ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ស្ដ្រីគឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ», «ជួយស្ដ្រីគឺជួយខ្លួនឯង» រួមទាំងប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែតថា«ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
សម្តេចមហារដ្ឋសភាធិការធិបតី បានសង្កត់ធ្ងន់បែបនេះនៅក្នុងកម្មវិធី សំណេះសំណាល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ នៃស្ថាប័ននីតិប្បញ្ញត្តិ ជូនដល់សិក្ខាកាមជាមន្ដ្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ទោះបីជា មានវឌ្ឍនភាពក្នុងការលើកកម្ពស់ស្ត្រីក្នុងសេវាសាធារណៈ ក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែយឺតយ៉ាវ ក្នុងការតំណាងនយោបាយស្ត្រី ដោយចំនួនស្ត្រីនៅក្នុងរដ្ឋសភាបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧបសគ្គនយោបាយ កង្វះកូតា និងទំនួលខុសត្រូវគ្រួសារ គឺជាកត្តាសំខាន់ដែលរារាំងស្ត្រីកម្ពុជា ក្លាយជាដឹកនាំ។ នេះបើតាមសង្កេតរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ទិន្នន័យរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៦ ស្ត្រីកាន់កាប់ត្រឹមតែ ១៣,៦ភាគរយ នៃអាសនៈក្នុងរដ្ឋសភាពោលគឺ មានស្រ្តីតែចំនួន ១៧រូបប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភាសរុប ១២៥ រូប។ ចំនួនស្រ្តី ក្នុងរដ្ឋសភាតិចតួចនេះធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ ១៥២ ក្នុងចំណោម ១៨៤ ប្រទេសទូទាំងពិភពលោកដែលមាន ស្ត្រី ក្នុងស្ថាប័ន នីតិបញ្ញត្តិ។ របាយការណ៍ រំលឹកថា នៅឆ្នាំ២០២០ ស្ត្រីកម្ពុជា ដែលបានកាន់កាប់អាសនៈរដ្ឋសភា មាន ចំនួន ២១ភាគរយ និងអាសនៈព្រឹទ្ធសភា ១៦ភាគរយ។
ចំណែក តំណាងនៅក្នុងព្រឹទ្ធសភាបានប្រសើរឡើងបន្តិច ដោយចំនួនស្ត្រីបានកើនពី ១៦ភាគរយ ក្នុងឆ្នាំ២០២៣ ទៅចំនួន ១៩ភាគរយ ក្នុងឆ្នាំ២០២៦។ អង្គការសហប្រជាជាតិនៅកម្ពុជា ក៏បានលើកឡើងពីគម្លាតស្ត្រីដែលចូលរួមក្នុងការដឹកនាំ ចំពេលដែលរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមេភូមិម្នាក់ក្នុងចំណោមបីនាក់ជាស្ត្រី។
យោងតាមតួលេខដែលចេញផ្សាយ ក្នុងខែមករា ឆ្នាំ២០២៦ មានតែក្រសួងចំនួន ៣ ប៉ុណ្ណោះ ក្នុងចំណោមក្រសួងចំនួន ២៧ របស់ប្រទេសកម្ពុជា ដែលដឹកនាំដោយស្ត្រី គឺស្មើនឹង ១១ភាគរយ។ ក្នុងនោះរួមមាន លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕ ខន ណារី AMS




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content