បរទេស ៖ រដ្ឋាភិបាលថៃ បាន និងកំពុងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំលើវិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះ ដោយផ្តោតលើការបញ្ចុះតម្លៃលើសេវាកម្មផ្សេងៗ ច្បាប់ទម្លាប់ និងការជួយឧបត្ថម្ភបន្ថែមទាំងអ្នកផ្តល់សេវាកម្ម ទាំងភ្ញៀវទេសចរ ដែលរំពឹងថាអាចស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការផងដែរ។
យោងតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ពេលនេះ រដ្ឋាភិបាលថៃ តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរៀបចំផែនការជំរុញវិស័យទេសចរណ៍ឡើងវិញជាមួយខ្ទង់ចំណាយ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីអាចជួយសម្រួល និងបញ្ចុះតម្លៃទៅលើការចំណាយរបស់ទេសចរទាបជាងមុន។ តាមវិធានការនេះរំពឹងថា នឹងអាចបង្កើតតម្លៃសេដ្ឋកិច្ចបានប្រមាណ ៥៦ ពាន់លានបាត (១,៦៦ ពាន់លានដុល្លារ) តាមរយៈយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ។

យុទ្ធសាស្រ្តទី ១ គឺកម្មវិធី Thai Teaw Thai Plus ដែលនឹងជួយឧបត្ថម្ភធន ៥០ ភាគរយលើថ្លៃស្នាក់នៅសម្រាប់ទេសចរចំនួន ៥ សែននាក់ដំបូង ហើយអ្នកដំណើរម្នាក់អាចទទួលបានការឧបត្ថម្ភធនរហូតដល់ ៥ ដង ដែលមានតម្លៃអតិបរមា ៣ ០០០ បាត(ជិត ៩០ ដុល្លារ) ក្នុងការកក់ម្តង។ លើសពីនេះ ក៏មានប័ណ្ណបញ្ចុះតម្លៃ ៥០០ បាត (ជិត ១៥ ដុល្លារ) បន្ថែមសម្រាប់ការចំណាយនៅក្នុងភោជនីយដ្ឋាន និងអាជីវកម្មក្នុងស្រុកផងដែរ។ គម្រោងនេះរំពឹងថានឹងរកចំណូលបាន ៣២ ពាន់លានបាត (៩៥២ លានដុល្លារ) សម្រាប់សេដ្ឋកិច្ច។ យុទ្ធសាស្ត្រទី២ គឺ ការបញ្ចុះតម្លៃជើងហោះហើរក្នុងស្រុកពី ៤០០ ទៅ ៦០០ បាត (១២ ទៅ ១៨ ដុល្លារ) លើកៅអីយន្តហោះប្រហែល ៤០០,០០០ កៅអី ទៅតាមគោលដៅនីមួយៗ។ យុទ្ធសាស្រ្តទី៣ គឺ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភធនដល់ជើងហោះហើរជួល និងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍លើយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវបរទេសជាមួយនឹងគោលដៅបង្កើតចំណូលជាង ២៣ ពាន់លានបាត (៦៨៥ លានដុល្លារ)។
បន្ថែមពីលើយុទ្ធសាស្ត្រខាងលើនេះ រដ្ឋាភិបាលថៃបានប្រកាសថា គណៈរដ្ឋមន្ត្រីថៃសម្រេចអនុម័តលើការកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងបិទចន្លោះប្រហោងផ្នែកសន្តិសុខ ក្រោមគោលការណ៍ «ប្រទេសមួយ សិទ្ធិមួយ»។ នៅក្នុងការផ្លាស់ប្តូរនោះ ថៃនឹងបញ្ចប់ការលើកលែងទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់ប្រទេស និងដែនដីចំនួន ៩៣។ ជនជាតិមកពីប្រទេស និងដែនដីចំនួន ៥៩ នឹងត្រូវអនុញ្ញាតឱ្យចូលប្រទេសថៃដោយគ្មានទិដ្ឋាការ (Visa-Free) មិនលើសពី ៣០ ថ្ងៃឡើយ។ គម្រោងនេះក៏ត្រូវបានពង្រីកទៅកាន់ ៦ ប្រទេសបន្ថែមទៀតរួមមាន ឥណ្ឌា ក្រូអាត ប៊ុលហ្ការី ស៊ីប ម៉ាល់តា និងម៉ាល់ឌីវ (ជាសរុបមានចំនួន ៦៥ ប្រទេស និងដែនដី)។ លើសពីនេះ ជនជាតិម៉ូរីទីស (Mauritius) និងសេឈែល (Seychelles) អាចស្នាក់នៅបានត្រឹម ១៥ ថ្ងៃ ខណៈដែលអាស៊ែបៃហ្សង់ បេឡារុស និងស៊ែប៊ី អាចសុំទិដ្ឋាការពេលទៅដល់ (VoA) បាន។ ថៃក៏បានលុបចោលទិដ្ឋាការពេលទៅដល់ (VoA)សម្រាប់ជនជាតិឥណ្ឌាផងដែរ ដើម្បីកុំឱ្យជាន់គ្នានឹងគម្រោងលើកលែងទិដ្ឋាការថ្មី។ បទប្បញ្ញត្តិថ្មីនេះនឹងត្រូវចូលជាធរមានក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីការចុះផ្សាយនៅក្នុងរាជកិច្ចរបស់ថៃ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content