សៀមរាប ៖ ប្រហុក ជាប្រភេទគ្រឿងផ្សំរសជាតិដែលបងប្អូនប្រជាជនខ្មែរនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាចច្នៃលាយជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសឱ្យកាន់តែឆ្ងាញ់ពិសា។
លោក យន់ សំណាង ប្រធានសិប្បកម្ម កែច្នៃប្រហុកសៀមរាប សំណាង សុធា ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា៖ ប្រហុកសៀមរាប មានក្លិនឈ្ងុយនៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំឆួល ហើយគេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយៈក្លិនឈ្ងុយបែបវត្ថុផ្អែមដែលខុសប្លែកពីប្រហុកផ្សេងទៀត។ ប្រហុកសៀមរាប ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ជុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុកនោះទេ ហើយម្យ៉ាងទៀត នៅពេលដាក់ប្រហុកលើបាតដៃហើយក្តាប់ដៃនោះមិនបណ្តាលឲ្យមុតដៃឡើយ។ ប្រភេទប្រហុកសៀមរាប រួមមានដូចជា៖ ប្រហុកសាចត្រីកំភ្លាញ ,ប្រហុកសាច់ត្រីរ៉ស,ប្រហុកសាច់ត្រីដៀប ,ប្រហុកឆ្អឹងត្រីកំភ្លាញ,ប្រហុកឆ្អឹងត្រីរៀលជាដើម។

គួរបញ្ជាក់ថា ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយក្នុងឆ្នាំ២០០៤ សិប្បកម្ម សំណាង សុធា បានវិវត្តន៍ខ្លួនពីការកែច្នៃប្រហុកតាមបែបប្រពៃណីទៅជាសហគ្រាសគំរូជំរុញការអភិវឌ្ឍប្រហុកនៅក្នុងខេត្តសៀមរាប។ ដំបូងឡើយ សិប្បកម្មកែច្នៃប្រហុក ប្រើប្រាស់ត្រីអន់គុណភាព ដែលសេសសល់ពីការផលិតត្រីងៀត និងលក់បានក្នុងតម្លៃត្រឹមតែ ២-៣ដុល្លារ/គីឡូក្រាម។
ក្រោយមក គម្រោង CAPFISH-Capture បានគាំទ្រលើការចុះបញ្ជីប្រហុកសៀមរាបជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)របស់កម្ពុជា ដែលមានលោក យន់សំណាង ជាប្រធានសមាគម និងជាម្ចាស់សិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា កំពុងពង្រីកទីតាំងផលិតកម្មថ្មីរបស់ខ្លួនឱ្យស្របតាមសៀវភៅបន្ទុកស្តីពី ប្រហុកសៀមរាប GI។ គំនិតផ្តួចផ្តើមនេះរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ ធានាការអង្កេតដាន និងពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផលនឿលើទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

ក្នុងការផលិតប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាង សុធា បានប្រើប្រាស់ត្រីដែលមានប្រភពសម្គាល់ភូមិសាស្រ្តច្បាស់លាស់ពីតំបន់មួយចំនួនជុំវិញបឹងទន្លេសាប ផ្គត់ផ្គត់ដោយក្រុមប្រជានេសាទ ដូចមានកំណត់នៅក្នុងសៀវភៅបន្ទុក។ កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) របស់គម្រោង បានផ្តល់ជំនួយបច្ចេកទេសដល់សហគ្រាសក្នុងការកែច្នៃផលិតផលសម្បូរបែប ដូចជា ប្រហុកគ្រឿង ប្រហុកត្រីឆ្ការ និង ប្រហុកក្រសាំង (រសជាតិជួរហើរ) ដែលក៏ក្នុងចរាចរណ៍នៅលើទីផ្សារនាពេលបច្ចុប្បន្ន៕ ដោយ៖ ម៉ាដេប៉ូ, រូបភាព៖ លោក វ៉េង លឹមហួត





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content