ភ្នំពេញ ៖ កាលពីឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ១៨៦ ដែលនាំឱ្យចំនួនរោងចក្រសរុបកើនដល់ ១៩៨២ និងបានបង្កើតការងារជាង ១ លានកន្លែង កើនឡើង ៤ ភាគរយ ហើយជំរុញឱ្យតម្លៃវិនិយោគសរុបរបស់រោងចក្រឧស្សាហកម្មមានចំនួន ១៦,៦៩ ពាន់លានដុល្លារ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំ២០២១។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការរាតត្បាតកូវីដ-១៩ បានបង្កផលប៉ះពាល់ជាច្រើន និងបានរំខានដល់ប្រតិបត្តិការរោងចក្រ ក៏ដូចជាកាត់បន្ថយការបញ្ជាទិញ។ តែទោះជាយ៉ាងណា វិស័យឧស្សាហកម្មនៅកម្ពុជាបានរក្សាស្ថិរភាពល្អ ហើយថែមទាំងបានបង្កើតឱកាសការងារជាង ១ លានកន្លែង ខណៈដែលវិស័យមួយនេះទទួលបានផលិតផលតម្លៃប្រមាណ ១១.៤ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ហើយផលិតផលតម្លៃ ៤.៣៥ ពាន់លានដុល្លារ ត្រូវបានលក់នៅលើទីផ្សារក្នុងស្រុក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃដើមសប្ដាហ៍ ដើម្បីពិនិត្យមើលសមិទ្ធផលការងារក្នុងឆ្នាំ២០២២ និងធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់ឱ្យបានទូលំទូលាយលើចំណុចខ្លាំង ចំណុចខ្សោយ រួមទាំងកំណត់ទិសដៅអនុវត្តបន្តឱ្យសម្រេចបានជោគជ័យ ពិសេសជុំវិញការអនុវត្តនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងបន្តការខិតខំប្រឹងប្រែងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ឱ្យទទួលបានលទ្ធផលជោគជ័យសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា៕