ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា៖ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។
គួរបញ្ជាក់ជូនផងដែរថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។
គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content