ប្លាស្ទិក បន្ទាប់ពីប្រើប្រាស់រួចហើយនឹងក្លាយទៅជាសំណល់មួយប្រភេទដែលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ព្រោះវាជាសំណល់មិនងាយរលាយ កប់ក្នុងដីក៏ពិបាក បោះក្នុងទឹកក៏មិនកើត ហើយបើដុតចោលក៏បង្កជាផ្សែងពុលប៉ះពាល់ដល់បរិយាកាស និងស្រទាប់អូហ្សូនថែមទៀតផង។ អាស្រ័យដោយមើលឃើញពីផលប៉ះពាល់បែបនេះ យុវជនកូនខ្មែរមួយរូបបានកែច្នៃកាកសំណល់ប្លាស្ទិកទៅជាស្នាដៃសិល្បៈថ្មី មានច្រើនទម្រង់ ច្រើនរូបភាព ទាំងប្រភេទគំនូរផុស ទាំងរូបចម្លាក់ផ្សេងៗ ដែលកំពុងទទួលបានការស្ញប់ស្ញែងពីមជ្ឈដ្ឋានជុំវិញខ្លួនគួរឱ្យកោតសរសើរ។

លោក រៀម មុនីស៊ីឡុង ជាសិល្បករមួយរូបរស់នៅភូមិតាអួរស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកកែច្នៃសំរាមទៅជាស្នាដៃសិល្បៈច្រើនទម្រង់ ច្រើនរូបរាង ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាជន ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលនានាយ៉ាងច្រើនរហូតទទួលបានពានរង្វាន់ក្នុងការដាក់ប្រកួតប្រជែងស្នាដៃផ្សេងៗផងដែរ។

ជាសិប្បករផ្នែកកែច្នៃសំរាមឱ្យក្លាយជាផលិតផលថ្មីមានសិល្បៈច្រើនទម្រង់ លោក រៀម មុនីស៊ីឡុង បានមានប្រសាសន៍ទាក់ទងនឹងមូលហេតុនៃការចាប់ផ្ដើមអាជីពនេះថា ៖
“ខ្ញុំចង់បង្ហាញស្នាដៃឱ្យក្មេងជំនាន់ក្រោយបានឃើញថា កាកសំណល់ក៏អាចកែច្នៃបាន ជាពិសេសគឺអាចជួយដល់បរិស្ថាន កាត់បន្ថយសំណល់ប្លាស្ទិក និងការកើនកម្ដៅផែនដីមួយកម្រិតផងដែរ”
លោកបន្តថា ៖
“ចំពោះវត្ថុធាតុដើមក្នុងការផលិតគឺយើងប្រើកាកសំណល់ទាំងសំណល់សរីរាង្គ សំណល់ផ្ទះបាយ និងប្លាស្ទិក ហើយពេលខ្លះយើងក៏អាស្រ័យទៅតាមតំបន់ ក៏ដូចជាគម្រោងដែលគេដាក់ឱ្យធ្វើ ពោលគឺយើងទទួលធ្វើតែរបស់ណាដែលអាចកែច្នៃវិញបាន ដូចជា ដបទឹក សំបកខ្យង និងសំរាមស្ងួតផ្សេងៗមួយចំនួនទៀត”

លោកបន្តថា ៖
“សម្រាប់ស្នាដៃដែលខ្ញុំបានកែច្នៃធ្វើជារូបភាពគឺទាក់ទងនឹងប្រពៃណី វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនយើងជាដើម ដែលមានការចាប់អារម្មណ៍ពីអ្នកសារព័ត៌មាន ក៏ដូចជាទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសំណាក់ក្រសួងបវប្បធម៌ អង្គការ និងកន្លែងកម្សាន្តផ្សេងៗ ហើយអតិថិជនភាគច្រើនយើងទទួលបានគម្រោងពីអង្គការនានា ដែលគាត់ចង់បានរូបសិល្បៈក៏ដូចជាស្នាដៃច្នៃពីសំរាមដើម្បីដាក់តាំងបង្ហាញផ្សេងៗ ហើយកម្រៃដែលយើងទទួលបានគឺអាស្រ័យលើការទទួលគម្រោង តែបើធ្វើលក់គឺមិនសូវមាននោះទេ”

