ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានស្វាគមន៍ចំពោះការហោះហើរឡើងវិញរបស់ក្រុមហ៊ុនហោះហើររបស់ចិន តភ្ជាប់មកកាន់បណ្តាខេត្តដែលមានសក្តានុពលរបស់កម្ពុជាចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួនបានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែយ៉ាងណាមិញមិនទាន់ប្រាកដប្រជានោះទេ ដោយសារពួកគេមិនទាន់ស្នើសុំការចុះចតជាក់លាក់នៅឡើយ ។
ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា បានលើកឡើងថា ចរន្តហោះហើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ត្រូវទាមទារពេលវេលាជាក់ស្តែង ដោយសារ រហូតមកទល់ពេលនេះ នៅមិនទាន់ដល់កាលកំណត់នៃការបើកប្រទេសចិនឡើងវិញនៅឡើយ ទោះបីជាមានក្រុមហ៊ុនចិនមួយចំនួនបានពាក្យស្នើសុំចំណតបម្រុងទុកក្តី ក៏ត្រូវរង់ចាំពិនិត្យមើលលើការចុះចត និងចំនួននៃការមកដល់នៃអ្នកដំណើរចិន។

ឯកឧត្តម បានគូសបញ្ជាក់ថា ៖
“ចំនួនជើងនៅមិនទាន់ដឹងច្បាស់ ដោយសារទី១ មិនទាន់ដល់ថ្ងៃទី៨ ខែមករា, ទី២ យើងពិនិត្យឃើញមាននិន្នាការសុំ slot ឡើងវិញ (slot គឺទីចំណតបម្រុងរបស់ក្រុមហ៊ុន)។ ដោយសារការស្នើសុំ slot មិនមែនជាសូចនាករជាក់លាក់ទេ តែត្រូវរង់ចាំមើលការស្នើសុំ Landing Permit សម្រាប់ការចុះចតទើបមានភាពជាក់លាក់”
ឯកឧត្តមបន្តថា ៖
“ទោះបីជាក្រុមហ៊ុនដាក់កម្មវិធីហោះហើរក៏ដោយ ប៉ុន្តែមិនបានន័យថា ប្រជាជនរបស់គាត់ទាំងអស់ ឬមនុស្សទាំងអស់នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើននោះដែរ។ ដូច្នេះអ្វីៗ ត្រូវរង់ចាំពេលវេលា ថាតើគាត់ធ្វើដំណើរយ៉ាងដូចម្តេច ហើយមកពេលណា”
ជាមួយការបង្ហាញនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ ខណៈតម្លៃសំបុត្រយន្តហោះទៅមករវាងកម្ពុជា និងចិន ដែលធ្លាប់ហក់ឡើងរហូតដល់ខ្ទង់ម៉ឺនដុល្លារ កាលពីអំឡុងរីករាលដាលជំងឺកូវីដ-១៩ ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលមកទល់បច្ចុប្បន្ន តម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ក្នុងរង្វង់ជាង ៥០០ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃមួយប្រហាក់ប្រហែលនឹងមុនពេលរីករាលដាលជំងឺកូវីដ។
កម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ដោយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជន និងភ្ញៀវទេសចរចិន ពេលមកដល់កម្ពុជា ដើម្បីទទួលធុរជន និងទេសចរចិន ជាមួយនឹងវិធានការសមរម្យ ដែលអាចទទួលយកបានទាំងអស់គ្នា កុំឱ្យមានរំខានដល់ការធ្វើដំណើរ។ បច្ចុប្បន្ននេះ ជើងហោះហើរ ពីកម្ពុជាទៅចិន មានចំនួន ១៥ជើង និងពីចិនមកកម្ពុជាចំនួន ១៥ជើង ក្នុងមួយសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនទ្បើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិនតាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលភ្ញៀវទេសចរចិន (China Ready Accreditation) ដោយបច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន។ក្នុងឆ្នាំ២០២៣នេះ ដែលកម្ពុជាព្យាករណ៍ថានឹងអាចទទួលទេសចរចិនរហូតដល់ទៅជិត ២លាននាក់។
យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content