ភ្នំពេញ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិដោយទទួលបានចំណូលជាង ៣១១លានដុល្លារអាម៉េរិក ដែលចំនួននេះមានការកើនឡើងជាង ៥១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលមានចំនួនត្រឹម ២០៥.០៦លានដុល្លារ។។

បើតាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញកង់ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួន ជាង ៣១១.០៩លានដុល្លារ ដោយទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន៖ អាម៉េរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ អូទ្រីស ស៊ុយអែត អេស្ប៉ាញ ស្លូវេនីដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី និងកាណាដា ខណៈកម្ពុជា នាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាម៉េរិកជាដើម។

សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាមសម្រាប់យកមកផលិតនៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ ការអនុញ្ញាតនេះធ្វើឱ្យទីផ្សារនាំចេញកង់កម្ពុជាកាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែអាចស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។
មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ធ្លាប់បានលើកឡើងថា ឧស្សាហកម្មផលិតកង់ គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសនៅសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានត្រូវបានអនុវត្ត ខណៈដែលតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។
ឯកឧត្តម ហេង សុខគង់ បានឱ្យដឹងថា ៖ ឧស្សាហកម្មផលិតកង់ គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដោយសារតែកង់ផលិតក្នុងប្រទេសកម្ពុជាមានប្រជាប្រិយភាព និងមានតម្លៃសមរម្យ។

សូមជ្រាបថា នៅមុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិន តៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែចាប់ពីឆ្នាំ២០២០មក គឺកម្ពុជាបានក្លាយជាប្រទេសទី១នៃប្រទេសអាស៊ាន ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ មាន១១% ។

បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន ៥ សម្រាប់ការនាំចេញស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ទី១-ក្រុមហ៊ុន Evergrand Bicycle (Cambodia); ទី២-ក្រុមហ៊ុន Speedtech Industrial Co Ltd; ទី៣-ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd; ទី៤-ក្រុមហ៊ុន A and J (Cambodia) Co Ltd; និង ទី៥-ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content