ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្នុងពេលប្រទេសមានការរីកចម្រើន វិស័យចំនួន ៣ សំខាន់ៗ ដែលនឹងមានការចំណាយកាន់តែច្រើនឡើង ដោយក្នុងនោះរួមមាន វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យសង្គមកិច្ច។
សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មានបានមានប្រសាសន៍ថា វិស័យសំខាន់ៗទាំង៣ដែលនឹងគ្រោងចំណាយកាន់តែខ្ពស់នៅពេលប្រទេសមានការរីកចម្រើនកាន់តែខ្លាំង ក្នុងនោះមានវិស័យសុខាភិបាល វិស័យសង្គមកិច្ចនិងវិស័យអប់រំ។
យ៉ាងណាក្ដី សម្ដេចតេជោក៏បានលើកឡើងផងដែរថា ៖
“ចាប់ពីពេលនេះតទៅវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យទទួលបានអាទិភាពខ្ពស់ជាងគេ ។ ក្រសួងនានាត្រូវបានឱ្យកាត់បន្ថយការជ្រើសរើសបុគ្គលិកតិចបំផុតតាមតែអាចធ្វើទៅបាន ។ ឧទាហរណ៍ថា ចូលនិវត្តន៍៥នាក់ឱ្យរើសថ្មីតែ ២ ឬ ៣នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិស័យសុខាភិបាល និងអប់រំនៅបន្តរើសច្រើនដដែល”
សម្ដេចបានគូសបញ្ជាក់ថា ៖
“កាលពីឆ្នាំមុនបានអនុញ្ញាតឱ្យក្រសួងសុខាភិបាលរើសគ្រូពេទ្យថ្មីៗចំនួន៣០០នាក់បន្ថែម និងអនុញ្ញាតឱ្យរើសបុគ្គលិកផ្នែកផ្សេងទៀត ដូចជា អ្នកបោសសម្អាត អ្នកបើកបររថយន្ត និងផ្នែកផ្សេងទៀត ពីព្រោះថាយើងមិនអាចយកគ្រូពេទ្យផ្នែកវះកាត់ទៅធ្វើជាអ្នកបើកឡាន ទៅធ្វើការផ្នែកអនាម័យ ឬទៅបម្រើការផ្នែកអគ្គិសនីក្នុងមន្ទីរពេទ្យនោះបានទេ ។ បន្តបន្ទាប់ទៅទៀត ក្រសួងសុខាភិបាលក៏គួរតែពិភាក្សាជាមួយមន្ទីរពេទ្យនានា ដើម្បីឱ្យដឹងថា តើមន្ទីរពេទ្យត្រូវការគ្រូពេទ្យផ្នែកណាខ្លះដែលខ្វះខាត និងត្រូវការពេទ្យប៉ុន្មានបន្ថែម”
សម្ដេចបញ្ជាក់បន្ថែមថា សង្គមដែលមានការជឿនលឿន តម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច និងសុខាភិបាលនឹងមានកំណើនឡើង ហើយបើកាលណាវិស័យទាំងនេះកើនឡើងគឺវាល្អទៅវិញទេសម្រាប់ប្រទេសមួយ ហើយវាក៏ជាបញ្ហាដែលទាក់ទងនឹងការវិនិយោគ ដោយមនុស្សនឹងត្រូវការការពារជីវិតមនុស្ស ។ សម្រាប់ថវិកាឆ្នាំ២០២៣គឺ ជាថវិកាសម្រាប់បម្រើឱ្យមនុស្សតែម្ដង ៕