ភ្នំពេញ៖ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ រំពឹងថា កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅប្រទេសវៀតណាម នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈការពង្រីកពាណិជ្ជកម្ម ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការទាក់ទាញការវិនិយោគក្នុងតំបន់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម ឯកឧត្តមបណ្ឌិត ញឹល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ថា កិច្ចប្រជុំ CLMV នឹងផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់កម្ពុជា ជាពិសេសការពង្រីកច្រកសេដ្ឋកិច្ច និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយប្រទេសក្នុងតំបន់។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា វេទិកានេះនឹងជួយឱ្យកម្ពុជាពង្រីកច្រកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកពាណិជ្ជកម្មតែមួយ។ លោកកត់សម្គាល់ថា កន្លងមកកម្ពុជាពឹងផ្អែកខ្លាំងលើច្រកប្រទេសថៃ ដែលអាចបង្កជាបញ្ហាប្រឈមនៅពេលមានជម្លោះព្រំដែន និងសម្ពាធពីភាគីថៃ។
លើសពីនេះ កិច្ចប្រជុំនេះក៏អាចជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មក្នុងតំបន់ផងដែរ។ ឯកឧត្តមបណ្ឌិត ញឹល រដ្ឋា បានលើកឡើងថា វៀតណាមមានការរីកចម្រើនខ្លាំងជាងគេក្នុងចំណោមប្រទេសទាំង៤ លើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិក ដែលអាចបង្កើតឱកាសឱ្យការវិនិយោគក្នុងវិស័យទាំងនេះបន្តហូរចូលមកកម្ពុជាតាមរយៈយុទ្ធសាស្ត្រ «វៀតណាមបូក១» (Vietnam Plus 1)។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «នៅក្នុងចំណោមប្រទេសទាំង៤ នៃ CLMV ឃើញថាប្រទេសវៀតណាមមានការរីកចម្រើនខ្លាំងជាងគេលើឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិក ហើយការរីកចម្រើននៅប្រទេសវៀតណាម វានឹងធ្វើឱ្យការវិនិយោគលើឧស្សាហកម្ម និងបច្ចេកវិទ្យាទាំងនោះហូរចូលមកកម្ពុជាតាមរយៈការវិនិយោគ ”វៀតណាមបូក១”»។
ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា កម្ពុជា វៀតណាម និងឡាវ មានទំនាក់ទំនងជិតស្និទ្ធក្នុងចំណោមប្រទេស CLMV ហើយកិច្ចប្រជុំនេះក៏ជាយន្តការសហប្រតិបត្តិការដែលផ្តោតលើការជំរុញការវិនិយោគក្នុងតំបន់ត្រីកោណ លើវិស័យអាទិភាពដូចជា កសិកម្ម ថាមពល និងការដឹកជញ្ជូន។
ស្របពេលជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា ដែលជាសមាគមអ្នកធុរកិច្ចធំៗនៅកម្ពុជា បានបញ្ជូនសមាជិកចំនួន៥រូប ដើម្បីអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ដំណើរទស្សនកិច្ចនេះរួមមាន កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។
សមាគមបានបញ្ជាក់ថា ការចូលរួមរបស់ថ្នាក់ដឹកនាំធុរកិច្ចកម្ពុជាក្នុងកិច្ចប្រជុំកំពូលទាំងនេះ បង្ហាញពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគបរទេស និងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល CLMV លើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយផ្តោតលើការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង៤។ កិច្ចប្រជុំនេះនឹងជំរុញការសម្រួលពាណិជ្ជកម្មឆ្លងដែន ការកាត់បន្ថយរបាំងពន្ធ និងរបាំងមិនមែនពន្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងការពង្រីកច្រកទ្វារព្រំដែន ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកពាណិជ្ជកម្មតែមួយ។
ជាមួយគ្នានេះ សារព័ត៌មានវៀតណាម VietnamPlus បានរាយការណ៍ថា កិច្ចប្រជុំ CLMV ក៏នឹងផ្តោតលើកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម ការអភិវឌ្ឍតំបន់ត្រីកោណ និងវិស័យអាទិភាព ព្រមទាំងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនផងដែរ៕





វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content