប្រកាន់របស់ក្រុងវ៉ាស៊ិនតោន គឺជារឿងដែលមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង។

គួរឲ្យដឹងដែរថា រដ្ឋបាលអាម៉េរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានព្យាយាមយ៉ាងខ្លាំងក្នុងការតាមដាន និងពិនិត្យមើលសកម្មភាពរបស់ទីក្រុងប៉េកាំងនៅតាមបណ្តាប្រទេសនានានៅអឌ្ឍគោលខាងលិចដែលអាម៉េរិកតែងតែអះអាងថា ចិនបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការគ្រប់គ្រងលើពួកគេ តាមរយៈការផ្តល់លុយកម្ចី និងសកម្មភាពពាណិជ្ជកម្ម។ ជាក់ស្តែង ដូចបញ្ហាទាមទារសិទ្ធិគ្រប់គ្រងនៅព្រែកជីកប៉ាណាម៉ា និងប្រតិបត្តិការយោធានៅវេណេស៊ុយអេឡាជាដើម៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content