ឥណ្ឌូនេស៊ី បើទោះបីជាមិនសូវមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិដូចទៅនឹងមហាអំណាចអាមេរិក ចិន រុស្ស៊ី និងអឺរ៉ុបក្តី ប៉ុន្តែក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី៤លើសកលលោកផង និងកំណើនសេដ្ឋកិច្ចរឹងម៉ាំយ៉ាងឆាប់រហ័សផងនោះ អ្នកជំនាញជាច្រើនបានព្យាករណ៍ថា ឥណ្ឌូនេស៊ី កំពុងដើរលើវិថីមួយដែលអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចរបស់សកលលោកជាមិនខានក្នុងពេលអនាគត។

ធនាគារអភិវឌ្ឍអាស៊ី ឬ ADB ដែលទើបតែបានធ្វើការស្រាវជ្រាវទិន្នន័យសេដ្ឋកិច្ចនាពេលកន្លងមកបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ខណៈដែលពិភពលោកកំពុងជួបវិបត្តិនោះថា នឹងមានកំណើនដល់ទៅ៥ភាគរយនៅក្នុងឆ្នាំ២០២២នេះ ហើយមានប្រមាណជា៥,២ភាគរយនៅក្នុងឆ្នាំ២០២៣។

ឥណ្ឌុនេស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេទទួលស្គាល់រួចមកហើយថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយលើសពីនេះក៏ជាទឹកដីដែលសំបូរទៅដោយធនធានធម្មជាតិដ៏មានតម្លៃច្រើនប្រភេទបូករួមទាំងវត្ថុធាតុដើមសំខាន់ៗសម្រាប់ទីផ្សារនាពេលអនាគត រួមជាមួយនឹងវប្បធម៌នៃការរស់នៅចម្រុះ ហើយពលរដ្ឋវ័យក្មេងក៏មានចំណែកច្រើននៅក្នុងចំណោមពលរដ្ឋទូទៅបានធ្វើឲ្យប្រទេសមានឱកាសយ៉ាងធំធេងក្នុងការទទួលស្វាគមន៍ក្រុមអ្នកវិនិយោគ និងការបង្កើតផលិតកម្មក្នុងស្រុកបានដោយខ្លួនឯងយ៉ាងងាយស្រួល។
តើក្តីសុបិនរបស់ឥណ្ឌូនេស៊ីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ជាមួយនឹងមហាយក្សផ្សេងទៀតអាចទៅរួចឬទេ?
ជាទូទៅ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលពឹកផ្អែកលើសេដ្ឋកិច្ចទីផ្សារជាមូលដ្ឋានគ្រឹះដែលមានន័យថាតម្លៃទំនិញគឺអាស្រ័យទៅលើតម្រូវការនិងការផ្គត់ផ្គង់ដែលមិនមានការចូលរួមពាក់ព័ន្ធខ្លាំងពីអជ្ញាធរឡើយ។ ទោះបីជាមិនសូវមានភាពលេចធ្លោនៅក្នុងសហគមន៍អន្តរជាតិក្តី ប៉ុន្តែជាយូរមកហើយ ឥណ្ឌូនេស៊ី ក៏ជាអ្នកផ្គត់ផ្គង់ហ្គាស និងប្រេងឆៅដ៏សំខាន់មួយនៅក្នុងទីផ្សារអន្តរជាតិផងដែរ ហើយក្រៅពីនោះក៏មានមុខទំនិញសំខាន់ៗផ្សេងទៀតដូចជា តែ កាហ្វេ កាកាវ បារី ប្រេងដូង និងប្រេងឆាផងដែរ។
យោងតាមរបាយការណ៍ដែលចេញដោយធនាគារ ADB សម្រាប់ឆ្នាំ២០២២បានបង្ហាញថា ការចំណាយរបស់ពលរដ្ឋព្រមទាំងសកម្មភាពផលិតកម្មនៅតែបន្តមានការកើនឡើងយ៉ាងខ្លាំងទោះបីជាស្ថិតនៅក្នុងដំណាក់កាលងើបឡើងពីវិបត្តិកូវីដក្តី ព្រោះអត្រាពលរដ្ឋទទួលបានការងារមានច្រើន រួមនឹងការទទួលបានទំនុកចិត្តខ្ពស់ដែលធ្វើឲ្យការវិនិយោគបានហូរចូលក្នុងប្រទេសជាប់ជានិច្ច។
ក្នុងពេលជាមួយគ្នានេះដែរ អតិផរណាបានបង្ហាញយ៉ាងច្បាស់អំពីភាពរឹងម៉ាំនៃកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។ កាលពីឆ្នាំកន្លងទៅ អតិផរណាដែលឥណ្ឌូនេស៊ីទទួលបានមានត្រឹមតែ១,៦ភាគរយប៉ុណ្ណោះ ហើយវាអាចនឹងកើនឡើងដល់៣,៦ភាគរយនៅក្នុងឆ្នាំ២០២២នេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាស្ថិតនៅក្នុងការព្យាករណ៍ទុកជាមុន និងស្ថិតក្រោមការគ្រប់គ្រងបានដោយធនាគារជាតិរបស់ឥណ្ឌូនេស៊ីនៅឡើយ ហើយគេជឿជាក់ថាអត្រាអតិផរណានឹងចុះមកត្រឹមតែ៣ភាគរយប៉ុណ្ណោះគិតដល់ដំណាច់ឆ្នាំនេះ។
បច្ចុប្បន្ននេះ លទ្ធភាពដើម្បីឲ្យឥណ្ឌូនេស៊ីក្លាយជាមហាអំណាចនោះគឺពិតជាមានខ្ពស់ណាស់ ពីព្រោះថាមានអ្នកជំនាញសេដ្ឋកិច្ចល្បីៗបានធ្វើការអះអាងស្រដៀងគ្នានេះ ហើយក្នុងនោះការព្យាករណ៍ដោយ WamamuStats និងការព្យាករណ៍ដោយអង្គការប្រឹក្សាសេវាកម្មសកលឬ PWC បានបង្ហាញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងកើនឡើងពីលេខរៀងទី៨របស់ពិភពលោកនៅក្នុងឆ្នាំ២០១៦ទៅដល់លេខរៀងទី៤នៅត្រឹមឆ្នាំ២០៥០ប៉ុណ្ណោះ។
IMF ក៏មានការចូលរួមស្រដៀងគ្នានេះផងដែរ និងមានជំនឿយ៉ាងមុតម៉ាំចំពោះសេដ្ឋកិច្ចឥណ្ឌូនេស៊ី។ IMF ធ្លាប់សរសេរបែបនេះថា នៅក្នុងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីកន្លងមក ឥណ្ឌូនេស៊ី បានផ្លាស់ប្តូរយ៉ាងខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ច ដែលវាបានអំណោយផលយ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មរបស់ខ្លួន។ នៅមានកត្តាសំខាន់ៗផ្សេងទៀតដែលសុទ្ធតែជាចំណុចខ្លាំងរបស់ឥណ្ឌូនេស៊ីមិនអាចប្រកែកបានចំពោះមុខដំណើរនៃការឆ្ពោះទៅមុខក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ និងក៏ដូចជាសកលលោកផងដែរ ជាពិសេសការសម្របខ្លួនទៅតាមទីផ្សារសកលនាពេលអនាគតដូចជាការកែប្រែខ្លួនទៅជារោងចក្ររបស់ពិភពលោកសម្រាប់ផលិតផលសំខាន់ៗរបស់សកលោក ដូចជា រថយន្តអគ្គិសនី ថ្មសម្រាប់រថយន្តអគ្គិសនី ក៏ដូចជារោងចក្រផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content