បច្ចេកទេសដាំម្រះងាយៗ ប៉ុន្តែអាចទទួលបានទិន្នផលដល់ទៅជាង១០តោនក្នុងមួយហិចតា  

ដំណាំម្រះ ជារុក្ខជាតិវល្លិ៍មួយប្រភេទដែលផ្លែរបស់វាមានរសជាតិល្វីង​ រាងទ្រវែង ក្រឡាជ្រួញៗ ផ្លែរណេងរណោងលើទ្រើង ដែលបងប្អួនចូលចិត្តរសជាតិល្វីងនិយមយកទៅច្នៃចម្អិនជាម្ហូបបានច្រើនមុខមិនថាស្ងោរ ចៀន ឬឆានោះទេ ហើយអ្នកដាំដុះក៏ទទួលបានចំណូលច្រើនត្បិតថាតម្លៃផ្លៃម្រះក៏មានភាពសមរម្យនៅលើទីផ្សារ។ អាស្រ័យដោយមើលឃើញពី​តម្រូវការរបស់ម្រះបែបនេះហើយ ទើបអ្នកជំនាញបានចងក្រងជាបច្ចេកទេសដាំដំណាំម្រះងាយៗ អាចដាំបានពេញមួយឆ្នាំ និងទទួលបានផលខ្ពស់ដល់ទៅ ៨-១២តោនក្នុងមួយហិកតា។

ការដាំដុះដំណាំម្រះអាចដាំបានពេញមួយឆ្នាំ ដែលគេអាចដាំបានពីររបៀបគឺការដាំដោយគ្រាប់ផ្ទាល់ និងការដាំដោយកូនបណ្ដុះ ដែលប្រើបច្ចេកទេសពុំសូវខុសគ្នាប៉ុន្មាននោះទេ ពោលទាំងការរៀបចំដី ការដាក់ដាំ និងការទុកចន្លោះសម្រាប់ដាំដុះ។

តាមរយៈការចងក្រងរបស់អ្នកជំនាញកសិកម្មបានបង្ហាញថា ដើម្បីអាចដាំម្រះបាន គេត្រូវការចាំបាច់នូវការរៀបចំដី ដែលត្រូវការដីណាដែលមានជីជាតិល្អ និងត្រូវភ្ជួរ ហាលដីឱ្យស្ងួតល្អ រាស់បំបែកដីឱ្យល្អិត សម្អាតស្មៅ និងកាកសំណល់ផ្សេងៗឱ្យស្អាត ទើបលើករងសម្រាប់ដាំ។ ក្រោយពីលើករងហើយ កសិករក៏ត្រូវកាប់រណ្ដៅប្រមាណ ៥-១០សម ជ្រុំដីឱ្យផុសល្អ និងរោយផេះនៅបាតរណ្ដៅដើម្បីការពារគ្រាប់ពូជពីសត្វល្អិតចង្រៃ។

ការជ្រើសរើសពូជក៏ជាកត្តាសំខាន់នៅក្នុងការដាំដុះផងដែរ ហើយពូជម្រះដែលគេនិយមដាំគឺប្រភេទផ្លែធំទ្រវែង ក្រឡាឆ្នូតត្រង់ ផ្លែពណ៌បៃតងខ្ចី និងរសជាតិមិនសូវល្វីង ដែលអាចដាំដោយប្រើពូជប្រមាណ ១.៥-១.៨ គីឡូក្រាមសម្រាប់ដីមួយហិកតា។

សម្រាប់ការស្រោចស្រពវិញ ម្រះជាដំណាំត្រូវការសំណើមមធ្យមរាប់តាំងពីវាដុះពន្លកមក និងកាន់តែត្រូវការទឹកនៅពេលវាលូតលាស់កាន់តែធំ។ ចំពោះការផ្ដល់សំណើមនេះទៀតសោត គេអាចធ្វើបានច្រើនវិធីដូចជាតាមរយៈផ្សើម ឬតាមរយៈបញ្ចូលទឹកផ្ទាល់តែម្ដងដែលអាចបញ្ចូលទឹកនៅតាមចន្លោះរង ឬប្រើកម្លាំងមនុស្សស្រោចព្រឹកម្ដង ល្ងាចម្ដង ទើបធ្វើឱ្យម្រះចេញផ្កា និងផ្ដល់ទិន្នផលខ្ពស់។

ទន្ទឹមនឹងនេះ ការដាំដំណាំក៏ទាមទារឱ្យមានការជ្រោយដីទាំងពេលមុនដាំដែលធ្វើឱ្យដីជ្រាបទឹកបានល្អ និងពេលដាំបាន ២០-៣០ថ្ងៃដើម្បីបង្កើនប្រសិទ្ធភាពលូតលាស់របស់កូនដំណាំ។ ក្រៅពីនេះ គេក៏ត្រូវគ្របគល់ដំណាំដើម្បីបន្ថយការដុះស្មៅ​រក្សាសំណើមបានល្អ មិនធ្វើឱ្យដីហាប់ បន្ថយការហូរច្រោះ ដែលជួយឱ្យដំណាំលូតលាស់បានកាន់តែប្រសើរ។ សម្រាប់ការគ្របនេះ គេអាចប្រើជាស្មៅស្ងួត កំប្លោក ឬចំបើង យកទៅគ្របឱ្យជិតពេញ និងទុកចន្លោះឱ្យទងម្រះលូតចេញបាន។

សម្រាប់ពេលម្រះធំល្មមអាចតោងបាន គេអាចដោតចំណារ ឬអាចដាក់សំណាញ់ឱ្យតោងឡើងបាន។ ថែមលើនេះ កសិករក៏ត្រូវផ្ដល់ជាសារធាតុសរីរាង្គ ពិសេសជីលាមកសត្វ និងជីកំប៉ុស្ត ដើម្បីបំប៉នបន្ថែម ដែលគេអាចប្រើបានប្រមាណ ១០-១៥តោន ក្នុងមួយហិកតាដោយរាស់លប់ទៅក្នុងដី។

ចំណែកនៅដំណាក់កាលផ្លែ គេអាចជ្រើសរើសក្ដិបណាល្អដើម្បីរក្សាទុកឱ្យផ្លែធំបាន ដោយជ្រើសរើសផ្លែណាដែរមានទងធំវែង ផ្លែមានក្រឡាត្រង់ ថ្លោសទ្រវែងមានពណ៌បៃតងរលោង។ ក្រោយរើសបានហើយ គេត្រូវយកក្រដាសមករុំក្ដោបដើម្បីកុំឱ្យរុយទិចផ្លែ ធ្វើឱ្យផ្លែខូច។

ចុងក្រោយគឺការប្រមូលផល សម្រាប់ដំណាំម្រះគេអាចប្រមូលផលបានក្នុងរយៈពេលប្រមាណ ៤៥-៥០ថ្ងៃរាប់ពីពេលដាំ ហើយអាចប្រមូលផល ២-៣ថ្ងៃម្ដង និងអាចបេះបានរហូតដល់ទៅ ៨-១០ដង អាស្រ័យលើការដាំដុះ និងថែទាំ ហើយនៅតំបន់អាស៊ីជាមធ្យមអាចផ្ដល់ផលបានប្រមាណ ៨ទៅ ១២២តោនក្នុងមួយហិកតា៕