បរទេស៖ យោងតាមប្រភពព័ត៌មានពី Kyodo News បានរាយការណ៍ថា អតិផរណាស្នូលរបស់ជប៉ុនបានធ្លាក់ចុះមកត្រឹម ២ ភាគរយនៅក្នុងខែមករា ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ។
កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អតិផរណាបានធ្លាក់ចុះយឺតជាងការរំពឹងទុក ខណៈដែលអ្នកបង្កើតគោលនយោបាយកំពុងបង្កើនទំនុកចិត្តអំពីការកើនឡើងតម្លៃ ដែលជំរុញដោយកំណើននៃប្រាក់ឈ្នួល។ លើសពីនេះ ផលប៉ះពាល់នៃការចំណាយលើការនាំចូលកាន់តែច្រើន ដែលផ្នែកខ្លះបណ្តាលមកពីការចុះខ្សោយនៃប្រាក់យ៉េន បានធ្វើឲ្យអតិផរណាធ្លាក់ចុះយឺត។ ទន្ទឹមនឹងនេះ ការធ្លាក់ចុះត្រឹម ២ ភាគរយ គឺជាការធ្លាក់ចុះក្រោមគោលដៅរបស់ធនាគារកណ្តាលជប៉ុនជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។
អ្នកវិភាគបាននិយាយថា លទ្ធផលនេះត្រូវបានរំពឹងថានឹងរក្សាការរំពឹងទុករបស់ទីផ្សារដែលសង្ឃឹមថា ធនាគារកណ្តាលជប៉ុននឹងបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនភ្លាមៗនៅខែមីនា ឬខែមេសា ប្រសិនបើវាត្រូវបានបញ្ជាក់ថានិន្នាការកើនឡើងនៃកំណើនប្រាក់ឈ្នួលនៅតែមាន។
កាលពីសប្តាហ៍មុន លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុនបាននិយាយថា អតិផរណាកំពុងចាប់ផ្តើមកើនឡើងជាមួយនឹងការឡើងថ្លៃបានរីករាលដាលបន្ថែមទៀតដល់សេវាកម្ម និងទំនិញ។ ប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអតិផរណា ដែលមិនមែនបរិត្តផរណាទេ។ បន្ថែមពីនេះ សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ (CPI) ដែលមិនរាប់បញ្ចូលទាំងអាហារស្រស់ និងថាមពលត្រូវបានឆ្លុះបញ្ចាំងពីនិន្នាការតម្លៃមូលដ្ឋានបានឡើងថ្លៃ ៣,៥ ភាគរយកាលពីខែមុនបើធៀបនឹងឆ្នាំមុន។
Saisuke Sakai សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Mizuho Research & Technologies Ltd បាននិយាយថា អតិផរណាបានធ្លាក់ចុះដោយសារតែតម្លៃនាំចូលបានធ្លាក់ចុះ ប៉ុន្តែសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានរំពឹងថានឹងនៅតែលើសពី ២ ភាគរយនៅឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលជប៉ុនត្រូវបានរំពឹងថានឹងបញ្ចប់អត្រាការប្រាក់អវិជ្ជមាននៅពេលដែលការសម្រេចបាននូវគោលដៅ ២ ភាគរយរបស់ខ្លួន ប៉ុន្តែការដំឡើងអត្រាការប្រាក់បន្ថែមទៀតនឹងមិនត្រូវបានអនុវត្តទេ លុះត្រាតែការប្រើប្រាស់ឯកជនកើនឡើងដែលគាំទ្រដោយកំណើនប្រាក់ឈ្នួលពិតប្រាកដ។
ការធ្លាក់ចុះ ១២,១ ភាគរយនៃតម្លៃថាមពលគឺជាការអូសទាញដ៏សំខាន់មួយនៅលើសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ CPI ចាប់តាំងពីរដ្ឋាភិបាលកាត់បន្ថយថ្លៃទឺក-ភ្លើង ជាមួយនឹងការឧបត្ថម្ភធនលើអ្នកបោះដុំប្រេង។ ទោះបីជាល្បឿននៃកំណើនធ្លាក់ចុះបន្ថែមទៀតក៏ដោយ តម្លៃម្ហូបអាហារបានកើនឡើង ៥,៩ ភាគរយ និងថ្លៃស្នាក់នៅបានកើនឡើង ២៦,៩ ភាគរយ ដែលត្រូវបានជំរុញដោយស្នាក់នៅរបស់ទេសចរណ៍ក្នុងស្រុក ដែលបានកើនឡើង ៦២,៩ ភាគរយបន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩។ លើសពីនេះ តម្លៃសេវាកម្មបានកើនឡើង ២,២ ភាគរយ ច្រើនជាងតម្លៃទំនិញដែលកើនឡើង ២,១ ភាគរយ។
ស្របពេលនេះដែរ អ្នកសេដ្ឋកិច្ចកំពុងតាមដានមើលលើតម្លៃនៅក្នុងវិស័យសេវាកម្ម ដើម្បីមើលថា តើតម្លៃពលកម្មអាចកើនឡើងចំពេលលក្ខខណ្ឌទីផ្សារការងារតឹងតែងដែរ ឬទេ? ពួកគេរំពឹងថា លទ្ធផលនៃកិច្ចពិភាក្សា Shunto នៅឆ្នាំនេះនឹងគាំទ្រដល់ការដំឡើងប្រាក់ខែជាមធ្យម ៤ ភាគរយ ឬ ខ្ពស់ជាងនេះ។ កាលពីឆ្នាំមុន ក្រុមហ៊ុនជប៉ុនបានយល់ព្រមដំឡើងប្រាក់ឈ្នួលជាមធ្យម ៣,៦ ភាគរយក្នុងអំឡុងពេលការចរចារស្តីពីការគ្រប់គ្រង និងពលកម្ម៕