ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

​ភ្នំពេញ​៖​ ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​។

​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត ​កាលពី​ថ្ងៃទី​២​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​មាន​អត្តពលិក​កម្ពុជា​ចំនួន​ ​៥,៤៥០​នាក់​ និង​អត្តពលិក​អន្តរជាតិ​ ​១,០៥០​នាក់​។​ ក្រៅពី​ការ​ប្រកួត​កីឡា​ ​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ និង​អ្នក​អម​ដំណើរ​ឱ្យ​មក​ទស្សនា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ​និង​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​ក្នុង​ស្រុក​។

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​ឯកឧត្តម ​ហួត​ ​ហាក់ ​បាន​ឱ្យដឹង​ថា​ ​ប្រទេស​ដែល​មាន​អត្តពលិក​ចូលរួម​ច្រើន​ជាង​គេ​ ​រួមមាន​ចិន​ ​២០១​នាក់​ ជប៉ុន​ ​១០០​នាក់​ ​និង​ចក្រភព​អង់គ្លេស​ ​១០០​នាក់​។

​ឯកឧត្តម ​បាន​បញ្ជាក់​ថា​ ​កំណើន​អ្នកចូលរួម​ ជាពិសេស​អត្តពលិក​អន្តរជាតិ​ ​ឆ្លុះបញ្ចាំង​ពី​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​នៃ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នៅ​តំបន់​អង្គរ​ និង​រួមចំណែក​ជំរុញ​ទេសចរណ៍​កីឡា ​ព្រមទាំង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ ​និង​រូបភាព​ «​កម្ពុជា​៖​ ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» ​ទៅកាន់​ពិភពលោក​។

​ឯកឧត្តម​ តុ​ប ​សុភ័ក​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​នៅ​រសៀល​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ថា​ ​ព្រឹត្តិការណ៍​កីឡា​ក៏​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដែរ​ ​ហើយ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​ ​និង​កម្សាន្ត​នៅ​កម្ពុជា​។

​ឯកឧត្តម ​បាន​លើកឡើង​ថា​ ​ការ​ចូលរួម​របស់​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​បង្ហាញ​ថា​ ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព​ ​និង​ទំនុកចិត្ត​ ​ដែល​អាច​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ​ក៏​ដូចជា​អ្នកវិនិយោគ​។​

ឯកឧត្តម ក​បាន​បន្ត​ថា​ ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​មិន​មែន​មាន​តែ​អត្តពលិក​នោះ​ទេ​ ​ប៉ុន្តែ​អាច​មក​ជាមួយ​ក្រុមគ្រួសារ​ មិត្តភក្តិ ​ឬ​អ្នកគាំទ្រ ​ដែល​ធ្វើឱ្យ​ការ​ចំណាយ​ផ្នែក​ទេសចរណ៍​កើនឡើង​។ ​អ្នកចូលរួម​មួយ​ចំនួន​អាច​មកដល់​មុនពេល​ព្រឹត្តិការណ៍​ និង​បន្ត​ស្នាក់​នៅ​ក្រោយ​កម្មវិធី​ ​ដើម្បី​ពង្រីក​ការ​ទស្សនា​ ​និង​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ​។

​ការ​ចំណាយ​ទាំង​នេះ​រួមមាន​ការ​ស្នាក់​នៅ​តាម​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ ការ​ហូបចុក ​ការ​ធ្វើដំណើរ​ និង​ការ​ទិញ​វត្ថុអនុស្សាវរីយ៍​ ​ដែល​បង្កើត​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ ​និង​អាជីវកម្ម​នៅ​តំបន់​ជុំវិញ​ព្រឹត្តិការណ៍​។

​លោក ​ធួន​ ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​(​PATA​) ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ម៉ារ៉ាតុង​អន្តរជាតិ​គឺជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​កីឡា ​ឬ​ទេសចរណ៍​ផ្អែក​លើ​ព្រឹត្តិការណ៍​ ​ដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​ប្រើប្រាស់​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​គុណភាព​ ​និង​ការ​ចំណាយ​ខ្ពស់​។

​ទោះជា​យ៉ាងណា​ ​លោក​បាន​បញ្ជាក់​ថា​ ​ព្រឹត្តិការណ៍​តែ​មួយ​មិន​អាច​ស្តារ​វិស័យ​ទេសចរណ៍​ទាំងមូល​បាន​ទេ ​ប៉ុន្តែ​វា​អាច​ក្លាយជា​ឧបករណ៍​ទីផ្សារ​ដ៏​មាន​ប្រសិទ្ធភាព​ ​ប្រសិនបើ​ត្រូវបាន​រៀបចំ​ ​និង​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​។

