គម្រោង​​ «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កំពុងបន្តអនុវត្ត និងពង្រីកសកម្មភាពជាអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិសាត់

រតនគិរី ៖ គម្រោង​​«ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍»  ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ និងបន្តអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិ៍សាត់ ដោយមានការគិតគូរទៅដល់ប្រជាជនដែលមិនទាន់ទទួលបានចំណេះដឹងហិរញ្ញវត្ថុ ជាពិសេស ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច និងកំពុងត្រូវការចាំបាច់ប្រើប្រាស់នូវសេវាឥណទានផ្សេងៗ ព្រមទាំងលើកកម្ពស់នូវការសម្រេចចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសិទ្ធិ និងការទទួលបានកិច្ចការពារដល់ពួកគាត់ផងដែរ។

លោក ឈន វឌ្ឍនៈ ក្រុមការងារដឹកនាំការអនុវត្តថ្នាក់កណ្តាលនៃគម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍»  បានលើកឡើងថា ក្រោយពេលគម្រោងមួយនេះដំណើរការ ប្រជាជនជាច្រើនទទួលបានចំណេះដឹង និងដំណោះស្រាយក្នុងការគ្រប់គ្រងកម្ចី ក៏ដូចជាទទួលបាននូវការបណ្តុះបណ្តាលពីចំណេះដឹងហិរញ្ញវត្ថុសរុបប្រមាណជាង ៣ម៉ឺននាក់។ ក្រៅពីនេះ ពួកគាត់មានលទ្ធភាព និងយល់ដឹងកាន់តែច្បាស់ពីការសន្សំថែមទៀតផង។  

លោកបញ្ជាក់ថា តាមរយៈការពង្រីកគម្រោងជាលើកទី២នេះ នឹងនាំមកជាមួយនូវផែនការផ្សព្វផ្សាយទៅដល់ជនជាតិដើមភាគតិច ដែលអាចឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ឥណទាន មានសុវត្ថិភាព ទទួលបានកិច្ចការពារ ជាពិសេស ចៀសផុតពីកម្ចីក្រៅផ្លូវការដែលមានហានិភ័យខ្ពស់។ ជាក់ស្ដែង ជាបទពិសោធន៍ បន្ទាប់ពីសិក្សាអំពីលទ្ធផលចុងគ្រានៃការអនុវត្តគម្រោងធៀបនឹងការវាស់វែងដើមគ្រា ពិនិត្យឃើញថា ទទួលបានភាពវិជ្ជមាន ដោយមិនត្រឹមតែផ្តោតលើការបញ្ជ្រាបចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុងការបង្កើតភាពអង់អាច ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើន​។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាតំណាងសមាគមធនាគារនៅកម្ពុជា បានសូមចូលរួមអបអរសាទចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ជាពិសេស លទ្ធភាពនៃការពង្រីកតំបន់គោលដៅថ្មីចំនួន ៥ ឃុំ ក្នុងឆ្នាំ២០២៦ រួមមាន ឃុំល្អក់ និងឃុំពយ ស្រុកអូរជុំ ខេត្តរតនគិរី, ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, និងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកជំទាវបានសង្កត់ធ្ងន់ថា ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើនសុខដុមរមនីយកម្មក្នុងវិស័យហិរញ្ញវត្ថុ។ វាជួយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ និងអាជីវកម្មគ្រប់ប្រភេទ អាចដំណើរការ និងទទួលសេវាហិរញ្ញវត្ថុបានយ៉ាងសមរម្យ ដើម្បីពង្រីកមុខរបរអាជីវកម្ម ប្រើប្រាស់ឥណទានត្រឹមត្រូវតាមគោលបំណង និងជៀសវាងហានិភ័យនៃបំណុលលើសលប់។ ជាពិសេស ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ និងទប់ស្កាត់ការចាញ់បោកបន្លំផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់ឥណទានមិនសមស្រប ដែលអាចនាំឱ្យប្រជាពលរដ្ឋជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏បានជួយពង្រឹងបំណិនជីវិតក្នុងការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុក្នុងគ្រួសារ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។

ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី យល់ឃើញថា គម្រោងនេះនឹងជួយលើកកម្ពស់សិទ្ធិអំណាចចំពោះប្រជាពលរដ្ឋដែលជាអតិថិជន មានការសម្រេចចិត្តត្រឹមត្រូវ និងអាចលើកយកបញ្ហារបស់ពួកគាត់ទៅពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រកបដោយការគោរពនិងទទួលខុសត្រូវ។ អតិថិជននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់ មានកិច្ចការពារដោយច្បាប់ ហើយអតិថិជនមានសិទ្ធិ បញ្ចេញមតិ និងមានសិទ្ធិដាក់បណ្តឹងតវ៉ា។

លោក ម៉ែន ភក្តី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ធនាគារជាតិនៃកម្ពុជា បានក៏បានលើកឡើងថា តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៩ ក្នុងខេត្តចំនួន៥ រួមទាំង បងប្អូនជនជាតិដើមភាគតិច អាចពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្តលើបញ្ហាហិរញ្ញវត្ថុដោយខ្លួនឯង និងជៀសផុតពីហានិភ័យនានា ដូចជា ការចាញ់បោកផ្នែកហិរញ្ញវត្ថុ ការខ្ចីប្រាក់ពីប្រភពក្រៅផ្លូវការដែលជំរុញឱ្យកើនបំណុលលើសលប់ ព្រមទាំងយល់ដឹងច្បាស់ពីការប្រើប្រាស់ប្រភេទឥណទានបានសមស្រប និងត្រឹមត្រូវតាមគោលដៅ។

លោក តូច ចៅចេក តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកឡើងដែរថា ការដំណើរការគម្រោង និងកិច្ចពិភាក្សានេះ បានផ្តោតជាចាំបាច់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងនិយ័តករ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ ក្នុងនាមសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តរតនគិរី ចំពោះការជួយជ្រោមជ្រែង និងការគាំទ្រលើការពង្រីកគម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ក្នុងខេត្តរតនគិរី និងខេត្តផ្សេងៗទៀតនាពេលនេះ។ 

សូមបញ្ជាក់ថា គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ មានគោលបំណងពង្រីកការអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ឱ្យបានទូលំទូលាយ តាមរយៈអាជ្ញាធរមូលដ្ឋាន ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មានតួនាទីចាំបាច់ក្នុងការបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែមជូនប្រជាពលរដ្ឋ។

គម្រោងនេះ បានចាប់ផ្តើមអនុវត្តដំណាក់កាលសាកល្បងអំឡុងឆ្នាំ២០២៣ – ២០២៤ នៅក្នុងកម្រិតឃុំគោលដៅចំនួន៤ ក្នុងខេត្ត កំពង់ធំ បាត់ដំបង ស្វាយរៀង និងខេត្តកំពង់ស្ពឺ។ ហើយដើម្បីអាចតាមដាន និងវាស់វែងភាពជោគជ័យ និងចំណុចត្រូវកែលំអនៃសកម្មភាព និងយុទ្ធសាស្ត្រគម្រោង ក្រុមការងារបានសិក្សាស្វែងយល់តាមសុច្ចនាករដែលបានបង្កើតឡើងសម្រាប់វាស់វែងក្នុងអំឡុងពេលចាប់ផ្តើមអនុវត្តគម្រោង និងចុងគ្រានៃការអនុវត្តសាកល្បងគម្រោងផងដែរ ក្រោមការចូលរួមគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍ JICA។ ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោងបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន, ទី២. ពង្រឹងភាពជាដៃគូតាមរយៈការកៀរគរធនធាន និងការចូលរួមពីរដ្ឋាភិបាល អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍនានា, ទី៣. ជំរុញការអភិវឌ្ឍក្បួនអនុវត្ត និងឧបករណ៍នានាសម្រាប់ការអនុវត្តគម្រោង និងលើកកម្ពស់គុណភាពនៃការអនុវត្ត, ទី៤. ចងក្រងឯកសារភស្តុតាង និងការអនុវត្តមេរៀនបទពិសោធន៍ល្អៗឆ្ពោះទៅរកការពង្រីកវិសាលភាពនៃគម្រោង និងទី៥. ពង្រឹងយន្តការដឹកនាំ ការគ្រប់គ្រង ការត្រួតពិនិត្យ ការវាយតម្លៃ និងការសម្របសម្រួលដើម្បីដំណើរការការងារជាមួយស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹង និងពង្រីកការអនុវត្ត៕ អត្ថបទ ៖ សាន ពសុធា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

Leave a Reply

Your email address will not be published.Required fields are marked *