ពាក់ព័ន្ធទៅនឹងការចំណាយពេលក្នុងការផលិតគឺអាស្រ័យលើទំហំរូប បើរូបតូចអាចប្រើរយៈពេលត្រឹម ១-២សប្ដាហ៍ ហើយបើរូបធំៗអាចចំណាយពេលចន្លោះពី ១-២ខែ ដែលស្នាដៃតូចៗលោកអាចធ្វើតែម្នាក់ឯងបាន តែបើស្នាដៃធំត្រូវការកម្លាំងបន្ថែមពីក្រុមការងារ ដោយមុនពេលវិបត្តិកូវីដ លោកមានសមាជិកក្រុមប្រមាណ១០នាក់។
គួរបញ្ជាក់ដែរថា លោក រៀម មុនីស៊ីឡុង បានចាប់ផ្ដើមអាជីពជាអ្នកច្នៃសំរាមឱ្យក្លាយទៅជាស្នាដៃសិល្បៈថ្មី ប្លែក តាំងពីឆ្នាំ២០០៩ ដោយពីមុន លោកជាជាងគំនូរតាមវត្តអារាម ប៉ុន្តែក្រោយមកដោយសារមានគ្រោះថ្នាក់ខូចម្រាមដៃ ក៏ចូលជាជនស្ម័គ្រចិត្តនៅអង្គការមួយ និងបានរៀនកែច្នៃក្រដាសចាស់ៗឱ្យទៅជាគ្រឿងតាំងលម្អផ្សេងៗ។
លោកបានរំលឹកទៀតថា នៅថ្ងៃមួយ ដោយសារតែលោកទទួលរងនូវការបំពុលដោយសារការដុតសំរាម លោកក៏នឹងឃើញកែច្នៃស្លឹកឈើ ក៏ដូចជាសំរាមសរីរាង្គមកធ្វើជាក្រដាស បន្ទាប់មកក៏ច្នៃបន្ថែមនូវសំណល់ផ្ទះបាយមកច្នៃបិតធ្វើជាគំនូរ និងលក់ឱ្យអតិថិជនតែម្ដង។ ក្រោយមកទើបលោកបានកែច្នៃបញ្ចូលគ្នានូវកាកសំណល់ សំរាមសរីរាង្គ សំណល់ផ្ទះបាយ និងប្លាស្ទិកបញ្ចូលគ្នា ។
យ៉ាងណាមិញផលលំបាកនៃការងារនេះ លោកបានរៀបរាប់ដែរថា របស់ខ្លះមានក្លិនមិនល្អដែលត្រូវយកទៅសម្អាត ស្នាដៃខ្លះទៀតពិបាកលក់ទាល់តែគេកម្ម៉ង់ទើបធ្វើ មួយវិញទៀតគឺមធ្យោបាយដឹកជញ្ជូន ដែលមានផលពិបាកត្រូវជួលគេ និងចំណាយអស់ច្រើនផងដែរ។ ដោយឡែក ចំពោះថ្ងៃអនាគត លោក រៀម មុនីស៊ីឡុង មានគម្រោងចង់បង្កើតក្រុមដ៏រឹងមាំមួយ ដើម្បីផលិត និងបើកជាសាលកៃច្នៃមួយកន្លែង ព្រោះលោកចង់រក្សាស្នាដៃ និងដាក់តាំងស្នាដៃកែច្នៃកន្លងមកឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកែច្នៃសំរាម និងសំណល់ប្លាស្ទិក ដើម្បីចូលរួមសម្អាត ថែរក្សាបរិស្ថានឱ្យបានល្អ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content