បរទេស ៖ រំលឹកឡើងវិញកាលពីព្រឹត្តិការណ៍ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលរុស្ស៊ីបានបើកប្រតិបត្តិការពិសេសបែបយោធាទៅលើប្រទេសអ៊ុយក្រែន ហើយវាបានអូសបន្លាយក្លាយទៅជាជម្លោះយោធាដោយប្រយោលរវាងមហាយក្សរុស្ស៊ី និងមហាអំណាចលោកខាងលិចដោយមានអ៊ុយក្រែនជាទីលានប្រយុទ្ធនិងសាកកម្លាំងគ្នារវាងសព្វាវុធនៃភាគីទាំងពីរ។
ទោះបីជាមិនសូវទទួលបានការគាំទ្រខ្លាំងនៅគ្រាដំបូងពីសំណាក់ពលរដ្ឋរបស់ខ្លួនក្តី មេដឹកនាំរុស្ស៊ី លោក Vladimir Putin បច្ចុប្បន្នបានបង្ហាញឲ្យគ្រប់គ្នាស្ទើរមិននឹកស្មានដល់នូវអ្វីដែលជាផែនការត្រៀមទុករបស់លោកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងការទប់ស្កាត់ និងកាត់ផ្តាច់សេដ្ឋកិច្ចរបស់រុស្ស៊ីចេញពីទណ្ឌកម្មរបស់លោកខាងលិច ហើយបានបន្តដឹកនាំប្រទេសឲ្យទទួលបាននូវការរីកចម្រើនជាធម្មតា។
លោក Putin ដែលបានឡើងកាន់អំណាចតាំងតែពីឆ្នាំ១៩៩៩កំពុងស្វែងរកជ័យជំនះសាជាថ្មីក្នុងអាណត្តិទី៥របស់លោកជាមួយនឹងស្នាដៃដ៏អស្ចារ្យផ្នែកនយោបាយក្នុងស្រុកគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែងក្នុងពេលនេះលោកបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋក្នុងការបន្តតំណែងជាប្រធានាធិបតីរហូតដល់ទៅ៨០ភាគរយផងបើយោងយោងតាមការស្ទាបស្ទង់មតិដោយមជ្ឈមណ្ឌល Levada Center ជាពិសេសពលរដ្ឋរុស្ស៊ីទៅដល់៧៥ភាគរយបែរជាបានត្រឡប់មកគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Putin ចំពោះប្រតិបត្តិការនៅអ៊ុយក្រែនទៅវិញទោះបីជាពាក់កណ្តាលនៃពលរដ្ឋរុស្ស៊ីកំពុងចង់បានការចរចាដើម្បីសន្តិភាពមួយកើតឡើងសម្រាប់រុស្ស៊ី និងអ៊ុយក្រែន។

គ្រប់គ្នាបានដឹងហើយថា ក្នុងវ័យ៧១ឆ្នាំលោក Putin តែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា សង្គ្រាមនៅអ៊ុយក្រែនគឺជាពេលវេលាដ៏សំខាន់មួយដែលរុស្ស៊ីគឺជាអ្នកចាប់ផ្តើមកសាងពិភពលោកថ្មីជាមួយនឹងសណ្តាប់ធ្នាប់ថ្មី ឬទៅជាប្រព័ន្ធដឹកនាំពិភពលោកបែបពហុប៉ូល ដូច្នេះលទ្ធផលនៃការបោះឆ្នោតរបស់រុស្ស៊ីដែលប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះនឹងក្លាយទៅជាការកំណត់ជោគវាសនាដ៏សំខាន់បំផុតរបស់រុស្ស៊ីផង និងពិភពលោកផង ដើម្បីឆ្ពោះទៅកាន់ពិភពលោកក្នុងសណ្តាប់ធ្នាប់ថ្មី។
