កំពង់ធំ៖ វេទិកាស្វាយចន្ទី ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា» បានធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីរួមខេត្តកំពង់ធំ ដែលវេទិកានេះបានចាត់ទុកថា ជាការជំរុញឱ្យអ្នកពាក់ព័ន្ធផ្សព្វផ្សាយពីសក្កានុពលស្វាយចន្ទីកម្ពុជា សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ។

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន បានថ្លែងថា វេទិកាស្វាយចន្ទីនេះ ជាវេទិកាដែលមានសារៈសំខាន់ ដោយបានប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី និងផ្ដល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធ អាចចូលរួមតាំងបង្ហាញ ផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ និងការផ្គូរផ្គងធុរកិច្ច និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាពជោគជ័យជាដើម ដែលទាំងនេះ គឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលស្វាយចន្ទីកម្ពុជា។
ឯកឧត្តម កឹម ស៊ីថន បានមានប្រសាសន៍ថា ៖
« ដោយផ្តោតជាសំខាន់លើការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទី មានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មរសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក»។

ឯកឧត្តម កឹម ស៊ីថន ក៏បានចូលរួមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១- ស្នើសុំកិច្ចសហការនិងការបន្តគាំទ្រពីដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេស សហភាពអឺរ៉ុប និងអង្គការ Gl2 ក៏ដូចជាវិស័យឯកជនពាក់ព័ន្ធ ក្នុងការបន្តរៀបចំវេទិកាបែបនេះ ឱ្យបានជាប់លាប់ជារៀងរាល់ឆ្នាំដើម្បីចូលរួមអនុវត្តផែនការសកម្មភាពនានា ដែលបានដាក់ចេញនៅក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។
២- សូមលើកទឹកចិត្តឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ពង្រឹងតួនាទី និងកិច្ចសហការបន្ថែមឱ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។

៣- សូមលើកទឹកចិត្តឱ្យមានការផ្គូរផ្គងធុរកិច្ចបន្ថែម ក៏ដូចជាការអនុវត្តការធ្វើកសិកម្មកិច្ចសន្យា (Contract Farming) ដើម្បីធានានិរន្តរភាពតម្លៃ និងទីផ្សារ។
៤- ស្នើឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ បន្តចូលរួមគាំទ្រ និងរៀបចំកម្មវិធីបែបនេះជាប្រចាំ ព្រមទាំងចូលរួមជំនួបផ្គូរផ្គងពាណិជ្ជកម្មនានាឱ្យបានកាន់តែ ច្រើនដើម្បីផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងសមាជិកសហព័ន្ធនិងសមាគម និងកសាងភាពជាដៃគូ ជាមួយសហគ្រិនផ្សេងៗទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ប្រកបដោយយុទ្ធសាស្ត្រ និងកាន់តែស៊ីជម្រៅ។

៥- សូមស្នើឱ្យភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បន្តសហការឱ្យបានស្អិតល្មួតជាមួយក្រសួង/ស្ថាប័ន/និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាដោះស្រាយនូវកង្វល់ និងបញ្ហាប្រឈមនានាក្នុងវិស័យស្វាយចន្ទី។
៦- ក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញលើការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ។

បើតាម លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ មានសហគ្រាសសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង និងមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបានជាង ១៤៥ពាន់ហិកតា ដែលមានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីឆៅ បានប្រមាណ ២០ម៉ឺនតោន ស្មើនឹង ៣០% នៃក្របខ័ណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយដៃគូគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំទិវាស្វាយចន្ទី ក្នុងគោលបំណងប្រមូលតួរអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិតផល និងការកែច្នៃ សំដៅលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា ដោយការរៀបចំពិធីនេះគឺអនុលោមទៅតាមផែនការសកម្មភាព ក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content