ភ្នំពេញ ៖ នាយកដ្ឋាន កសិ-ឧស្សហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានបង្ហាញពីការសាកល្បងលើការបង្កើតស្ករចម្រាញ់ចេញពីសាច់ផ្លែស្វាយចន្ទី ដោយបានឱ្យឈ្មោះផលិតផលនោះថា «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី» របស់នាកដ្ឋានកសិ-ឧស្សហកម្មស្វាយចន្ទី។
លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានបញ្ជាក់នៅក្នុសំណេររបស់លោកថា រាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ដែលជាសក្តានុពលមួយមិនគួរមើលរំលងឡើយ។

ដោយបានបង្ហាញពីរូបភាពមួយចំនួនពីវត្ថុធាតុដើម រួមមានផ្លែស្វាយចន្ទី,ទឹកស្វាយចន្ទីបន្ទាបពីកៀបរួច និងផលិតផលស្ករផ្លែស្វាយចន្ទីដែលបានឱ្យឈ្មោះថា «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី» លោកប្រធាន ក៏បានប្រាប់ឱ្យដឹងថា បញ្ហាប្រឈមធំមួយគឺត្រូវធានាឱ្យបានថា ផ្លែទាំងនោះមិនមានលាយឡំជាមួយនឹងថ្នាំកសិកម្មបាញ់បំប៉នឡើយ បើមិនដូច្នេះទេ ស្ករដែលផលិតបានក៏មានសារធាតុទាំងនោះដែរ។
លោកបណ្ឌិត ចាយ ជីម ក៏បានបញ្ជាក់ពីការធ្វើស្ករកែច្នៃចេញពីផ្លែស្វាយចន្ទីនេះដោយមាន ៖ ១- ផ្លែស្វាយចន្ទី (ទម្ងន់២ ៣១៣ ក្រាម), ២-ដោយយកសាច់ផ្លែស្វាយចន្ទីមកច្របាច់ ឬកៀប យើងនឹងបានទឹកស្វាយចន្ទីបន្ទាបពីកៀបរួចចំនួន១ ៧៦៣ មីល្លីលីត្រ, ៣-បន្ទាប់មកយកទៅកូរលើភ្លើងរយៈពេលមួយម៉ោងកន្លះ ដើម្បីក្លាយជាស្ករ ហើយទី៤-យើងទទួលបានផលិតផលស្ករផ្លែស្វាយចន្ទី ១៦០ក្រាម ជាផលិតផលសម្រេច។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញឱ្យបង្កើតនូវស្ករកែច្នៃចេញពីផ្លែស្វាយចន្ទីរបស់នាយកដ្ឋាន កសិ-ឧស្សាហកម្មស្វាយចន្ទី ព្រោះវានឹងអាចផ្តល់អត្ថប្រយោជន៍ និងរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិតរបស់វិស័យស្វាយចន្ទីកម្ពុជា ដែលនឹងជួយធ្វើឱ្យផលិតផលស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។
លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS Economy ថា ការធ្វើសាកល្បងសំយោគជាស្ករផ្លែស្វាយចន្ទី គឺសមាគមបានធ្វើយូរហើយ ដោយបានដាក់ឱ្យប្រើប្រាស់នៅសិប្បកម្មជ័យសំបូរ ដោយគាត់បានធ្វើ និងលាយស្ករដែលចម្រាញ់បាននេះយកទៅប្រើប្រាស់នៅក្នុងផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី ប៉ុន្តែការធ្វើរបស់សមាគម មានទ្រង់ទ្រាយតូចនៅឡើយ រួមមាន៖ ទឹកខ្មេះ ស្រា និងស្ករចន្ទី ហើយបច្ចុប្បន្ននេះនៅតែបន្តផលិតជាទឹកខ្មេះ និងស្ករ ព្រោះសមាគមគិតថា មិនលើកទឹកចិត្តឱ្យផលិតជាស្រានោះទេ។

លោក ប្រធានសមាគម បានបន្ថែមថា ៖
«នៅរយៈពេលកន្លងមក យើងធ្លាប់ធ្វើផលិតកែច្នៃជាស្ករគឺទទួលបានជោគជ័យ ក៏ប៉ុន្តែផលដែលទទួលបានគឺកម្រិតស្ករដែលធ្វើពីសាច់ស្វាយចន្ទីទាបជាងអ្វីយើងបានធ្វើពីទឹកត្នោត និងធ្វើពីទឹកអំពៅ ហើយទោះបីយើងមានដំណើរការស្រាប់ និងផ្ដើមធ្វើជាស្ករនេះ បាន ៤ ឬ ៥ ឆ្នាំហើយក្តី ក៏មិនបានប្រើប្រាស់ក្នុងក្របខ័ណ្ឌឱ្យទូលំទូលាយឡើយ គឺប្រើជាគ្រឿងផ្សំក្នុងការកែឆ្នៃគ្រាប់ស្វាយចន្ទីតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ សមាគមស្វាយចន្ទីកម្ពុជា ក៏បានអរគុណដល់ក្រសួងកសិកម្ម ដែលបានបំផុសឱ្យមានការកែច្នៃ និងបង្កើតស្ករស្វាយចន្ទីនេះឡើង និងស្នើឱ្យមានការបង្កើតជាទ្រង់ទ្រាយធំ និងទូលៅទូលាយ ជាសហគ្រាសសិប្បកម្មស្តង់ដារ ព្រោះថាសមាគមមិនទាន់មានថវិកាគ្រប់គ្រាន់ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលាយដូចនាយកដ្ឋានកសិឧស្សាហកម្មនៅឡើយ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content