បរទេស ៖ ដំណាំហូបផ្លែ និងផ្លែឈើជាច្រើនមុខដែលត្រូវបានដាំដុះនៅក្នុងប្រទេសអ៊ីតាលីជារៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហាស្តុកទុកដែលទាមទារទីធ្លាធំព្រមទាំងបញ្ហាតម្លៃថាមពលសម្រាប់ថែរក្សាកសិផលផងនោះបានក្លាយទៅជាផលប្រឈមដ៏ធំមួយរបស់ក្រុមកសិករ។ ដោយឡែកថ្មីៗនេះ មានក្រុមសហគមន៍របស់កសិករមួយក្រុមដែលរស់នៅភាគខាងជើងនៃប្រទេសអ៊ីតាលីបានកើតចេញជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយដោយទាញយកអត្ថប្រយោជន៍រូងភ្នំជាច្រើនកន្លែងដែលទុកចោលទៅធ្វើជាកន្លែងស្តុកទុកកសិផលផ្លែប៉ោមរបស់ខ្លួនបានយ៉ាងល្អ និងមានប្រសិទ្ធភាពលើសការស្មាន។

កសិករនៅក្នុងសហគមន៍ Melinda ដែលជាអ្នកស្រុក Predaia បាននាំគ្នាបង្កើតបានជាទូក្លាសេបែបធម្មជាតិចេញពីរូងភ្នំដែលត្រូវបានទុកចោលចំនួនទៅដល់ ៣៤ទីតាំង ដើម្បីអាចស្តុកទុកផ្លែឈើរបស់ពួកគេបានយ៉ាងច្រើន ហើយបានដល់ទៅរយៈពេល១ឆ្នាំពេញដោយមិនខូចខាតស្អុយរលួយទៅតាមធម្មជាតិឡើយ។

រូងភ្នំដែលភាគច្រើនគឺជាទីតាំងជីករ៉ែ ត្រូវបានទុកចោល ហើយជាទូទៅសីតុណ្ហភាពនៅទីនេះមានចន្លោះពី១០ទៅ១២អង្សារួចទៅហើយ ប៉ុន្តែក្រុមកសិករបានប្រើប្រាស់ឧបករណ៍ដើម្បីបញ្ចុះសិតុណ្ហភាពវាទៅដល់១អង្សារ ដោយសារតែថ្មភ្នំនៅខាងក្នុងគឺជាអ្នកស្រូបកំដៅបានល្អនោះវាបានធ្វើឲ្យសីតុណ្ហភាពនៅខាងក្នុងអាចរក្សាក្នុងកម្រិតនេះបានរហូតទៅដល់២ឆ្នាំមុនពេលដែលវាត្រូវការប្រើប្រាស់ម៉ាស៊ីនបញ្ចុះកំដៅម្តងទៀត។
បច្ចេកវិទ្យានេះបានធ្វើឲ្យកសិករអ៊ីតាលីចំណេញលើការចំណាយទៅលើតម្លៃថាមពលដល់ទៅ៣២ភាគរយ ហើយនៅតាមរូងភ្នំដែលបានកែច្នៃនីមួយៗអាចស្តុកទុកផ្លែប៉ោមស្រស់បានទៅដល់ ៣០ ០០០តោន និងអាចរក្សាគុណភាពបានទៅដល់១ឆ្នាំពេញតែម្តង។
បច្ចុប្បន្នរូងភ្នំទាំងនោះត្រូវបានប្រើប្រាស់ និងថែរក្សាដោយក្រុមកសិករនៃសហគមន៍ Melinda ដែលមានសមាជិកសរុបប្រមាណជា៤០០០នាក់ ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគេមកវិញដោយមិនចាំបាច់ចំណាយថាមពលច្រើន ហើយថែមទាំងមិនចាំបាច់ចំណាយថវិកាសម្រាប់ជួលទីតាំងស្តុកដែលអាចត្រូវការយ៉ាងហោចណាស់៧ហិកតាទើបគ្រប់គ្រាន់សម្រាប់កសិផលពួកគេជារៀងរាល់ឆ្នាំ។ តាមរយៈបច្ចេកទេសធម្មជាតិរបស់ក្រុមពលរដ្ឋកសិករអ៊ីតាលីមួយនេះបានបង្ហាញថា ការស្វែងរកគំនិតច្នៃប្រឌិត និងការប្រើប្រាស់ប្រភពធនធាននៅជុំវិញខ្លួនឲ្យអស់ពីលទ្ធផលនោះនឹងអាចផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងត្រឡប់មកវិញ ហើយថែមទាំងអាចជួយសន្សំសំចៃ និងបញ្ចៀសការបំផ្លិចបំផ្លាញបរិស្ថានដោយផ្ទាល់ និងប្រយោលផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content