បរទេស៖ កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាត់បន្ថយពន្ធដើម្បីប្រឆាំងការលក់បង្ខូចថ្លៃនៃសាច់ជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប ឬ anti-dumping មកត្រឹមចន្លោះ ៤,៩% ដល់ទៅ ១៩,៨% ដែលធ្លាក់ចុះពីអត្រាពន្ធដំបូង ៦២,៤% ដោយអត្រាពន្ធថ្មីនេះនឹងត្រូវចូលជាធរមាននៅថ្ងៃពុធ និងមានរយៈពេល ៥ឆ្នាំ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Euro News ។
សេចក្តីប្រកាសរបស់ក្រសួងនេះធ្វើឡើងបន្ទាប់ពីចិនធ្វើការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ក្រោមហេតុផលថា ផលិតផលរបស់សហភាពអឺរ៉ុបធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក។ លើសពីនេះ ទីក្រុងប៉េកាំងក៏បានដាក់ពន្ធប្រឆាំងការលក់ផលិតផលបង្ខូចថ្លៃលើម៉ាកយីហោអឺរ៉ុបផងដែរ ជាពិសេសស្រាកូញាក់ដែលផលិតនៅបារាំង បើទោះបីជាអ្នកផលិតម៉ាកយីហោល្បីៗទទួលការលើកលែងក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចូលផលិតផលទឹកដោះគោពីសហភាពអឺរ៉ុបក៏ត្រូវរងការស៊ើបអង្កេតក្រោមហេតុផលលក់បង្ខូចថ្លៃផងដែរ។
ការស៊ើបអង្កេតលើសាច់ជ្រូកនាំចូលពីសហភាពអឺរ៉ុបត្រូវបានពន្លឿនបន្ទាប់ពីតំបន់អឺរ៉ុបសម្រេចដាក់ពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ថ្វីត្បិតតែសហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើងដល់ជាង ៣០០ ពាន់លានអឺរ៉ូ (៣៥២ លានដុល្លារ) កាលពីឆ្នាំមុន ប៉ុន្តែតំបន់នេះគឺជាអ្នកនាំចេញសាច់ជ្រូកដ៏ធំសម្រាប់ចិន។ យ៉ាងណាមិញ អត្រាពន្ធចុងក្រោយនាពេលថ្មីៗនេះត្រូវបានកាត់បន្ថយថែមទៀតនៅត្រឹមចន្លោះ ៤,៩% ទៅ ១៩,៨% សម្រាប់រយៈពេល៥ឆ្នាំ។ ពន្ធថ្មីនឹងអនុវត្តចំពោះផលិតផលសាច់ជ្រូកគ្រប់ប្រភេទ មិនថាស្រស់ សាច់បង្កក ក្លាសេ ស្ងួត ឬ ប្រហិតនោះឡើយ។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា សហភាពអឺរ៉ុបនាំចេញសាច់ជ្រូកមកប្រទេសចិន ដោយលក់ថោកជាងតម្លៃផលិតកម្ម ឬ តម្លៃទីផ្សារក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសាច់ជ្រូកក្នុងស្រុករបស់ខ្លួន។ អ្នកនាំចេញធំៗដូចជា អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាក រងផលប៉ះពាល់ខ្លាំងជាងគេពីការដំឡើងពន្ធរបស់ចិន។ កាលពីឆ្នាំ២០២០ ការនាំចេញផលិតផលសាច់ជ្រូករបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ ៧,៤ ពាន់លានអឺរ៉ូ (៨,៦ ពាន់លានដុល្លារ) នៅពេលដែលទីក្រុងប៉េកាំងស្វែងរកការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ទាប់ពីជ្រូកក្នុងស្រុកប៉ះពាល់ដោយសារជំងឺជ្រូក ប៉ុន្តែក្រោយមក ចិនក៏បានកាត់បន្ថយការនាំចូល ហើយពង្រឹងឧស្សាហកម្មសាច់ជ្រូករបស់ខ្លូនឡើងវិញ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content