យ៉ាងណាក៏ដោយ លទ្ធផលយ៉ាងណាក្នុងការបោះឆ្នោតនេះធ្វើឡើងនៅចំពេលដែលមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់គឺលោក Alexey Navalny កាលពីខែមុនបានបាត់បង់ជីវិតយ៉ាងចម្លែកនៅក្នុងគុក ហើយវាហាក់ដូចជាមិនមានអ្វីគួរឲ្យត្រូវសង្ស័យឡើយថាមេដឹកនាំរុស្ស៊ីបច្ចុប្បន្នអាចនៅតែបន្តជ័យជំនះរបស់លោកបានយ់ាងរលូននៅអាណត្តិនេះ។
យោងតាមការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈ រុស្ស៊ី (VTSIOM)កាលពីដើមសប្តាហ៍កន្លងមកនេះគេមើលឃើញថា ការស្ទាបស្ទង់មតិភាគច្រើនលោក Putin ទំនងជាឈ្នះ ៨២ភាគរយនៃការបោះឆ្នោត ហើយគូប្រជែងផ្សេងៗរបស់គាត់ដូចជាបេក្ខជនមកពីគណបក្សកុម្មុយនិស្ត Nikolay Kharitonov និង Vladislav Davankov នៃគណបក្ស New People ជាដើមនឹងអាចទទួលបានត្រឹមការគាំទ្រ៦ភាគរយម្នាក់ប៉ុណ្ណោះ ហើយលោក Leonid Slutsky មកពីគណបក្សប្រជាធិបតេយ្យសេរី អាចទទួលបាន៥ភាគរយ។
ពាក់ព័ន្ធទៅនឹងផែនការដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលគ្រប់គ្រងដោយពហុប៉ូលនោះកាលពីចុងឆ្នាំ២០២៣កន្លងក្នុងព្រឹត្តិការណ៍ប្រជុំសភាមួយនៅវិមានក្រមឡាំង
15th World Russian People’s Congress លោក Putin បានពោលបែបនេះថា៖ សង្គ្រាមនៅអ៊ុយក្រែនមិនមែនដើម្បីតែរុស្ស៊ីនោះទេ ប៉ុន្តែដើម្បីរំដោះយកសេរីភាពជូនពិភពលោកឡើងវិញ ហើយសង្គ្រាមនៅអ៊ុយក្រែនគឺជាសង្គ្រាមបែប Proxy ដែលបានរៀបចំឡើងដោយបណ្តាប្រទេសលោកខាងលិចដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក្តី វាកំពុងរុញច្រានរុស្ស៊ីឲ្យក្លាយទៅជាអ្នកដឹកនាំមួយដ៏សំខាន់ដែលគេហៅថា ប៉ែកខាង Global South ដែលក្នុងនោះមានទាំងអាហ្វ្រិក អាមេរិកឡាទីនការ៉ាប៊ីន និងអាស៊ីផងដែរ។
ដូច្នេះហើយ បើមិនមានអ្វីប្រែប្រួលទេនោះ នៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៥ ទៅដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នោះទេ លោក Putin នឹងអាចបន្តតំណែង
ជាមេដឹកនាំមហាអំណាចរុស្ស៊ី ហើយផែនការឆ្ពោះទៅកាន់ពិភពលោកក្នុងសណ្តាប់ធ្នាប់ថ្មីដែលមានរុស្ស៊ីជាអ្នកដឹកនាំនោះ ក៏នឹងមិនមានអ្វីប្រែប្រួលឡើយ។ ប៉ុន្តែយើងក៏គួរបន្តរង់ចាំមើលថា តើរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដែលជាមេដឹកនាំនៃពិភពលោកឯកប៉ូលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ នឹងមានចំណាត់ការយ៉ាងណាជាបន្តទៀតក្រោយពេលដែលអាចជ្រើសបានមេដឹកនាំថ្មីរបស់ខ្លួនសម្រាប់ការបោះឆ្នោតសកលនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ដែរ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content