បរទេស៖ យោងតាមប្រភពពី Weforum បានបង្ហាញថា កម្មវិធីច្នៃប្រឌិតថ្មីចំនួន ៣ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត AI ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនាពេលបច្ចប្បន្ននេះ និងបន្តទៅថ្ងៃអនាគត។

កម្មវិធី Wysa គឺជា AI chatbot ដែលផ្តល់ជូននូវសេវាកម្មសុខភាពផ្លូវចិត្ត និងជួយសម្រួលអ្នកប្រើប្រាស់ពីភាពតានតឹងប្រចាំថ្ងៃបានប្រសើរជាងមុន។ Wysa ត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗទាក់ទងទៅនឹងជំងីផ្លូវចិត្ត ហើយវាអាចឆ្លើយតបបានគ្រប់ពេលវេលា។ លើសពីនេះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកបែបអនាមិក ឬ លាក់អត្តសញ្ញាណ ហើយកម្មវិធីនេះឆ្លើយតបជាការនិយាយស្តីដូចមនុស្សទៅ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ័ធូរស្បើយ និងសុវត្ថិភាព។ បន្ថែមពីនេះ Wysa ក៏ណែនាំអ្នកប្រើប្រាស់អំពីការធ្វើលំហាត់ប្រាណសម្រាប់ផ្លូវចិត្ត តិចនិកក្នុងការដកដង្ហើម ការសម្រួលអារម្មណ៍ និងឆ្លើយតបជាមួយនឹងខ្លឹមសារដែលរៀបរៀងឡើងដោយអ្នកព្យាបាលផ្លូវចិត្តផងដែរ។ ទន្ទឹមនឹងនេះ Wysa បានសម្របសម្រួលការសន្ទនាជាង ៥៥០ លាននៅក្នុង ៦៥ ប្រទេសជុំវិញពិភពលោក។ Wysa ធ្វើការជាដៃគូជាមួយសហគ្រាសចំនួន ៤០ ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តបុគ្គលិកចំនួន ៧ លាននាក់នៅទូទាំងពិភពលោក។

Treeswift គឺជាកម្មវិធីដែលមានសមត្ថភាពត្រួតពិនិត្យសុខភាពដើមឈើដោយប្រើប្រាស់ដ្រូន ឬយន្តហោះគ្មានមនុស្សបើក។ តាមរយៈការប្រើប្រាស់ដ្រូន ពួកវាអាចវាស់ចាប់ពីទំហំដើមឈើរហូតដល់គុណភាពឈើ។ លើសពីនេះ ទិន្នន័យទាំងនោះត្រូវបានដំណើរការដោយ AI ដែលមានសារៈសំខាន់សម្រាប់ការគណនាការប្រមូលកាបូន។ គេទទួលបានទិន្នន័យទាំងនោះពីការភ្ជាប់ឧបករណ៍ចាប់សញ្ញាទៅនឹងដ្រូន ដែលជាដំណោះស្រាយទំនើបបំផុតដើម្បីរក្សា និង បង្កើនព្រៃឈើសម្រាប់ពេលថ្ងៃខាងមុខ។ ការវិភាគទិន្នន័យរបស់ Treeswift ផ្តល់លទ្ធផលដូចជា អង្កត់ផ្ចិត កម្ពស់ គុណភាព ផលិតផលដែលអាចទិញលក់បាន ប្រភេទពូជសត្វ ព័ត៌មានភូមិសាស្ត្រ និងលក្ខណៈច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការវិភាគទិន្នន័យរបស់ Treeswift អាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងព្រៃឈើ ការប៉ាន់ស្មានការចាប់យកកាបូន ការប៉ាន់ប្រមាណតម្លៃឈើ ការត្រួតពិនិត្យពីការកាប់បំផ្លាញព្រៃឈើ និង ការព្យាករណ៍អំពីកំណើន។

Ellipsis Earth ប្រើបច្ចេកវិទ្យា AI ដើម្បីកំណត់អត្តសញ្ញាណផែនទី និងកាត់បន្ថយការទុកដាក់សំរាមតាមទន្លេ និងសមុទ្រ។ កម្មវិធីនេះអាចរកឃើញពីកម្រិតកាកសំណល់ រយៈពេលនៃកាកសំណល់ដែលនៅទីកន្លែងនោះ និងតម្លៃនៃការកែច្នៃរបស់វា។ ដំណោះស្រាយទាំងនេះជួយសម្រួលដល់អាជ្ញាធរអាចកំណត់គោលដៅក្នុងការសម្អាត។ នៅចក្រភពអង់គ្លេស និងអ៊ីតាលី កម្មវិធីនេះបានកាត់បន្ថយការចោលសំរាមតាមឆ្នេររហូតដល់ ៧៥ ភាគរយ។ លើសពីនេះ Ellipsis Earth ផ្តល់ជូនកម្មវិធី Ellipsis Educate ដែលជាវេទិកាអប់រំតាមអ៊ីនធឺណិតស្តីពីវិទ្យាសាស្ត្របរិស្ថានពិភពពិត។ កម្មវិធីនេះបង្ហាត់បង្រៀនសិស្សដោយអ្នកដឹកនាំបច្ចេកវិទ្យាបរិស្ថានដែលឈ្នះរង្វាន់ជាច្រើន ដែលពួកគេមានឆន្ទៈក្នុងការធ្វើការជាមួយសាលារៀនដើម្បីបង្កើនការយល់ដឹងជាសកលអំពីបញ្ហាបរិស្ថាន។ កម្មវិធីសិក្សានេះរួមមានដូចជា វិទ្យាសាស្ត្រប្រព័ន្ធអេកូឡូស៊ី, ការកែច្នៃប្លាស្ទិក, គីមីវិទ្យា, ការកែច្នៃឡើងវិញ, សេដ្ឋកិច្ចរង្វង់ ការវិភាគទិន្នន័យ, ការវាយតម្លៃ, ស្ថិតិ, ការស្ទង់មតិតាមភូមិសាស្ត្រ, Infographics, បរិស្ថាន, និង វិទ្យាសាស្ត្រ រួមជាមួយនឹងកម្មវិធីសិក្សាជាច្រើនទៀត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content