សេដ្ឋកិច្ច ៖ ក្នុងចំណោមគោលបំណងសំខាន់ៗនៃជីវិតរស់នៅរបស់យើងមនុស្សម្នាក់ៗលើពិភពលោកភាគច្រើនក៏តែងតែបានដាក់ក្តីសង្ឃឹមថា នឹងអាចឈានចូលជីវិតចូលនិវត្ត ប្រកបដោយគុណភាព ទាំងសុខភាព និងហិរញ្ញវត្ថុផងដែរ។
ក្រៅតែពីសុខភាពល្អហើយនោះ មនុស្សភាគច្រើនក៏តែងតែនិយមក្នុងការសន្សំប្រាក់ ដើម្បីទុកសម្រាប់ពេលវេលាចូលនិវត្តផងដែរ ជាពិសេសប្រជាជននៅក្នុងបណ្តាប្រទេសអ្នកមាន ឬយើងហៅថា ប្រទេសអភិវឌ្ឍ។

ក្រុមប្រជាជនទាំងនោះមានអាយុចូលនិវត្តវែងចន្លោះពី ២០ ទៅ ៣០ ឆ្នាំ អាស្រ័យទៅលើសេដ្ឋកិច្ចរបស់ប្រទេស និងកត្តាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ឧទាហរណ៍ជាក់ស្តែង នៅក្រិកពលរដ្ឋជាមនុស្សស្រីអាចមានពេលវេលាសម្រាប់ចូលនិវត្តប្រមាណជា ២៨,៤ ឆ្នាំហើយបុរសមាន ២៣ ឆ្នាំ ចំណែកនៅបារាំងវិញពលរដ្ឋជាស្ត្រីមានពេលសម្រាប់ចូលនិវត្ត ២៧ ឆ្នាំ ហើយបុរសមានប្រមាណជា ២៣,៥ ឆ្នាំ។
ប្រជាជនសកលដែលចូលនិវត្តទាំងនោះ យើងអាចចាត់ទុកថាជាប្រភេទមនុស្សដែលមានទ្រព្យសម្បត្តិច្រើន និងមានការចាយវាយមិនសូវមានរបាំងខ្លាំងឡើយ ដោយសារតែវាគឺជាពេលវេលាចុងក្រោយដែលពួកគេអាចប្រើប្រាស់លុយដែលពួកគេខំសន្សំជាច្រើនឆ្នាំនោះបាន។

ដូចនេះ យើងអាចនិយាយបានថា អ្វីដែលជាចំណូលចិត្តចុងក្រោយរបស់ពួកគេគឺនឹងក្លាយទៅជាប្រភពចំណូលដ៏សំខាន់មួយនៃក្រុមមនុស្សវ័យក្មេង និងក្រុមពលរដ្ឋដែលរស់នៅតាមបណ្តាគោលដៅ ដែលពលរដ្ឋជាអ្នកមានទាំងនោះនិយមចូលចិត្តរស់នៅ និងធ្វើដំណើរទៅកម្សាន្ត និងលំហែ។
ក្រៅតែពីការធ្វើដំណើរក្រុមមនុស្សចូលនិវត្តមកពីបណ្តាប្រទេសអ្នកមានទាំងនោះ ក៏ត្រូវបានគេមើលឃើញថាមានចំណូលចិត្តជាច្រើនផ្សេងទៀតផងដែរ ដែលបណ្តាប្រទេសកំពុងអភិវឌ្ឍគួរស្វែងយល់ និងត្រៀមខ្លួនបម្រើជាសេវាកម្ម ឬផលិតផលណាមួយដែលពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ និងដើម្បីអាចទាញយកចំណូលដ៏ច្រើនទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន។
តាមការស្រាវជ្រាវ និងស្ទាបស្ទង់ដោយ WEFORUM គេមើលឃើញថា ពលរដ្ឋចូលនិវត្តមកពីបណ្តាប្រទេសអ្នកមានភាគច្រើនក្រៅតែពីការធ្វើដំណើរហើយនោះ ពួកគេជាមនុស្សដែលចូលចិត្តអានសៀវភៅចូលចិត្តចម្អិនម្ហូបចូលចិត្តចិញ្ចឹមសត្វសកម្មភាពនៅទីសាធារណៈ ការស្ម័គ្រចិត្តធ្វើការងារសង្គម និងក៏ដូចជាការដាំបន្លែផ្លែឈើជាដើម។
គួរឲ្យដឹងដែរថា បច្ចុប្បន្នជាមធ្យមនៃក្រុមពលរដ្ឋអ្នកមាន ដែលមានប្រភពមកពីប្រទេសអភិវឌ្ឍ គិតត្រឹមក្រុមប្រទេស OECD ដែលមានប្រមាណជា ៣៨ ប្រទេសប៉ុណ្ណោះ ពលរដ្ឋដែលចូលនិវត្តកាលពីឆ្នាំ ២០១៥ មានចំនួនដល់ទៅ ១៧ ភាគរយនៃចំនួនពលរដ្ឋសរុប ប៉ុន្តែជឿជាក់ថាពួកគេនឹងមានចំនួនកើនឡើងទៅដល់ ២៨ ភាគរយនៅត្រឹមឆ្នាំ ២០៥០ ខាងមុខនេះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content