ភ្នំពេញ ៖ កម្ពុជាលើកទឹកចិត្តឱ្យមានការបណ្ដាក់ទុនវិនិយោគលើការរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ (High Tech Industrial Park) ដែលបង្កើនការប្រកួតប្រជែងនៅកម្ពុជា និងផ្ដល់ឱកាសជូនទាំងប្រជាពលរដ្ឋកម្ពុជា និងសម្រាប់តំបន់ ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបជាមួយលោកស្រី Melissa Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។
នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីច្បាប់វិនិយោគរបស់កម្ពុជាដែលបើកទូលាយជូនចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនដែលកំណត់ដោយច្បាប់។ កម្ពុជាមានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញ ដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវ៉ាក់ផលិតកម្មសកលផងដែរ ។

លោកស្រី Melissa Brown បានបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ២០២០កន្លងទៅ កំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីត-១៩ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំ Westerdam របស់សហរដ្ឋអារមេរិកចូលចតនៅកម្ពុជា។ នាវាទេសចរណ៍ខ្នាតធំនេះនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកទេសចរណ៍ប្រមាណជាង ៤០០០នាក់ ។
លោកស្រីឧបការីរងរដ្ឋមន្ត្រីការបរទេស បានបង្ហាញចំណាប់អារម្មណ៍ផងដែរក្នុងការពិនិត្យរួមគ្នា អំពីកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសង្គម-វប្បធម៌ ការសិក្សាអប់រំ សុខាភិបាល ក៏ដូចជាកិច្ចកាងារវិនិយោគលើវិស័យជាសក្តានុពលរបស់ប្រទេសទាំងពីរ ដោយក្នុងនោះ លោកស្រីបានស្នើសុំឱ្យកម្ពុជាពិនិត្យលទ្ធភាពកែលម្អលើចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ តម្លាភាព និងប្រសិទ្ធភាពនៃបទដ្ឋានគតិយុត្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងកន្លងមក ។
ជាការកត់សម្គាល់ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួនតិចតួចនៅឡើយ តែកម្ពុជាក៏ត្រូវការវិនិយោគិនពីសហរដ្ឋអាមេរិក មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលអាចផ្ដល់ទាំងជំនាញសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីទើបឡើងកាន់តំណាងជានាយករដ្ឋមន្ត្រីថ្មីៗ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងនោះដែរសម្ដេចធិបតីក៏បានជួបជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក និងបានបង្ហាញពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជាដល់បណ្ដាវិនិយោគិនអាមេរិក ដោយរំពឹងថា នៅពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ អាមេរិកនឹងចូលមកកម្ពុជាដើម្បីបណ្ដាក់ទុនវិនិយោគលើវិស័យនានាដែលកំពុងមានសក្ដានុពលនិងអាទិភាព ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content