ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ នៃឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិសរុប ៣ ២៥០ ៩៣៧នាក់/ដង និងភ្ញៀវទេសចរបរទេសចំនួន ៤១ ៨១៣នាក់/ដង ចេញដើរលេងកម្សាន្តដែលតួលេខនេះបានកើនឡើង ៣៧,៥% បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នេះ។
អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍ ឯកឧត្ដម តុប សុភ័ក្ដ្រ បានឱ្យដឹងតាមរយៈបណ្ដាញសារព័ត៌មាន AMS ថា បើទោះបីជាក្រសួងមិនបានសិក្សាលម្អិតលើទំហំចំណាយថវិការបស់ទេសចរម្នាក់ៗនៅអំឡុងពេលបុណ្យអុំទូកចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ ប៉ុន្ដែសកម្មភាពដើរកម្សាន្ដ និងទេសចរណ៍ទាំង ៣ថ្ងៃនេះ បានបង្កើតជាចរន្ដសេដ្ឋកិច្ចក្នុងស្រុកយ៉ាងធំ។
យោងតាមរបាយការណ៍ដដែល រាជធានី/ខេត្ដចំនួន ៥ បានទទួលភ្ញៀវទេសចរច្រើនជាងគេ ក្នុងនោះ រាជធានីភ្នំពេញ ឈរនៅលំដាប់លេខរៀងទី១ ទទួលបានភ្ញៀវ ៥៦៨ ៤៤១នាក់/ដង ទី២ ខេត្ដកំពត ទទួលបាន ៤១២ ៦៦៨នាក់/ដង ខេត្ដ សៀមរាប ទទួលបាន ៤០៣ ៥១៧នាក់/ដង ខេត្ដព្រះសីហនុ ទទួលបាន ៣៤២ ៩៦២នាក់/ដង និងឈរនៅលេខរៀងទី៥ គឺខេត្ដតាកែវ ទទួលបានភ្ញៀវទេសចរ ៣០៤ ៧០៥នាក់/ដង។
បើគិតក្នុងន័យសេដ្ឋកិច្ច ចេញពីដំណើរកម្សាន្ដ និងទេសចរណ៍របស់ពលរដ្ឋទាំងជាង ៣លាននាក់/ដង នេះ អ្នកជំនាញសេដ្ឋកិច្ច និងមន្ដ្រីក្រសួងទេសចរណ៍មើលឃើញថា វាបានពញ្ញាក់ចរន្ដសេដ្ឋកិច្ចជាតិខ្លាំងក្លា ហើយអ្នកផ្ដល់សេវាទាំងប្រយោល និងដោយផ្ទាល់សុទ្ធតែទទួលបានផលភ្លាមៗ។ ប៉ុន្ដែមន្ដ្រី មិនអាចបញ្ជាក់ពីទំហំសេដ្ឋកិច្ច ឬការចំណាយជាក់លាក់របស់ពលរដ្ឋម្នាក់ៗក្នុងសកម្មភាពទេសចរណ៍នេះដោយគ្រាន់តែផ្អែកលើតួលេខ ឬមើលលើសកម្មភាពមនុស្សច្រើនកុះករនៅតាមរមណីយដ្ឋានផ្សេងៗនោះទេ។
មិនអាចបង្ហាញតួលេខនៃទំហំសេដ្ឋកិច្ច ឬការចំណាយរបស់ពលរដ្ឋម្នាក់ៗក្នុងអំឡុងពេលបុណ្យអំុទូកនេះ ក៏ព្រោះតែពុំមានការសិក្សាថ្មី ឬការសិក្សាផ្ដោតលើពិធីបុណ្យអុំទូកឆ្នាំនេះ ដោយស្ថាប័នជំនាញណាមួយ។ ប៉ុន្ដែនៅអំឡុងឆ្នាំ២០២៤ ក្រសួងទេសចរណ៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ធ្លាប់សិក្សាម្ដង ហើយបានរកឃើញថា សម្រាប់ពលរដ្ឋម្នាក់ បានចំណាយប្រហែល ២០ម៉ឺនរៀល ឬបើគិតក្នុង ១គ្រួសារ អាចចំណាយប្រហែល ៤០០ ទៅ ៥០០ដុល្លារ ឬស្មើនឹង ២លានរៀល នៅអំឡុងពេលនៃពិធីបុណ្យទានជាតិធំម្ដងៗ។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច ក៏បានមើលឃើញថា ចរន្ដសាច់ប្រាក់បានជ្រួតជ្រាបដល់សហគមន៍ទេសចរណ៍តាមបណ្តាខេត្ដឆ្ងាយៗ អាជីវករ សេវាករភ្លាមៗ ដោយរាប់បញ្ចូលទាំងការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ការទទួលទានអាហារក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន និងហាងកាហ្វេ។ សេវាកម្មដែលបម្រើដល់សកម្មភាពទេសចរ និងដំណើរកម្សាន្ដខ្លាំងក្លាបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានចំនួន ៣ធំៗ គឺទី១ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ ទី២ សេវាដឹកជញ្ជូន និងធ្វើដំណើរ និងទី៣ ការលក់រាយនូវវត្ថុអនុស្សាវរីយ៍ រួមទាំងកសិផលខ្មែរ៕






វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content