កិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំង៧ ឬហៅកាត់ថា G7 ឆ្នាំនេះបានបញ្ចប់ទៅជាស្ថាពរនាទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ ក្រៅតែពីបញ្ហាពិភពលោកសំខាន់ៗបូករួមទាំងវិបត្តិថាមពល, វិបត្តិអតិផរណា ជាពិសេសវិបត្តិនៅអ៊ុយក្រែនផងនោះ នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះក៏បានលើកយកប្រធានបទអំពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់សកលលោកមកពិភាក្សាផងដែរ។

កិច្ចប្រជុំដែលត្រូវបានគេទទួលស្គាល់ថានឹងអាចមានឥទ្ធិពលយ៉ាងទូលំទូលាយ ដែលអាចជួយពន្លឿនសកម្មភាពដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកចេញពីភាពរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងកិច្ចការពារធម្មជាតិ ជីវៈចម្រុះ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចវិលជុំផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំកំពូល G7 ឆ្នាំនេះគេសង្កេតឃើញថា បណ្តាមេដឹកនាំទាំង៧រួមមានដូចជា កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស និងសហរដ្ឋអាមេរិក បានឈានទៅដល់ការព្រមព្រៀងគ្នាទៅលើកិច្ចការងារគោលធំៗចំនួន៣ដើម្បីជុំរុញឲ្យពិភពលោកអាចធ្វើដំណើរឆ្ពោះទៅរកការរស់នៅដែលមិនមានការបញ្ចេញឧស្ម័នកាបូនិក ឬ Net Zero ជាពិសេសគឺការរស់នៅដែលពឹងផ្អែកលើសេដ្ឋកិច្ចវិលជុំដែលគេហៅថា circular economy។

“ការប្តេជ្ញាចិត្តឲ្យកាន់តែខ្លាំងទៅលើការបញ្ឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល” គឺជាការប្តេជ្ញាទី១ ដែលធ្វើឡើងរួមគ្នារវាងមេដឹកនាំ G7 ដែលក្នុងសេចក្តីថ្លែងការណ៍នោះបានរៀបរាប់បែបនេះថា៖
“យើងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល ដើម្បីពន្លឿនដំណាក់កាលនៃការចាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីសម្រេចបាននូវការបញ្ចេញការបំពុលឲ្យស្មើសូន្យនៅក្នុងប្រព័ន្ធថាមពលត្រឹមឆ្នាំ២០៥០ ហើយចុងក្រោយបំផុតគឺធ្វើយ៉ាងណាឲ្យពិភពលោកអាចដើរស្របតាមផែនការកំណត់ធ្វើឲ្យកំណើនសីតុណ្ហភាពជាមធ្យមសកលមានត្រឹមតែ ១,៥អង្សារ ដូចកាលពីគ្រាមុនសម័យបដិវត្តឧស្សាហកម្មរបស់ពិភពលោក។”

សេចក្តីថ្លែងការណ៍ស្តីអំពីបញ្ហាការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលនេះត្រូវបានអ្នកជំនាញរបស់ WEFORUM មើលឃើញថា ជាការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាមិនធ្លាប់មានឡើយដែលត្រូវបានធ្វើឡើងដោយមេដឹកនាំ G7 ក្នុងចំណោមកិច្ចប្រជុំនាពេលកន្លងមក។ ការប្តេជ្ញាចិត្តលើកទី២របស់ G7 គឺជាការប្តេជ្ញាចិត្តទៅលើការបង្កើនការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ Renewable Energy។
មេដឹកនាំ G7 បានបង្ហាញអំពីការព្រមព្រៀងគ្នាលើផែនការពង្រីកសមត្ថភាពផលិតថាមពលស្អាតឲ្យបានទៅដល់150GW នៅត្រឹមឆ្នាំ២០៣០តាមរយៈការទាញយកថាមពលពីខ្យល់បក ឬ offshore wind និងថាមពលពីសូឡាឲ្យបាន 1TW នៅត្រឹមឆ្នាំ២០៣០ដូចគ្នានេះ។ ចុងក្រោយ G7 បានប្តេជ្ញាចិត្តចំពោះការបញ្ចប់ទៅនៃការបំពុលដោយប្លាស្ទិក ឬ Plastic Pollution ដោយក្នុងនោះសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់បែបនេះថា ៖
“ពួកយើងបានប្តេជ្ញារួមគ្នាក្នុងការលុបបំបាត់ចោលនូវការបំពុលដោយប្លាស្ទិកឲ្យបានទាំងស្រុងនៅត្រឹមឆ្នាំ២០៤០៕”




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content