យន្តហោះ ជាមធ្យោបាយធ្វើដំណើរផ្លូវអាកាសមួយ ដែលគេនិយមជិះទៅឆ្ងាយឆ្លងប្រទេស ឬឆ្លងទ្វីបដោយសារតែវាមានល្បឿនលឿន និងប្រើប្រាស់ពេលវេលាតិចជាងមធ្យោបាយដទៃ។ ក្រៅពីយន្តហោះពិតប្រាកដដែលត្រូវបានផលិតឡើងដោយប្រទេសជឿនលឿន និងមានបច្ចេកវិទ្យាខ្ពស់នោះ បច្ចុប្បន្ននេះ មានកូនខ្មែរមួយរូបបានកែច្នៃ និងផលិតជាយន្តហោះបញ្ជាមួយប្រភេទ ដែលមានរូបរាងស្អាត និងអាចហោះហើរបានខ្ពស់គួរឱ្យកោតសរសើរ។

លោក ជឿន ចននី ជាស្ថាបនិក គំនិត ដែលជាម្ចាស់អាជីវកម្មបែបបច្ចេកវិទ្យា ផលិតយន្តហោះបញ្ជាតូចៗ មានទីតាំងស្ថិតនៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុងបារាយណ៍ ខេត្តកំពង់ធំ។
ម្ចាស់អាជីវកម្មក្នុងស្រុករូបនេះបានប្រាប់ឱ្យដឹងថា ៖
«ខ្ញុំបានសិក្សាអំពីការធ្វើយន្តហោះនេះតាំងពីឆ្នាំ២០០៥ ដោយសារតែចំណង់ចំណូលចិត្តផង និងមានក្ដីស្រមៃចង់មានរោងចក្រផលិតយន្តហោះដោយខ្លួនឯងផង ពោលគឺធ្វើឱ្យស្រុកខ្មែរមានកន្លែងផលិតយន្តហោះដូចបរទេសដែរ»។

លោកបន្ថែមថា៖
«សម្រាប់ប្រភេទយន្តហោះបញ្ជានេះយើងមាន ៣ ប្រភេទគឺ Airbus A320 F16 និងប្រភេទ T50A ដែលមានតម្លៃ ៤០ដុល្លារ ហើយប្រភេទដែលគេពេញនិយមជាងគេគឺប្រភេទ T50A ហើយអតិថិជនដែលនិយមគាំទ្រច្រើនគឺអ្នករស់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង»។
ពាក់ព័ន្ធនឹងការផលិតទៀតសោត ស្ថាបនិកវ័យ ៣២ឆ្នាំរូបនេះបានរៀបរាប់ថា ៖
« យន្តហោះបញ្ជារបស់ខាងយើងខ្ញុំផលិតពីស្នោ ដែលយើងត្រូវអារច្រៀកឱ្យចេញជារូបរាងយន្តហោះ រួចបិតស្កុតឱ្យជាប់ល្អ ទើបដំឡើងគ្រឿអេឡិចត្រូនិក ដែលអាចឱ្យយន្តហោះបញ្ជារបស់អាជីវកម្ម «គំនិត» មួយនេះអាចហោះបានកម្ពស់ ១០០ម៉ែត្រ និងចម្ងាយ ៣០០ម៉ែត្រ ហើយជាធម្មតាខាងយើងផលិតទុកក្នុងមួយខែប្រមាណ ១០០គ្រឿង»។
ទន្ទឹមគ្នានេះដែរ លោក ចននី ក៏បានរំឭកពីផលលំបាកដែរថា ដំបូងឡើងយើងជួបផលលំបាកច្រើនទាក់ទងនឹងបច្ចេកទេសដែលធ្វើឱ្យយន្តហោះអាចហោះបានលឿន ហោះហើរបានល្អ ក៏ប៉ុន្តែបញ្ហាប្រឈម និងផលលំបាកទាំងនោះត្រូវបានដោះស្រាយរួចហើយ ដែលរងចាំតែពេលមានឱកាស និងធនធានដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកផលិតកម្មឱ្យធំតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា លោក ជឿន ចននី បានចាប់ផ្ដើមអាជីវកម្ម «គំនិត» ដោយប្រើដើមទុនតិចតួចដែលបានមកពីការធ្វើការងារឱ្យគេ ហើយចាប់ផ្ដើមសន្សំ និងផលិតបន្តិចម្ដងៗដោយចាប់ផ្ដើមពីយន្តហោះគប់ ពោលគឺពុំទាន់មានម៉ាស៊ីននៅឡើយទេ។ ដោយឡែកដើមទុននេះ លោកបានចំណយទៅលើការទិញសម្ភារក្នុងការផលិត ដូចជា ស្នោ ស្កុត កាំបិត និងតែមជាដើម។
សម្រាប់ពេលអនាគត ស្ថាបនិក «គំនិត» មានគម្រោងចង់ឱ្យប្រទេសកម្ពុជាមានរោងចក្រផលិតយន្តផ្ទាល់តែម្ដង ដោយលោកបញ្ជាក់ថា លោកបានសម្រេចនូវជំហានទីមួយទៅលើការផលិតយន្តហោះបញ្ជាខ្នាតតូច ហើយនៅពេលមានដើមទុនគ្រប់គ្រាន់លោកនឹងផលិតយន្តហោះកាន់តែធំទៅៗដែលអាចឱ្យមនុស្សបើកបានផងដែរ។ ចុងក្រោយ លោក ចននី ក៏បញ្ចេញពីទស្សនទានផ្ទាល់ខ្លួនដែរថា សម្រាប់អ្នកដែលស្រឡាញ់ខាងផ្នែកវិស្វកម្ម មិនថាចំពោះ វិស្វកម្មយន្តហោះ ឬក៏រថយន្ត នោះទេ គួរតែខំសិក្សារស្រាវជ្រាវ និងផលិតនូវផលិតផលឱ្យអស់ពីលទ្ធភាព បើទោះបីមិនបាននាំចេញ ក៏អាចកាត់បន្ថយការនាំចូល ហើយក៏ជាការចូលរួមបង្កើនធនធានមនុស្សនៅកម្ពុជាបានមួយចំណែកតូចផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content