ត្បូងឃ្មុំ៖ ស្ថិតនៅតាមដងទន្លេមេគង្គ តំបន់ក្រូចឆ្មារ ជាស្រុកមួយចំណុះខេត្តត្បូងឃ្មុំ មានអំណោយផលទាំងការធ្វើស្រែ ធ្វើចំការ ជាមួយនឹងការទទួលបានទិន្នផលខ្ពស់។ បន្ថែមពីនេះ អ្វីដែលបានបង្ហាញពីអត្តសញ្ញាណនៃស្រុកមួយនេះ នៅរដូវក្រោយពេលប្រមូលផល អ្នកស្រុកក្រូចឆ្មារភាគច្រើនតែងមានទម្លាប់ធ្វើនំគ្រៀបលក់ជាលក្ខណៈគ្រួសារ ដែលអាចចាត់ទុកថាជាមុខរបរបន្ទាប់បន្សំមួយបន្ថែមប្រាក់ចំណូលក្នុងគ្រួសារ។

ជាបន្ទះម្សៅមានរាងមូលៗ និងរស់ជាតិផ្អែមតិចៗ នំក្រៀបត្រូវបានគេយកទៅអាំងនៅលើភ្លើង ក្ដៅៗ ស្រួយៗ ទាំងមូល ឬកាត់ជាដុំតូចៗបំពងប្រឡាក់ម្សៅស្ករនិងសណ្ដែកហៅថានំស្បែកជ្រូក ឬបងប្អូនប្រជាជនទូទៅនិយមទទួលទានជាចំណីកំដរមាត់ ជាពិសេសគេឃើញមាននៅតាមពិធីបុណ្យនានា។

អ្នកស្រី ពេញ ឈុនអ៊ាង មានវ័យ ៥០ឆ្នាំ ជាអ្នកផលិតនំក្រៀបម្នាក់ស្ថិតនៅក្នុងភូមិទី៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា អ្នកស្រីបានប្រកបរបរធ្វើនំនេះយូរឆ្នាំហើយ ដោយសារតែការផលិតគឺមិនពិបាកអ្វីច្រើននោះទេ។
អ្នកស្រីបញ្ជាក់ថា ៖
“ខ្ញុំធ្វើនំនេះយូរឆ្នាំដែរហើយ ឯការធ្វើនំនេះក៏មិនសូវពិបាកប៉ុន្មានដែរ មិនសូវចំណាយពេលយូរ គឺយើងអាចឆ្លៀតពេលធ្វើបាននៅពេលយើងទំនេរ ពិសេសអាចធ្វើទុកបានយូរ ឱ្យតែយើងវេចខ្ចប់ឱ្យបានល្អ។ ចំពោះតម្លៃវិញ នំក្រៀបមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ ៩ ០០០រៀល ហើយអតិថិជនភាគច្រើនគឺនៅក្នុងស្រុកភូមិជិតៗ ឯខ្លះទៀតក៏មានអ្នកស្គាល់តាមគ្នាមកទិញបន្តយកទៅលក់បន្ត។ គេនិយមធ្វើនំក្រៀបជាលក្ខណៈគ្រួសារបែបនេះនៅខែចូលឆ្នាំចិន គឺស្ទើរគ្រប់មុខផ្ទះមានកន្ទេលហាលនំក្រៀបជាហូរហែរតែម្ដង។ ក្រៅពីនេះ គេក៏អាចធ្វើបានគ្រប់រដូវកាលឱ្យតែមានពន្លឺថ្ងៃសម្រាប់ហាលសម្ងួតបន្ទះនំ ឬក៏អាស្រ័យលើការកម្ម៉ង់របស់ភ្ញៀវផងដែរ”

អ្នកស្រីបានប្រាប់ឱ្យដឹងថា ជំនាញក្នុងការធ្វើនំក្រៀបនេះគឺចេះចាំតៗគ្នាពីចាស់ៗជំនាន់មុន ចំណែកដើមទុនក៏មិនសូវចំណាយច្រើនដែរ ដោយសារគេត្រូវការចំណាយតែលើវត្ថុធាតុដើមដូចជា អង្ករដំណើប ស្ករស ពងទា និងប្រេងឆា ហើយក្រៅពីនេះគេត្រូវការកម្លាំងក្នុងការបុកអង្ករ និងកិនបន្ទះនំផងដែរ។
ទាក់ទងទៅនឹងវិធីធ្វើវិញ អ្នកស្រី ឈុនអ៊ាង រៀបរាប់ថា ៖
“ដំបូងគេត្រូវលាងអង្ករដំណើប ហើយត្រាំទុកពីល្ងាច លុះព្រឹកឡើងគេត្រូវងើបពីព្រលឹមដើម្បីចំហុយអង្ករឱ្យឆ្អិនទន់ និងយកទៅបុក។ ក្នុងការបុកគេត្រូវយកអង្ករដែលចំហុយឆ្អិននោះទៅបុកចំនួនពីរគឺបុកឱ្យម៉ដ្ឋ និងបុកម្ដងទៀតដោយលាយជាមួយនឹងស្ករសឱ្យសព្វល្អ។ បន្ទាប់មកគេយកម្សៅអង្ករដែលបុករហូតមានសភាពស្អិតល្អហើយនោះ បន្តយកទៅកិនជាបន្ទះមូលៗស្ដើងល្មម រួចយកទៅហាល ប៉ុន្តែចំពោះការកិនគេត្រូវប្រើប្រេងឆាលាយជាមួយនឹងស៊ុតដើម្បីលាបកុំឱ្យម្សៅខាំស្អិតជាប់បន្ទះកិន។ ក្នុងការហាលគេយកបន្ទះនំដែលកិនហើយទៅតម្រៀបលើកន្ទេល រួចហាល និងប្រែដល់នំស្ងួត ឬក៏ហៅថាឆ្អិន ទើបបកពីកន្ទេលប្រមូលទុកជាការស្រេច”

អ្នកស្រីបញញជាក់ថា ៖
“សម្រាប់រយៈពេលផលិត គឺយើងរវល់តែមួយព្រឹកទេក្នុងការចំហុយ បុក និងកិន តែប៉ុណ្ណោះ បន្ទាប់ពីនោះមក យើងនៅសល់ពេលសម្រាប់ធ្វើការងារផ្សេងទៀតផងដែរ។ ក្នុងមួយថ្ងៃ យើងអាចធ្វើបានចន្លោះ ២០-៣០គីឡូក្រាម តែបើផ្ទះណាគេមានកម្លាំងច្រើនគឺអាចផលិតបានដល់ទៅ ៤០គីឡូក្រាមក៏មាន”
ជាមួយគ្នានេះ អ្នកស្រីក៏បានបញញជាក់ឱ្យដឹងផងដែរថា ចំពោះបញ្ហាប្រឈមនៅក្នុងការប្រមុខរបរមួយនេះពុំសូវមានច្រើននោះទេ ប៉ុន្តែគេត្រូវការកម្លាំងច្រើនក្នុងការផលិត ដែលជាភាពងាយស្រួលចំពោះគ្រួសារណាដែលមានសមាជិកច្រើន។ សម្រាប់ពេលអនាគត អ្នកស្រី ពេញ ឈុនអ៊ាង និងក្រុមគ្រួសារ នឹងបន្តអនុវត្តការធ្វើនំនេះ ធ្វើយ៉ាងណាឱ្យគេស្គាល់និងនឹកឃើញថា ពេលចង់ទិញនំក្រៀប គឺនឹងឃើញដល់ស្រុកក្រូចឆ្មារផ្ទាល់តែម្ដង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content