បរទេស៖ យោងទៅតាមប្រភពពី Aljazeera បានរាយការណ៍ថា ជម្លោះទីផ្សារលើវិស័យឈីបរវាងចិន-អាមេរិករឹតតែតានតឹង ខណៈដែលរដ្ឋាភិបាលហូឡង់កំពុងអនុវត្តការរឹតបន្តឹងថ្មីលើការនាំចេញគ្រឿងអេឡិចត្រូនិកទៅកាន់ចិននាពេលថ្មីៗនេះ។

បន្ទះឈីប semiconductors គឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតស្ទើរគ្រប់វិស័យចាប់ពីស្មាតហ្វូនរហូតដល់រថយន្ត និងវិស័យយោធា។ ចិន កំពុងសម្លឹងរកមើលការធានា, ការផ្គត់ផ្គង់របស់ខ្លួន ប៉ុន្តែឥឡូវនេះហូឡង់កំពុងទប់ស្កាត់ការនាំចេញនូវបច្ចេកវិទ្យាសំខាន់ៗកម្រិតខ្ពស់ដែលប្រើម្រាប់ផលិតបន្ទះឈីប ខណៈដែលប្រទេសចិននិយាយថា វាជាផ្នែកនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន ហើយសហរដ្ឋអាមេរិកនៅពីក្រោយការរឹតបន្តឹងថ្មីមួយនេះ។ ដូច្នេះ តើវានឹងជះឥទ្ធិពលដល់មហិច្ឆតាចិនចំពោះបច្ចេកវិទ្យាកម្រិតខ្ពស់យ៉ាងដូចម្តេច និង អាចជាឧបសគ្គសម្រាប់ចិនក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនេះផ្ទាល់ខ្លួនបានទេ?
កាលពីឆ្នាំមុនកន្លងទៅនេះ អាមេរិកបានរឹតបន្តឹងលើការនាំចេញឈីបទៅកាន់ចិន ហើយប្រធានាធិបតី Joe Biden និយាយថា វិធានការនេះមិនមែនសំដៅលើសេដ្ឋកិច្ចរបស់ចិននោះទេ ប៉ុន្តែគឺសំដៅទៅលើបច្ចេកវិទ្យាយោធាទំនើបដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនកំពុងវិនិយោគរាប់ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបក្នុងស្រុករបស់ខ្លួន។

ការប្រកួតប្រជែងគ្នាផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរកំពុងរង្គោះរង្គើដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មកទល់ពេលនេះ អាមេរិកនៅតែបន្តចាត់វិធានការរឹតបន្តឹងដើម្បីកាត់បន្ថយសមត្ថភាពរបស់ចិនក្នុងការបង្កហានិភ័យ និងការពារសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិងក្នុងនាមជាមហាអំណាចកំពូលរបស់ពិភពលោក។ ដូចនេះហើយវាជារឿងមិនគួរឲ្យភ្ញាក់ផ្អើលទេដែលសម្ព័ន្ធមិត្តអឺរ៉ុបកំពុងត្រូវបានអូសទាញជាបណ្ដើរៗ ពីព្រោះអឺរ៉ុបមើលឃើញថា ការគំរាមកំហែងលើបច្ចេកវិទ្យារបស់ចិន និងការផលិតអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកគេ ទោះបីជាការផ្តោតលើផលប្រយោជន៍របស់អឺរ៉ុបមិនដូចអាមេរិកក៏ដោយ។
លោក Steven Erlenger ប្រធានព័ត៌មានការទូតប្រចាំអឺរ៉ុបនៅ New York Times បានលើកឡើងថា ចិននឹងជៀសផុតពីការហាមឃាត់នេះ ប៉ុន្តែប្រសិនបើខ្លួនមិនអាចផលិតបច្ចេកវិទ្យាដោយខ្លួនឯងបាន ឬ វាមិនអាចទិញបច្ចេកវិទ្យានៅកន្លែងផ្សេងបានទេ នោះទីបំផុតចិននឹងរៀនផលិតបច្ចេកវិទ្យាដោយខ្លួនឯង។ ទោះជាយ៉ាងណាក្តី វាគឺជារឿងពិបាកណាស់ និង ប្រើរយៈពេលយូរ។ ប្រសិនបើយើងក្រឡេកមើលការផលិតបន្ទះឈីបនៅតៃវ៉ាន់ និង ហូឡង់នេះ វាគឺជារឿងមិនងាយស្រួលចម្លងទេ ទោះបីជាចិនអាចនឹងជោគជ័យនៅពេលណាមួយក៏ដោយ។ ចិនជាមនុស្សឆ្លាត នោះពួកគេនឹងទៅដល់គោលដៅ ប៉ុន្តែសហរដ្ឋអាមេរិកនឹងបង្កជាការលំបាក់ ឬ ឧបសគ្គក្នុងដំណើរការរបស់ចិនក្នុងការទៅដល់គោលដៅ។

លើសពីនេះ ចំណុចដែលសំខាន់មួយទៀតនោះគឺ ម៉ាស៊ីន ឬ បច្ចេកវិទ្យាដែលផលិតឈីប ពីព្រោះវាពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃកម្មវិធីយោធា ដែលធ្វើឲ្យបន្ទះឈីបអាចរកបាន ឬ ផលិតយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកកំពុងរៀបចំវិធីសាស្រ្តគោលនយោបាយសាធារណៈទាំងមូល តំរង់ទិសឡើងវិញជុំវិញបច្ចេកវិទ្យា និងគោលនយោបាយពាណិជ្ជកម្មត្រូវបានជំរុញដោយមហិច្ឆតាទូលំទូលាយដើម្បីធានាថាប្រទេសចិនមិនក្លាយជាប្រទេសនាំមុខគេនៅក្នុងពិភពលោក។ លោក Warwick Powell សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Queensland បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ចិននឹងទទួលបានផ្លែផ្កា ប៉ុន្តែវាអាស្រ័យលើរយៈពេលដែលចិនចំណាយក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា។ នៅពេលដែលចិនបដិសេធនូវឱកាសចូលរួមក្នុងកម្មវិធីរបស់ស្ថានីយ៍អវកាស នោះចិននឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់ខ្លួនដើម្បីទទួលបានជោគជ័យមួយចំនួន។ នៅពេលអនាគត មិនថាបីឆ្នាំ ប្រាំឆ្នាំ ឬប្រាំពីរ ឬប្រាំបី ឬប្រាំបួនឆ្នាំនោះទេ បច្ចេកវិទ្យាទាំងនេះនឹងស្ថិតនៅក្នុងសមត្ថភាពរបស់ជនជាតិចិន ពិភពវិទ្យាសាស្ត្រ និងវិស្វកម្មរបស់ចិន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content