ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថា ការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ត្រូវការតួអង្គសេដ្ឋកិច្ចដែលបច្ចុប្បន្នមានច្រើនលើសលប់ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស មិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន។
បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងប្រឹងប្រែងដើម្បីប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ដែលជាចក្ខុវិស័យឆ្នាំ២០៥០ ។ រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ យុទ្ធសាស្ត្រនេះក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តតាកែវ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្តចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង។
ឯកឧត្តមបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។
សូមជម្រាបថា គិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០ ៦៧៧ ។ ខេត្តតាកែវ ស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានការស្នើសុំចុះឈ្មោះចំនួនជាង ១៥ ៤៦៦ សំណើ ហើយយុទ្ធនាការនេះក៏មានគោលដៅពន្លឿនការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនផងដែរ៕








វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content