ភ្នំពេញ ៖ សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន និងធនាគារអេស៊ីលីដាភីអិលស៊ី បានរៀបចំនូវវេទិកាធុរកិច្ចមួយ ដើម្បីផ្គូរផ្គងរវាងធុរជន និងវិនិយោគិនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱ្យបានជួបធ្វើប្រាស្រ័យទាក់ទងគ្នាស្វែងយល់ពីគ្នា និងបង្កើតឱកាសក្នុងការបណ្ដាក់ទុនវិនិយោគរួមគ្នានៅក្នុងប្រទេសកម្ពុជា។ វេទិកាដែលរៀបចំដោយដៃគូទាំងពីរនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យកណ្ដាលធនាគារអេស៊ីលីដា ភីអិលស៊ី ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា វេទិកាធុរជនដែលរៀបចំឡើងដោយធនាគារអេស៊ីលីដា និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើង២លើករួចមកហើយ ដោយចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៩ ឆ្នាំ២០២២ ។ សម្រាប់ឆ្នាំ២០២៣នេះ វេទិកាធុរជនកម្ពុជា ជប៉ុនក៏មិនខុសពីឆ្នាំមុនៗដែរ គឺរៀបចំឡើងក្នុងគោលបំណងឱ្យធុរជន និងវិនិយោគិននៃប្រទេសកម្ពុជា និងជប៉ុនបានជួបប្រាស្រ័យទាក់ទងជាមួយគ្នា និងអាចចាប់ជាដៃគូក្នុងការបង្កើតធុរកិច្ចរួមគ្នា ។
លោកបណ្ឌិតបន្តថា ៖
«វេទិកាធុរជននេះ យើងគ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមជប៉ុន-កម្ពុជា នឹងដឹកនាំធុរជន និងវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជា និងស្វែងរកឱកាសក្នុងការវិនិយោគនានានៅក្នុងប្រទេសកម្ពុជាទៅតាមជំនាញ និងវិស័យរបស់ពួកគាត់»។

លោកបណ្ឌិតបានបន្ថែមថា នៅក្នុងប្រទេសជប៉ុន មានក្រុមហ៊ុនប្រមាណជាង ៣លានក្រុមហ៊ុន ក្នុងនោះ៩៩ភាគរយជាក្រុមហ៊ុន SME ដូច្នេះបើសិនជាកម្ពុជាអាចទាក់ទាញ ក្រុមហ៊ុនពីប្រទេសជប៉ុន្តែ១ភាគរយ ឬ ០,១ភាគរយក៏ឃើញថាមានចំនួនច្រើនដែរ ។ ម្យ៉ាងទៀតវិនិយោគិនជប៉ុន ជាវិនិយោគិនដែលមានការគិតគូរវែងឆ្ងាយ ហើយបើសិនជាពួកគេវិនិយោគនៅប្រទេសណាហើយ គឺវិនិយោគរយៈពេលវែង ។
លោកបណ្ឌិតក៏បានបង្ហាញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនជប៉ុន ដូចជាច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការទទួលបានការអនុគ្រោះមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ និងលក្ខខណ្ឌមួយចំនួនទៀត ដែលជាឱកាសសម្រាប់វិនិយោគិនបរទេស ។

លោក KAN’DA Yogo ប្រធានសមាគពាណិជ្ជកម្មជប៉ុន-កម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះ សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានសមាជិករាប់រយក្រុមហ៊ុន និងមានវិនិយោគិនខ្លះធ្វើមុខជំនួញនៅប្រទសកម្ពុជាស្រាប់ហើយ ប៉ុន្តែមិនបានចូលរួមជាមួយសមាគមនោះទេ ដូច្នេះ វិនិយោគិនជប៉ុនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនទៅតាមវិស័យ ដូចជាវិស័យអចលនទ្រព្យ ផ្សារទំនើប រោងចក្រផលិតបន្ទះឈីប និងក្រុមហ៊ុនហិរញ្ញវត្ថុជាដើម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content