​លោក​ ​ធួន​ ស៊ីណាន ​បាន​សង្កត់ធ្ងន់​ថា​ ​អ្វី​ដែល​សំខាន់​ជាង​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​គឺ​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​ទាន់​ពេល​ ​ដោយសារ​ក្រុមហ៊ុន​ទេសចរណ៍​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​ទីភ្នាក់ងារ​ទេសចរណ៍​ ​ជាទូទៅ​រៀបចំ​ផែនការ​លក់​កម្មវិធី​ធ្វើដំណើរ​ពី​ ​៦​ ​ទៅ​ ​១២​ខែ​ជាមុន​។

​លោក​បាន​លើកឡើង​ថា​ ​កម្ពុជា​គួរ​ផ្លាស់ប្តូរ​ពី​ការ​ផ្សព្វផ្សាយ​នៅ​នាទី​ចុងក្រោយ​ ​មក​រៀបចំ​ផែនការ​ទីផ្សារ​យ៉ាងហោចណាស់​មួយ​ឆ្នាំ​ជាមុន ​ដើម្បីឱ្យ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អាច​ក្លាយជា​ផលិតផល​ទេសចរណ៍​អន្តរជាតិ​ពិតប្រាកដ​។

​លោក​បាន​បញ្ជាក់​ថា​ ​អត្ថប្រយោជន៍​របស់​ម៉ារ៉ាតុង​អង្គរ​មិន​គួរ​វាស់​ត្រឹម​ចំនួន​អ្នករត់​ ​៦,៥០០​នាក់​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​មើលទៅ​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​ ​ការ​ផ្សព្វផ្សាយ​ប្រទេស​ ​និង​កេរ្តិ៍ឈ្មោះ​របស់​គោលដៅ​ទេសចរណ៍​។

​តាម​លោក​ ​ធួន​ ស៊ីណាន ​អត្តពលិក​ជាង​ ​៦,០០០​នាក់​មកពី​ ​៥១​ប្រទេស​ ​មិន​មែន​មក​កម្ពុជា​ត្រឹមតែ​ដើម្បី​ចូលរួម​រត់​ប្រណាំង​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​អាច​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​កម្ពុជា​ដោយ​ផ្ទាល់​ តាមរយៈ​រូបភាព​ វីដេអូ ​បណ្តាញ​សង្គម​ និង​បទពិសោធន៍​ដែល​ពួកគេ​ចែករំលែក​ទៅកាន់​មិត្តភក្តិ ​និង​សហគមន៍​របស់​ពួកគេ​។

​លោក​បាន​បន្ថែម​ថា​ ​ព្រឹត្តិការណ៍​នេះ​ក៏​អាច​ជួយ​បង្កើន​រយៈពេល​ស្នាក់​នៅ​ និង​ការ​ចំណាយ​របស់​ភ្ញៀវ ​ព្រោះ​អ្នកចូលរួម​ជាច្រើន​អាច​ស្នាក់​នៅ​មុន​ ​និង​ក្រោយ​ការ​ប្រកួត​ ​ដើម្បី​ទស្សនា​អង្គរ ​សហគមន៍​ ទទួលទាន​អាហារ​ ​ទិញ​វត្ថុអនុស្សាវរីយ៍​ និង​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ​។​

ក្រៅពី​នេះ​ ​វា​ជួយ​ពង្រឹង​រូបភាព​កម្ពុជា​ថា ​ជា​គោលដៅ​ដែល​មាន​សុវត្ថិភាព​ ​អាច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​បាន​ ​និង​មាន​សមត្ថភាព​ទទួល​ភ្ញៀវ​ដែល​មាន​គុណភាព​។ ​រូបភាព​នេះ​មាន​សារៈសំខាន់​ទាំង​សម្រាប់​ការ​ទាក់ទាញ​ទេសចរ ​និង​ការ​វិនិយោគ​។​

ការ​ចូលរួម​របស់​អត្តពលិក​កម្ពុជា​ជាង​ ​៥,៤៥០​នាក់​ ​ក៏​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​លើកកម្ពស់​ទេសចរណ៍​ក្នុង​ស្រុក​ ​ខណៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍​ ​និង​កីឡាកាន់តែ​ច្រើន​។

