ភ្នំពេញ៖ សភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសីលកា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការស្តីពីការអនុវត្តគម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានរយៈពេល៣ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៨។
គម្រោងនេះផ្តល់មូលនិធិដោយសភាពអឺរ៉ុបចំនួន ៣,៥ លានអឺរ៉ូ ក្នុងគោលបំណងពង្រឹងការចូលរួមរបស់ពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ។

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា៖ ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (Open Budget Survey – OBS ) ដែលប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៨ រហូតមក ។
ក្នុងឱកាសនេះ ឯកឧត្តម បានអរគុណចំពោះសហភាពអឺរ៉ុប (EU Delegation) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS របស់កម្ពុជាមានការកើនឡើងខ្លាំងនៅឆ្នាំ២០២៣ ដោយទទួលបាន ៤៣ ពិន្ទុ ធៀបនឹង ៣៣ ពិន្ទុនៅឆ្នាំ២០២១ ។

លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។
លោកបានកត់សម្គាល់ថា ៖ តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឲ្យមានលំហរចូលរួមជាសាធារណៈថែមទៀត គម្រោងនេះរួមចំណែកដល់អភិបាលកិច្ចបែបបរិយាបន្ន។
លោកបានបញ្ជាក់ថា៖
«ការលើកកម្ពស់សិទ្ធិដល់ពលរដ្ឋក្នុងការចូលរួមការគ្រប់គ្រងធនធានសាធារណៈមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តសាធារណៈ និងធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា ៖ អភិបាលកិច្ចបែបប្រជាធិបតេយ្យចាប់ផ្តើមពីការចូលរួមរបស់ពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់គ្រាន់។ តាមរយៈគម្រោងនេះ អង្គការអុកស្វាមមានមោទនភាពក្នុងកិច្ចសហការជាមួយអង្គការដៃគូ ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ និងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព តាមរយៈកិច្ចសន្ទនាររវាងភាគីពាក់ព័ន្ធ។
លោកស្រីបញ្ជាក់ថា ៖
«គម្រោងនេះមិនត្រឹមតែចូលរួមចំណែកក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ហើយថែមទាំងបង្កើននូវសម្លេងរបស់ពលរដ្ឋ និងធានាថា ធនធានត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ»។
គួរជម្រាបថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈចាប់តាំងពីឆ្នាំ២០០៤ ដោយបានពង្រឹងប្រព័ន្ធនៃការគ្រប់គ្រងថិវកាជាពិសេសនៅថ្នាក់ជាតិ។ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ បានពង្រឹងការប្រមូលចំណូលសារធារណៈតាមរយៈការធ្វើទំនើបកម្ម និងឌីជីថលលូបនីយកម្មនៃប្រព័ន្ធគយ និងពន្ធដារ ការធ្វើឱ្យប្រសើរឡើងនូវសេវាសម្រាប់អ្នកបង់ពន្ធ ការពង្រីកមូលដ្ឋានគិតពន្ធ និងការពង្រឹងអនុលោមភាព។ ការអនុវត្តប្រព័ន្ធបច្ចេកព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចូលរួមលើកកម្ពស់តម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការធ្វើស្វ័យប្រវត្តកម្មលើដំណើរការនានា រួមមានប្រតិបត្តិការរបស់រតនាគាររបាយការណ៍ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងនីតិវិធីអនុវត្តហិរញ្ញវត្ថុ៕








វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content