ភ្នំពេញ ៖ ផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ដោយក្នុងនោះមានទាំងគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ ហូលផាហួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសណ្ឋាគារសុខារាជធានីភ្នំពេញ។

ផលិតផលក្នុងស្រុកជាច្រើនដែលត្រូវបានដាក់តាំងពិព័រណ៍ទាំងនោះត្រូវបានមន្រ្តីក្រសួងការបរទេសប្រាប់ឱ្យដឹងថាមានចំនួន២៥ក្រុមហ៊ុន និងចំនួន២៦ស្តង់ និងយកមកតាំងបង្ហាញគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានចូលរួមទស្សនាដោយគ្រប់ប្រភេទផលិតផលសុទ្ធតែ ប្រកបដោយគុណភាពខ្ពស់ និងជាផលិតរបស់កម្ពុជា។
ឈ្មោះ អូន វណ្ណដា មន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងារការទូតសេដ្ឋកិច្ចបានរៀបចំនូវកម្មវិធីពិព័រណ៍សិល្បៈ និងផលិតផលខ្មែរដើម្បីដាក់តាំងបង្ហាញជូនទស្សនាដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូផង់ និងផលិតផលសក្តានុពលរបស់កម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា រូបចម្លាក់ដែលធ្វើពីកំទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ហូល ក្រមា ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។ ចំណែកផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង ត្រូវបានផលិត និងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបានលើកឡើងឱ្យដឹងដែរថា ៖ ទន្ទឹមនេះ ក៏មានការដាក់តាំងបង្ហាញអំពីប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា មានអាយុកាលជាង ២០០០ឆ្នាំ និងតែមប្រិ៍ជាច្រើនប្រភេទ ដែលបង្ហាញពីរចនាបទខ្មែរផងដែរ។ អ្វីដែលកាន់តែពិសេស តុពិព័រណ៍នីមួយៗត្រូវបានរៀបចំតុបតែង និងរចនាឡើងយ៉ាងស្រស់ស្អាតគួរឱ្យទាក់ភ្នែក អមដោយស្លាកសញ្ញាដែលតំណាងឱ្យកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ព្រមជាមួយនឹងផ្ការំដួលដែលជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលនឹងធ្វើឱ្យពិភពលោកបានឃើញកាន់តែច្បាស់ពីការលេចត្រដែត និងភាពសម្បូរបែបរបស់កម្ពុជា។
ម្ចាស់តម្បាញហាងកីមាស លោកស្រី តិចស៊ាម ហ៊ាង បានឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីបានបង្កើតឡើងតាំងតែពី ឆ្នាំ២០១៥ ដោយក្នុងនោះមានសហគមន៍ចំនួន៨បានចូលរួមក្នុងការផលិតក្រមា កន្សែងបង់ក សម្លៀកបំពាក់ជាដើម សុទ្ធសឹងផលិតឡើងដោយប្រជាសហគមន៍មូលដ្ឋាន។
លោកស្រីបានលើកឡើងដែរថា ផលិតផលទាំងនេះកើតចេញពីប្រជាសហគមន៍ដោយក្នុងនេះមានទាំងការកែច្នៃចេញពីសរសៃឈូកដើម្បីផលិតចេញជាគ្រឿងតម្បាញផ្សេងៗទៀតផង។ ក្នុងចំណោមសហគមន៍ដែលបានចូលរួមជាមួយសិប្បកម្មរបស់លោកស្រី មានសហគមន៍មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ តាកែវ និងកណ្តាល ហើយក្រៅពីនេះក៏មានមកពីខេត្តរតនគិរី និងព្រះវិហារផងដែរ។
លោកស្រីបានលើកឡើងទៀតថា បន្ទាប់ពីប្រជាសហគមន៍បានចូលរួមក្នុងការផលិតផលទាំងនេះមកឃើញថាជីវភាពរបស់ពួកគាត់បានល្អប្រសើរឡើង ហើយតាមរយៈការទទួលឱកាសមកដាក់តាំងលក់ផលិតផលនៅក្នុងពិព័រណ៍កិច្ចប្រជុំកំពូលអាស៊ាននេះរំពឹងថានឹងទទួលបានការគាំទ្របន្ថែមទៀតទាំងពលរដ្ឋកម្ពុជា ជាពិសេសអតិថិបរទេសនាថ្ងៃខាងមុខ។
ដោយឡែក អ្នកស្រី ឈួន សុចិត្តា ប្រធានផ្នែកលក់ និងខ្សែច្រវ៉ាក់ផលិតផលកម្មប្រចាំនៅក្រុមហ៊ុនសហករណ៍សរីរាង្គបានឱ្យដឹងថា ក្រុមហ៊ុនអ្នកស្រីមានផលិតនូវផលិតផលជាច្រើនក្នុងសហគមន៍ ដូចជា ចន្ទីសិរីរាង្គ មកពីខេត្តព្រះវិហារ ម្រេចកំពត ដែលទទួលស្គាល់ស្តង់ដាទីតាំងភូមិសាស្រ្ត និងស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី ហើយផលិតផលទាំងអស់នេះសុទ្ធតែទទួលបានស្តង់ដាត្រឹមត្រូវ។
អ្នកស្រី ឈួន សុចិត្តា បានឱ្យដឹងបន្ថែមថា តាមរយៈការចូលរួមពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែររំពឹងថានឹងមានការចាប់អារម្មណ៍ពីសំណាក់ក្រុមវិនិយោគិនបរទេសក៏ដូចជាទទួលការចាប់អារម្មណ៍ពីពលរដ្ឋកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកចាត់ចែងរៀបចំ និងចូលរួមពិព័រណ៍ថ្នាក់ជាតិ អន្តរជាតិ និងពិពរ័ណ៍ពិភពលោកនោះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងការរៀបចំតាំងពិព័រណ៍ផលិតផលរបស់កម្ពុជា ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ និងទិញផលិតផលទាំងនោះទៅប្រើប្រាស់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងឱ្យដឹងផងដែរថា មិនត្រឹមតែការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ បន្ថែមពីនេះក្រសួងពាណិជ្ជកម្ម បាននាំផលិតផលទាំងនោះ ទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នានានៅក្រៅប្រទេសជាញឹកញាប់។ ក្នុងនោះកម្ពុជាធ្លាប់ទទួលបានការកោតសរសើរពីអន្តរជាតិ ក្នុងការងារនាំយកផលិតផលរបស់ខ្លួនទៅតាំងបង្ហាញនៅក្នុងពិព័រណ៍ពិភពលោក៕ អត្ថបទដោយ ៖ ម៉ាដេប៉ូ

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content