បរទេស ៖ នៅមុនថ្ងៃគម្រប់ខួបរយៈពេលមួយឆ្នាំនៃព្រឹត្តិការណ៍លុកលុយចូលអ៊ុយក្រែនដោយកងកម្លាំងយោធារុស្ស៊ី (២៤កុម្ភៈ ឆ្នាំ២០២២-២៤កុម្ភៈ ឆ្នាំ២០២៣) និងនៅក្រោយពេលបន្តិចដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញផងនោះ រុស្ស៊ីបានធ្វើឲ្យកក្រើកពិភពលោកសាជាថ្មីតាមរយៈការសម្រេចចិត្តដកខ្លួនបណ្តោះអាសន្នចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធដ៏សំខាន់មួយដែលបង្កើតឡើងតាំងតែពីឆ្នាំ២០១០។

សន្ធិសញ្ញាកាត់បន្ថយអាវុធដែលផ្តោតសំខាន់ទៅលើប្រភេទប្រល័យលោក ឬយើងគ្រប់គ្នាហៅថាអាវុធនុយក្លេអ៊ែរ The New Start បានចុះហត្ថលេខាចូលជាធរមានដំបូងកាលពីឆ្នាំ២០១០ រវាងអាមេរិក និងរុស្ស៊ីក្រោមការដឹកនាំគ្រានោះដោយលោកប្រធានាធិបតី Barack Obama និងប្រធានាធិបតី Dmitry Medvedev ។ New Star tមានសារៈសំខាន់ណាស់ចំពោះសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ពិភពលោក ពីព្រោះថា ក្នុងនាមជាមហាអំណាចខាងផ្នែកអាវុធនុយក្លេអ៊ែរបច្ចុប្បន្ន ទាំងអាមេរិក និងរុស្ស៊ី បូកបញ្ចូលគ្នាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសរុបគឺមានរហូតទៅដល់៩០ភាគរយនៃក្បាលគ្រាប់ទាំងអស់លើពិភពលោក។
សន្ធិសញ្ញាគ្រប់គ្រងអាវុធនេះត្រូវបានចាត់ទុកថាជាសន្ធិសញ្ញាដ៏សំខាន់បំផុត និងគ្រោះថ្នាក់បំផុតសម្រាប់ពិភពលោក ពីព្រោះថាក្រៅតែពីអាចគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរដែលបានត្រៀមលក្ខណៈប្រើប្រាស់ហើយនោះ វាថែមទាំងអាចជួយឲ្យពិភពលោកមិនឱ្យធ្លាក់ចូលទៅក្នុងមហន្តរាយនៃការប្រើប្រាស់នុយក្លេអ៊ែរដែលមានចំនួនសរុបដល់ទៅរាប់ពាន់គ្រាប់នោះទៀតផង ពីព្រោះថាអាមេរិក និងរុស្ស៊ីជាធម្មតាគឺអាចមានសិទ្ធិក្នុងការបញ្ជូនក្រុមការងារត្រួតពិនិត្យគ្នាទៅវិញទៅមកជាប្រចាំ និងរក្សាទំនាក់ទំនងយ៉ាងជាប់លាប់ចំពោះការវិវត្តទៅនៃការដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរ។
នៅក្នុងលក្ខខណ្ឌគោលសំខាន់ៗនៃសន្ធិសញ្ញា New Start ដែលសំដៅទៅលើគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយរួចរាល់ ឬ Deploy Nuclear ប៉ុន្តែមិនសំដៅទៅលើគ្រាប់ដែលស្ថិតនៅក្នុងស្តុករបស់អាមេរិក និងរុស្ស៊ីឡើយ។ នៅក្នុងសន្ធិសញ្ញាដែលបានចុះហត្ថលេខាតម្រូវឲ្យប្រទេសទាំងពីរអាចធ្វើការដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរមិនឲ្យលើសពី ១ ៥៥០គ្រាប់ឡើយ ហើយមីស៊ីល និងយន្តហោះទំលាក់គ្រាប់បែកដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរមិនឲ្យមានចំនួនលើសពី ៧០០ គ្រឿងនោះទេ។
លើសពីនេះ ភាគីទាំងសងខាងគឺតម្រូវឲ្យមានការអនុញ្ញាតដោយឥតលក្ខខណ្ឌចំពោះក្រុមការងាររៀងខ្លួនក្នុងការចុះត្រួតពិនិត្យចំនួនយ៉ាងហោចណាស់១៨ដងរៀងរាល់ឆ្នាំដើម្បីធានាឲ្យបានថាទាំងរុស្ស៊ី និងអាមេរិកមិនល្មើសទៅនឹងសន្ធិសញ្ញានេះនោះទេ។
ទោះបីជាយ៉ាងណាក្តី ក្រោយការប្រកាសរបស់លោកប្រធានាធិបតី Putin រួចមក ក្រសួងការបរទេសរុស្ស៊ីបានចេញមកអះអាងបន្ថែមទៀតថា រដ្ឋាភិបាលក្រុងមូស្គូនឹងបន្តគោរពតាមគោលការណ៍របស់សន្ធិសញ្ញា ប៉ុន្តែការដកខ្លួនបណ្តោះអាសន្នពីសន្ធិសញ្ញាលើកនេះធ្វើឲ្យអ្នកជំនាញមើលឃើញថាវាមានន័យស្មើនឹងការដាក់របាំងដ៏ជិតមួយរវាងអាមេរិក និងរុស្ស៊ីមិនឲ្យភាគីទាំងសងខាងទទួលបានដំណឹង ឬរបាយការណ៍រវាងគ្នាអំពីការតម្លើងក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម និងការដាក់ពង្រាយមីស៊ីល និងយន្តហោះទំលាក់គ្រាប់បែកបន្ថែមដែរ។ មានមតិជាច្រើនបានយល់ឃើញផ្ទុយគ្នាបន្តិចចំពោះបញ្ហានេះ ដោយអ្នកខ្លះជឿជាក់ថា រុស្ស៊ីធ្វើបែបនេះក៏ព្រោះតែចង់បានត្រឹមការដាក់សំពាធទៅឲ្យអាមេរិកដើម្បីឲ្យគេសម្របខ្លួនមកសុំចរចាគ្នាលើបញ្ហានៅអ៊ុយក្រែន ហើយពេលនោះរុស្ស៊ីនឹងអាចដាក់លក្ខខណ្ឌបានច្រើនជាង និងចំណេញជាង ប៉ុន្តែមតិខ្លះទៀតបានបារម្ភថា ការដកខ្លួនពីសន្ធិសញ្ញាវាមានស្ថានភាពដូចជាការដកខ្លួនទាំងស្រុងចេញពីសន្ធិសញ្ញាដែរ មានន័យថា ពិភពលោកកំពុងស្ថិតនៅក្នុងពេលវេលាដ៏គ្រោះថ្នាក់ និងប្រឈមមុខបំផុតចំពោះមហន្តរាយដ៏អាក្រក់មួយនៃសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសញ្ញាធូរស្រាលរវាងអាមេរិក និងរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែនហាក់មិនមានភាពធូរស្រាលនៅឡើយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content