​ដើម្បី​បង្កើន​ផលប្រយោជន៍​ពី​ព្រឹត្តិការណ៍​នេះ​ លោក​ ​ធួន​ ស៊ីណាន ​បាន​ស្នើ​ឱ្យ​ពិចារណា​ពង្រីក​ម៉ារ៉ាតុង​អង្គរ​ពី​ព្រឹត្តិការណ៍​រយៈពេល​មួយ​ថ្ងៃ​ ​ទៅជា​ «​Angkor​ ​Marathon​ ​Festival​ ​Week​» ​ដែល​អាច​រួមបញ្ចូល​ការ​តាំងពិព័រណ៍​ វប្បធម៌​ ​ម្ហូប​អាហារ​ សិក្ខាសាលា​ ​កម្មវិធី​សុខភាព​ ​និង​ការ​ផ្គូផ្គង​អាជីវកម្ម​ទេសចរណ៍​ ​ដើម្បី​បង្កើន​ការ​ចំណាយ​ ​និង​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវ​។

​លោក​បាន​ពន្យល់​ថា​ ​ការ​ចាក់បញ្ចូល​ចំណូល​ទៅក្នុង​សេដ្ឋកិច្ច​មិន​កើតឡើង​តែ​តាមរយៈ​ថ្លៃ​ចុះឈ្មោះ​រត់​នោះ​ទេ​ ​ប៉ុន្តែ​តាមរយៈ​ ​Tourism​ ​Value​ ​Chain​ ​ឬ​ខ្សែ​ច្រវាក់​តម្លៃ​ទេសចរណ៍​ទាំងមូល​។ ​អ្នកចូលរួម​ និង​អ្នក​អម​ដំណើរ​ត្រូវការ​សំបុត្រ​យន្តហោះ​ ​ការ​ដឹកជញ្ជូន​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ មគ្គុទ្ទេសក៍​ ការ​ទិញ​ទំនិញ​ ​សេវាកម្ម​កម្សាន្ត​ ​និង​សកម្មភាព​ទេសចរណ៍​ផ្សេង​ៗ​។

​ការ​ចំណាយ​ទាំងនេះ​បង្កើត​ប្រាក់​ចំណូល​ដល់​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ​អ្នកលក់​វត្ថុអនុស្សាវរីយ៍​ សហគមន៍​មូលដ្ឋាន​ ​និង​អាជីវកម្ម​ខ្នាត​តូច​ជាច្រើន​។ ​ជាមួយគ្នា​នេះ​ ​ប្រាក់​ដែល​ភ្ញៀវ​ចំណាយ​ក៏​អាច​បង្កើត​ «​Multiplier​ ​Effect​» ​ឬ​ឥទ្ធិពល​គុណ ​ដោយ​បន្ត​ចរាចរ​ទៅកាន់​កសិករ​ ​អ្នកនេសាទ ​អ្នកផលិត​ម្ហូប​អាហារ​ ​អ្នកផ្គត់ផ្គង់​សម្ភារៈ​ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

​ទោះជា​យ៉ាងណា​ ​លោក​ ​ធួន​ ស៊ីណាន ​បាន​កត់សម្គាល់​ថា​ ​កម្ពុជា​គួរ​បង្កើន​ «​Economic​ ​Capture​» ​ឱ្យ​បាន​ខ្ពស់​ជាង​នេះ​ តាមរយៈ​ការ​រៀបចំ​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ​ជាង​មុន​ ​ចំណាយ​កាន់តែ​ច្រើន​ និង​បន្ត​ធ្វើដំណើរ​ទៅ​គោលដៅ​ផ្សេង​ៗ​ ​ដូចជា​ ​បន្ទាយស្រី​ ​បឹង​ទន្លេ​សាប ​ព្រះវិហារ​ និង​កំពង់​ផ្លុក ​ជាដើម​។

​លោក​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​ម៉ារ៉ាតុង​អង្គរ​ត្រូវបាន​ភ្ជាប់​ជាមួយ​កញ្ចប់​ទេសចរណ៍​ ​កម្មវិធី​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​សណ្ឋាគារ​ និង​ភ្នាក់ងារ​ទេសចរណ៍​ ​ព្រមទាំង​ធ្វើ​ទីផ្សារ​អន្តរជាតិ​ជាមុន​ពី​ ​៦​ ​ទៅ​ ​១២​ខែ​ ​ព្រឹត្តិការណ៍​នេះ​អាច​វិវត្ត​ពី​ព្រឹត្តិការណ៍​កីឡា​ទៅជា​យន្តការ​សំខាន់​មួយ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ទេសចរណ៍​របស់​កម្ពុជា​ ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ក្នុង​តំបន់​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *